រញ្ជួយដីនៅជប៉ុន ៖ យ៉ាងហោចណាស់មនុស្ស ៩៤នាក់ស្លាប់ និង២២២ បាត់ខ្លួន
សេចក្តីសង្ឃឹមស្វែងរកឃើញអ្នករស់រានមានជីវិត បានថយចុះយ៉ាងឆាប់រហ័សបន្ទាប់ពីរយៈពេល ៧២ម៉ោង ដែលត្រូវបានចាត់ទុកជារយៈពេលមានសារៈសំខាន់ដើម្បីសង្រ្គោះជីវិតបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ។
មនុស្សប្រមាណ ២២២នាក់ ស្ថិតនៅបាត់ខ្លួនតាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងផ្នែកកណ្តាលនៃប្រទេសជប៉ុន ដែលជាកន្លែងដែលអ្នកជួយសង្រ្គោះជានិច្ចកាលព្យាយាមស្វែងរកអ្នករស់រានមានជីវិត ៤ថ្ងៃ បន្ទាប់ពីការរំញ្ជួយដីដ៏មានកម្លាំងខ្លាំង នៃចូលឆ្នាំថ្មី ឆ្នាំសកល ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៩៤នាក់ស្លាប់ និង ៤៦០នាក់រងរបួស។
ស្ត្រីចំណាស់ពីរនាក់ ត្រូវបានគេយកចេញពីគំនរបាក់បែកនៅរស់នៅឡើយ។ ប៉ុន្តែសេចក្តីសង្ឃឹមនៃការរកឃើញអ្នកនៅរស់ដទៃទៀត ថយចុះយ៉ាងឆាប់រហ័សនៅក្នុងទីក្រុង បន្ទាប់ពីរយៈពេល ៧២ម៉ោង។ នេះជារយៈពេលដែលគេចាត់ទុកថា វាមានសារៈសំខាន់ជាអាយុជីវិតដើម្បីសង្រ្គោះមនុស្សបន្ទាប់ពីមហន្តរាយធម្មជាតិ។ លក្ខខណ្ឌឧតុនិយម ខែរងា ការធ្លាក់ព្រិលដែលគេរំពឹងទុកកាលពីចុងសប្តាហ័ នឹងធ្វើឲ្យការរុករកអ្នករស់រានមានជីវិតកាន់តែស្មុគស្មាញ។
យោងតាមតួលេខថ្មីកាលចុងសប្តាហ៍ដែលផ្សព្វផ្សាយដោយអាជ្ញាធរតំបនអ៊ីស្ហ៊ីកាវ៉ា ដែលស្ថិតនៅឧបទ្វីបណូតូ ដែលរងការវាយប្រហារដោយការរញ្ជួយដី បានឲ្យដឹងថា មហន្តរាយបានធ្វើឲ្យមនុស្ស ៩៤នាក់ ស្លាប់រួចហើយ និង២២២នាក់ កំពុងបាត់ខ្លួន។ នៅពេលព្រឹក អាជ្ញាធរនេះ ក៏បានប្រកាសថា អ្នកបាត់ខ្លួន មាន ២៤២នាក់។
ការរញ្ជួយដី ដែលមានរង្វាស់ ៧,៥ តាមរង្វាស់ រិចទ័រ បានកើតមាននៅម៉ោង ១៦ ១០នាទី ម៉ោងក្នុងតំបន់ កាលពីថ្ងៃចន្ទ សប្តាហ៍មុន ដែលធ្វើឲ្យញ័រដល់ទីក្រុង តូក្យូ ដែលស្ថិតនៅរហូតដល់ ៣០០ គីឡូម៉ែត្រពីចំនុចរញ្ជួយ។ ឧបទ្វីបណូតូ ទាំងមូលត្រូវញ័ររញ្ជួយ។ សន្ទះដីបានផុសឡើងទៅមុខរហូតដល់ ១០០គីឡូម៉ែត្រប្លាយទៅក្នុងសមុទ្រជប៉ុន ដែលធ្វើឲ្យអគារជាច្រើនត្រូវដួលរលំ និងផ្លូវជាច្រើនត្រូវទទួលរងការខូចខាត។
អាជ្ញាធរតំបន់អ៊ីស្ហ៊ីកាវ៉ា បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ៤៦០នាក់ បានរងរបួស នៅក្នុងការរញ្ជួយផែនដី។ លើសពីនេះរលកយក្សស៊ូណាមី បានវាយប្រហារ ឆ្នេរ និងរលកដែលមានកម្ពស់ជាង ១ម៉ែត្រ បានបោកបក់លើច្រាំង លំនៅដ្ឋាន និងផ្លូវថ្នល់តាមបណ្តោយច្រាំងសមុទ្រ។
មនុស្សរាប់រយអ្នកដែលលំនៅដ្ឋានរបស់ពួកគេត្រូវបានបំផ្លាញ កំពុងជ្រកនៅក្នុងមជ្ឈមណ្ឌលជម្លៀស។ អភិបាលក្រុង អ៊ីស្ហ៊ីដា លោកហ៊ីរ៉ូស្ហ៊ី ហាសេ បានទទួលស្គាល់ថា ៖ “យើងធ្វើឲ្យប្រសើរបំផុតដើម្បីដឹកនាំប្រតិបត្តិការថែរក្សាសង្រ្គោះនៅក្នុងភូមិដាច់ស្រយាលនានា។ ប៉ុន្តែការពិត គឺថា ការនៅដាច់ដោយឡែករបស់ជនរងគ្រោះមិនបានដោះស្រាយការសង្រ្គោះដូចដែលយើងប្រាថ្នានោះទេ។ គ្រួសារជាង ២៦០០០គ្រួសារ គ្មានអគ្គីសនីប្រើប្រាស់ នៅក្នុងតំបន់អ៊ីស្ហ៊ីកាវ៉ា។ លំនៅដ្ឋាន ប្រមាណ ៩០០០០ ខ្នង មិនមានទឹកប្រើប្រាស់ក្នុងតំបន់នេះ ព្រមទាំងនៅតំបន់ តូយ៉ាម៉ា និងនីអ៊ីហ្គាតាផងដែរ ដែលជាតំបន់ស្ថិតនៅភាគខាងជើងពីឆ្នេរទៅសមុទ្រជប៉ុន។
នៅខណៈនៃការរញ្ជួយដី លោកសាន ដែលជាពលករជនជាតិវៀតណាមនៅជប៉ុន កំពុងអបអរសាទរជាមួយជនរួមជាតិ បួននាក់ នៅថ្ងៃចូលឆ្នាំ ដោយត្រៀមម្ហូបអាហារវៀតណាម នៅក្នុងគេហដ្ឋានចាស់មួយ ធ្វើពីឈើដែលពួកគេស្នាក់នៅនៅតំបន់អាណាមីហ្ស៊ូ។ បុរសវ័យ ៣២ឆ្នាំរូបនេះ បានរៀបរាប់នៅពីមុនផ្ទះដែលខូចខាតថា ៖ “យើងប្រញាប់ប្រញាល់ចេញពីគេហដ្ឋាន។ យើងពិតជាប៉ះទង្គិចអារម្មណ៍ខ្លាំងណាស់”។
ទីលំនៅរបស់ពួកគេលែងមានអគ្គីសនី ទឹក និងឧស្ម័នចម្អិនអាហារទៀតហើយ។