អ្វីជាស្ថានជីវចម្រុះ ហើយអភិរក្សវាយ៉ាងដូចម្តេច?
អង្កការសហប្រជាជាតិ និងដៃគូនានានៅលើពិភពលោក បានពិនិត្យការបាត់បង់ដ៏សម្បើមនៃពូជសត្វ និងរុក្ខជាតិ និងស្វែងរកមធ្យោបាយដើម្បីបញ្ចៀសការផុតពូជថ្មី។
ក្នុងភាសាសាមញ្ញ ស្ថានជីវចម្រុះកំណត់គ្រប់ប្រភេទនៃជីវិតនៅលើផែនដី។ កិច្ចព្រមព្រៀងនៃអង្គការសហប្រជាជាតិអំពីស្ថានជីវចម្រុះជីវសាស្រ្ត ពិព៌នាថាវាជាស្ថានជីវិតចម្រុះនៅក្នុងចំណោមពូជសត្វ រវាងពូជនានា និងប្រព័ន្ធបរិស្ថាន រួមបញ្ចូល រុក្ខជាតិ សត្វ បាតេរី និងផ្សិត។ ភាវរស់កម្រិតទាំងបីនេះ ធ្វើការជាមួយគ្នា ដើម្បីបង្កើតជាជីវិតនៅលើផែនដីនៅក្នុងគ្រប់ភាពស្មុគស្មាញរបស់វា។
ស្ថានជីវចម្រុះនៃពូជភាវរស់រក្សាតុល្យភាពនៃប្រព័ន្ធធម្មជាតិពិភពលោក ដែលផ្តល់គ្រប់អ្វីៗ ដែលយើងជាមនុស្ស ត្រូវការដើម្បីររស់រានមានជីវិត មានជាអាទិ៍ចំណីអាហារ ទឹកស្អាត ថ្នាំសង្កូវ និងសម្ភារៈសម្រាប់សាងសង់ជម្រកជាដើម។
សព្វថ្ងៃនេះ ច្រើនជាងពាក់កណ្តាលនៃ GDP ពិភពលោក អាស្រ័យយ៉ាងខ្លាំងលើធម្មជាតិ។ មនុស្សច្រើនជាង ១ពាន់លាននាក់ រស់នៅអាស្រ័យយ៉ាងខ្លាំងលើព្រៃឈើដើម្បីចិញ្ចឹមជីវភាព។
ស្ថានជីវចម្រុះក៏ជាខែលការពារធម្មជាតិរបស់យើងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រព័ន្ធបរិស្ថានផែនដី និងសមុទ្រ ធ្វើប្រតិកម្មដូចជាអាងស្តុកនៃកាបូន ដែលវាបានស្រូបយកជាងពាក់កណ្តាលនៃការបំភាយកាបូន ដែលបង្កឡើងដោយមនុស្ស។
គំនិតផ្តួចផ្តើមដ៏ធំដំបូងប្រចាំឆ្នាំដែលសំដៅអនុវត្តផែនការដ៏មុតស្រួចរបស់អង្គការសហប្រជាជាតិដើម្បីការពារស្ថានជីវចម្រុះ កើតមានឡើងនៅក្នុងសន្និសីទមួយនៅរដ្ឋធានី ប៊ែន ប្រទេសស្វីស ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា។
មានវត្តមាននៅក្នុងសន្និសីទនេះ លោកស្រី ប៉ាទ្រីស្យា កាម៉ឺរី អេមបូត នាយិកាផ្នែកយុត្តិធម៌នៃកម្មវិធីរបស់អង្គការសហប្រជាជាតិសម្រាប់បរិស្ថាន បានព្រមានថា ការខ្វះខាតកិច្ចសម្របសម្រួលរវាងអង្គការផ្សេងៗ ដែលព្យាយមអភិរក្សស្ថានជីវចម្រុះ គឺជាការប្រឈមដែលគួរឲ្យរិះគន់។ ហើយវាត្រូវតែបំបាត់ឲ្យបានជាបន្ទាន់ នៅខណៈដែលយើងប្រឹងប្រែងឈានទៅរកពិភពលោកដែលរស់នៅដោយមានសុខដុមរមនីយកម្មជាមួយធម្មជាតិ ពីពេលនេះរហូតដល់ឆ្នាំ២០៥០។
គោលដៅមួយក្នុងចំណោមគោលដៅសំខាន់នៃសន្នីសីទ នឹងដោះស្រាយបញ្ហានេះដោយប្រមូលផ្តុំគំនិតផ្តួចផ្តើមផ្សេងៗ និងដាក់វាឲ្យដំណើរការនៅពាសពេញពិភពលោក។
ឆ្នាំក្រោយ មហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន ដែលត្រូវបានគេស្គាល់នៅក្នុងឈ្មោះ សភាពិភពលោកនៃបរិស្ថាន នឹងជួបប្រជុំនៅការិយាល័យអង្គការសហប្រជាជាតិនៅណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំរដ្ឋាភិបាលនានា ក្រុមអង្គការសង្គមស៊ីវិល សហគមន៍អ្នកវិទ្យាសាស្រ្ត និងវិស័យឯកជនដើម្បីផ្តល់ពន្លឺសម្រាប់បញ្ហាបរិស្ថានដែលបន្ទាន់ជាទីបំផុត និងធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចពិភពលោកនៃបរិស្ថាន។ សមាជអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន នឹងផ្តោចលើការប្រែប្រួលអាកាសធាតុ ការបាត់បង់ស្ថានជីវចម្រុះ និងការបំពុល។
ប៉ុន្តែព្រឹត្តិការណ៍ដែលរឹតតែសំខាន់ នឹងជាសន្និសីទនៃអង្គការសហប្រជាតិអំពីស្ថានជីវចម្រុះ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅប្រទេសកូឡំប៊ីនៅខែតុលា ខាងមុខ។ ប្រតិភូចូលរួម នឹងពិភាក្សាអំពីរបៀបស្តារដី និងសមុទ្រ ដោយធ្វើគ្រប់អ្វីៗ គឺការពារផែនដី និងគោរពសិទ្ធរបស់សហគមន៍ក្នុងតំបន់នានាផងដែរ។