ក្រសួងទេសចរណ៍ កម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ក្រសួងទេសចរណ៍ បានធ្វើការបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅទេសចរណ៍ មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

យោងតាមសេចក្តីបំភ្លឺឆ្លើយតប ចំពោះការណែនាំពាក់ព័ន្ធ នឹងការធ្វើដំណើរមកកម្ពុជា ដោយស្ថានតំណាងបរទេសមួយចំនួន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ ចំពោះការចែករំលែកព័ត៌មានស្តីពី ការណែនាំការធ្វើដំណើរមកកម្ពុជា និងការបង្ហាញផែនទីដែលបានផ្សព្វផ្សាយថ្មីៗនេះ ដោយបណ្តាស្ថានទូតប្រទេស ជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះក្រសួងទេសចរណ៍ ធ្វើការបកស្រាយថា ពាក់ព័ន្ធនឹងព័ត៌មាន និងការបង្ហាញផែនទីផ្សព្វផ្សាយ នាពេលកន្លងមក អាចបង្កឱ្យមានការភាន់ច្រឡំ​ ក្នុងចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាព ទូទៅនៃសុវត្ថិភាពទេសចរនៅកម្ពុជា ដោយការប្រុងប្រយ័ត្នខ្ពស់ ដែលបានលើកឡើង គឺមានលក្ខណៈកំណត់ នៅតាមតំបន់ព្រំដែនខ្លះៗប៉ុណ្ណោះ ប៉ុន្តែមិនអាចទាញជាការសន្និដ្ឋាន អំពីកត្តាសុខសុវត្ថិភាពទូទៅនៅទូទាំង ព្រះរាជាណាចក្រកម្ពុជាបានទេ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅទេសចរណ៍ មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទេសចរណ៍សំខាន់ៗ ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ផ្សេងៗទៀត នៅតែបន្តបើកដំណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោមការធានាសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់​​​ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

បន្ថែមលើនេះ ក្រសួងទេសចរណ៍ អះអាងថា ក្រសួងតែងតែបើកចំហរ ក្នុងកិច្ចសហប្រតិបត្តិការ និងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងទេសចរណ៍ និងសភាពការណ៍ពិត ដើម្បីធានាបានថា ព័ត៌មានដែលបានផ្សព្វផ្សាយ មានភាពត្រឹមត្រូវ តុល្យភាព និងគាំទ្រដល់ ការសម្រេចចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ អំពីគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានធ្វើការអំពាវនាវដល់សាធារណជន អង្គទូត បរទេសប្រចាំកម្ពុជា អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាបនិងចូលរួមផ្សព្វផ្សាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

Daily Program

Livesteam thumbnail