ចាប់តាំងពីឆ្នាំ១៩៩០ ក្រុមអ្នកមានបំផុត គឺជាអ្នកទទួលខុសត្រូវ ២/៣ នៃការឡើង​កម្តៅអាកាសធាតុ

ការសិក្សាមួយ ព្រមានថា 10% នៃក្រុមអ្នកមានកំពូលបំផុតនៃភពផែនដី គឺជាអ្នកទទួលខុស ត្រូវ ២/៣ នៃការកើនកម្តៅ​អាកាសធាតុ ចាប់តាំងពីឆ្នាំ១៩៩០។

យោងតាមការសិក្សាមួយដែលផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Nature Climate Change  បាន ឲ្យដឹងថា តាំងពីទសវត្សឆ្នាំ១៩៩០ ប្រមាណ ២/៣ នៃការកើនកម្តៅអាកាសធាតុ គឺដោយសារ តែ ១០% នៃចំនួនមនុស្សដែលជាអ្នកមានបំផុតនៅលើភពផែនដី។ ដោយសារការសិក្សា​គំរូ​ថ្មីៗ ដែលរួមផ្សំរវាងទិន្នន័យសេដ្ឋកិច្ច និងការធ្វើត្រាប់អាកាសធាតុ ការសិក្សានេះអាច​អនុញ្ញាត​ឲ្យគូសវាសបរិមាណការបំភាយឧស្ម័នផ្ទះកញ្ចក់ យោងតាម​កម្រិត​នៃចំនូល និង​ចង់​ភ្ជាប់​ទៅនឹង បាតុភូតអាកាសធាតុខ្លាំងហួសហេតុ។

ចំណែក ១% នៃអ្នកមានបំផុតនៅលើភពផែនដី បានចូលរួមចំនែកខ្ពស់​ជាង ២៦ ដង សម្រាប់ ការកើនឡើងនូវរលកកម្តៅខ្ពស់ៗ និង ១៧ដង សម្រាប់គ្រោះរាំងស្ងួត នៅតំបន់អាម៉ាហ្សូន ជាងកម្រិតមធ្យមពិភពលោក។ តំបន់ត្រូវពិកបានទទួលការរងគ្រោះរួចហើយ ដូចជាតំបន់​អាម៉ាហ្សូន អាស៊ីអាគ្នេយ៍ និង​អាហ្វ្រិក​ខាងត្បូង ដែលត្រូវមើលឃើញថា ទទួលរងផលប៉ះ​ពាល់​ជាពិសេស។

ផ្ទុយទៅវិញ ប្រសិនបើចាប់តាំងពីទសវត្សឆ្នាំ១៩៩០ មនុស្សទាំងអស់ធ្វើការប្រើប្រាស់ ដូចជា ចំនួន ៥០% នៃប្រជាជនក្រីក្របំផុតលើពិភពលោក ការកើនកម្តៅអាកាសធាតុ នឹងឡើង​តិច​តួច​ប៉ុណ្ណោះ។ 

លោកស្រីសារ៉ា ស្ចូនហ្គ៉ា ដែលជាសិក្សាស្រាវជ្រាវមានឯកទេស​ក្នុងការធ្វើគំរូអាកាសធាតុ នៅ​សាលា​ពហុតិចនិក​សហព័ន្ធ ហ្ស៊ូរីច នៅប្រទេសស្វីស បានរៀបរាប់ថា ចំនុចចាប់​ផ្តើម​នៃ​ការ​សិក្សា​របស់យើង គឺជាសំនុំទិន្នន័យ ដែលបង្ហាញអំពីបរិមាណនៃការ​បំភាយឧស្ម័នផ្ទះ​កញ្ចក់ ដែលម្នាក់ៗទទួលខុសត្រូវ យោងតាមកម្រិតនៃប្រាក់ចំនូល។ វាត្រូវបានធ្វើឡើង​ដោយ​ឈ​លើ​មូលដ្ឋានថវិកាប្រើប្រាស់ក្នុងផ្ទះ។ នេះអាចឲ្យដឹងនូវរបៀប​ដែលមនុស្សម្នាក់ៗ​ចំណាយ​ប្រាក់​របស់​ពួកគេយោងតាមប្រាក់ចំនូល។ ម្យ៉ាងវិញទៀត គេដឹងថា ចំនាយលុយ​ដើម្បីដើរ​ផ្សារ មិន​មានហុចឥទ្ធិពលដូចគ្នានឹងចំណាយលុយដើម្បីដើរសម្រាកវិស្សមកាលទេ ជា​ឧទាហរណ៍។ នេះគឺជាអ្វីដែលការសិក្សា​របស់យើង បង្ហាញថា លុយដែលចំណាយ​នឹង​បកស្រាយ​យ៉ាងដូច​ម្តេចចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់។ បន្ទាប់មក យើងបានទាញ​យក​ការ​បំភាយឧស្ម័នផ្ទះ​កញ្ចក់​ដែលធ្វើឡើងដោយអ្នកមាន​បំផុតដើម្បីមើលថា តើអាកាសធាតុ​នឹង​​​មានរូបភាព​ដូច​ម្តេច? ប្រសិនបើពួកគេមិនប្រើប្រាស់។ យើងបានពិនិត្យមើល​ភាព​ញឹកញាប់​ និង​វិសាលភាព​ប៉ុណ្ណា ដែលកម្តៅ និងគ្រោះរាំង​ស្ងួត នឹងបង្ហាញ​នៅក្នុង​អាកាស​ធាតុ​​នេះ រួច​ហើយ​យើង​ប្រៀប​ធៀប​ជាមួយ​អាកាសធាតុសព្វថ្ងៃ។ នេះគឺជារបៀប​ដែលយើង​ធ្វើ​ការចង់​ភ្ជាប់​ទំនាក់ទំនង​គ្នា។

លោកស្រី សារ៉ា ស្ចូនហ្គ៉ា បានបន្តថា នៅពេលអ្នកវិនិយោគនៅក្នុងសហគ្រាសមួយ។ អ្នក​ក៏​មាន​ចំណែកមួយ។ ដូច្នេះ​អ្នកគឺជា​អ្នកទទួលខុសត្រូវនៃការបំភាយឧស្ម័នផ្ទះកញ្ចក់​ដែល​សហគ្រាស​នោះ បានបង្កើតឡើង។ គឺដោយសាររឿងនេះហើយ ដែលនៅក្នុងទិន្នន័យ​របស់​យើង យើងយកចិត្តទុកដាក់លើការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ដោយសារអ្នកប្រើប្រាស់ នៅពេល​ពួក​គេ​បាន​ទិញប្រើប្រាស់នូវសម្ភារៈ ប៉ុន្តែក៏រួមទាំងផលិតផល​ដែលបង្កើតឡើង​ដោយសារ​សហ​គ្រាសនានាផងដែរ។

លោកស្រី សារ៉ា ស្ចូនហ្គ៉ា បន្ថែមទៀតថា យើងបានវាយតម្លៃថា ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ ប្រសិន​បើពិភពលោកទាំងមូលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ស្មើនឹង​ចំនួនប្រជាជនក្រីក្រ​បំផុត ៥០% នៅលើផែនដីបំភាយ នៅក្នុងករណីនេះ វានឹងមានតែការកើនកម្តៅតិចតួចបំផុត គឺ​តិចជាង 0,01°C ។ នេះតាមការពិតស្ទើតែគ្មានការកើនកម្តៅភពផែនដីផង។

 

 

 

Daily Program

Livesteam thumbnail