កម្ពុជាហាមឃាត់ការលេងល្បែង និងការភ្នាល់តាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការហាមឃាត់យ៉ាងម៉ឺងម៉ាត់ចំពោះរាល់ទម្រង់នៃល្បែងស៊ីសង និងការភ្នាល់តាមប្រព័ន្ធអនឡាញ ទាំងនៅក្នុង និងក្រៅបរិវេណកាស៊ីណូ នៅទូទាំងប្រទេស។
យោងតាមអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការចម្រុះដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (គ.ប.ឆ.) បានឱ្យដឹងថា កាស៊ីណូចំនួន ២៤ នៅក្នុងខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង បានបញ្ឈប់រាល់ប្រតិបត្តិការល្បែងស៊ីសង និងការភ្នាល់តាមប្រព័ន្ធអនឡាញ បន្ទាប់ពីឱសានវាទបានផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ផ្អែកតាមរបាយការណ៍អធិការកិច្ចរបស់មន្ត្រីអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋាន សហការជាមួយគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានឱ្យដឹងថា កាស៊ីណូចំនួន ១២ នៅខេត្តព្រះសីហនុ ៧ នៅខេត្តបន្ទាយមានជ័យ និង ៥ នៅខេត្តស្វាយរៀង បានបញ្ឈប់សកម្មភាពល្បែងស៊ីសង និងការភ្នាល់តាមប្រព័ន្ធអនឡាញរបស់ខ្លួនហើយ។
សកម្មភាពដែលត្រូវបានបញ្ឈប់ទាំងនោះ រួមមាន៖ ការផ្សាយផ្ទាល់ល្បែងស៊ីសង (Live-streaming) ការភ្នាល់បាល់ទាត់តាមអនឡាញ ប្រតិបត្តិការឆ្នោតតាមអនឡាញ និងការភ្នាល់ជល់មាន់តាមអនឡាញ។ លើសពីនេះ ឧបករណ៍ និងសម្ភារដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការល្បែងអនឡាញ ក៏ត្រូវបានរុះរើ និងយកចេញពីទីតាំងទាំងនោះផងដែរ។
អាជ្ញាធរមានសមត្ថកិច្ចនឹងបន្តដានដានយ៉ាងយកចិត្តទុកដាក់លើទីតាំងទាំងនេះ ក៏ដូចជាតំបន់ផ្សេងទៀតនៅទូទាំងប្រទេស។ រាល់ការល្មើសនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ដោយគ្មានការលើកលែង ឬយោគយល់ឡើយ ក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
អគ្គលេខាធិការដ្ឋាន បានគូសបញ្ជាក់ថា ចាប់ពីផុតឱសានវាទថ្ងៃទី៣០ ខែកញ្ញា តទៅ រាល់ទម្រង់នៃល្បែងស៊ីសង និងការភ្នាល់តាមប្រព័ន្ធអនឡាញ មិនថាកើតឡើងនៅក្នុង ឬក្រៅបរិវេណកាស៊ីណូនោះទេ គឺត្រូវបានហាមឃាត់យ៉ាងម៉ឺងម៉ាត់។
អគ្គលេខាធិការដ្ឋាន ក៏បានរាយការណ៍ផងដែរថា ក្រោមការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ខ្លួនបានបង្ក្រាប និងលុបបំបាត់ទីតាំងសង្ស័យថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានជាង ៦០០ ទីតាំងនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋាន បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ គ.ល.ក. ដើម្បីស៊ើបអង្កេត និងតាមដានកាស៊ីណូដែលសង្ស័យថាលួចលាក់ប្រព្រឹត្ត ឬផ្តល់ទីតាំងសម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាបណ្ណកាស៊ីណូចំនួន ១៨ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញត្រូវបានលុបចោល ខណៈអាជ្ញាបណ្ណកាស៊ីណូចំនួន ៩ ផ្សេងទៀតត្រូវបានព្យួរជាបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម និងប្រមូលភស្តុតាង មុននឹងធ្វើការសម្រេចចិត្តលើការលុបអាជ្ញាបណ្ណ។
ចំពោះកាស៊ីណូដែលត្រូវ បានលុបចោល ឬព្យួរអាជ្ញាបណ្ណ អគ្គលេខាធិការដ្ឋានបន្តសហការជាមួយ គ.ល.ក. នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងសាលាដំបូងខេត្ត អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដើម្បីអនុវត្តវិធានការដកហូត ហាមឃាត់ និងរឹបអូសទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង និង/ឬភាគទុនិកនៃក្រុមហ៊ុនកាស៊ីណូដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អគ្គលេខាធិការដ្ឋាន គ.ប.ឆ. ក៏បានបញ្ជាក់ជាថ្មីអំពីការបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការ និងការទទួលព័ត៌មាន របាយការណ៍ និងសំណូមពរពីសាធារណជន ជាពិសេសដៃគូ និងអង្គការអន្តរជាតិ ដើមបីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងករណីទទួលបានព័ត៌មាន ឬតម្រុយពាក់ព័ន្ធនឹងទីតាំងសង្ស័យ ជាពិសេសកាស៊ីណូដែលរងការចោទប្រកាន់ថាបានប្រព្រឹត្ត ឬផ្តល់ទីតាំងសម្រាប់សកម្មភាពឆបោកតាមអនឡាញ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេត និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។
