ក្នុងរដូវបង្កាត់ពូជអណ្តើកទឹក និងអណ្ដើកគោក ឆ្នាំ២០២៥ មជ្ឈមណ្ឌល ACCB បង្កាត់កូនអណ្តើកបានចំនួន២១១ក្បាល

ក្នុងរដូវបង្កាត់ពូជអណ្តើកទឹក និងអណ្តើកគោកនៅ ឆ្នាំ២០២៥ មកទល់ពេលនេះ ពួកយើងបានរីករាយស្វាគមន៍នូវកូនអណ្តើកក្នុងចំនួនដែលមិនគួរឱ្យជឿនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កាត់បានកូនអណ្តើករហូតដល់ទៅ ២១១ក្បាល ដែលបានញាស់ចេញពីអណ្តើក៥ប្រភេទផ្សេងៗគ្នា ។
មជ្ឈមណ្ឌលអង្គរ ACCB បានឱ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ថា រដូវកាលបង្កាត់ពូជមិនទាន់ចប់នៅឡើយ ចំនួននេះនៅតែកើនឡើង ដែលជាដំណឹងដ៏អស្ចារ្យសម្រាប់ពួកយើងទាំងអស់គ្នា ហើយក៏ជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមការងារនៅមជ្ឈមណ្ឌល ACCB។
គោលដៅមួយក្នុងចំណោមគោលដៅចម្បងរបស់ ACCB គឺការបង្កាត់ពូជនូវអណ្តើកទឹក និងអណ្តើកគោកដែលជាប្រភេទជិតផុតពូជ ដោយមានគោលបំណងលែងកូនចៅពួកវា ដើម្បីបង្កើននូវចំនួនប្រជាសាស្ត្រពួកវានៅក្នុងជម្រកធម្មជាតិ។
ការបង្កាត់ពូជអណ្តើកទឹក និងអណ្តើកគោក មិនមែនកើតឡើងដោយគ្មានបញ្ហាប្រឈមនោះទេ ហើយក្រុមការងាររបស់ពួកយើងបានចំណាយពេលជាច្រើនឆ្នាំក្នុងការកែសម្រួលបច្ចេកទេស ដើម្បីជំរុញការបង្កាត់ពូជឱ្យទទួលបានដោយជោគជ័យ ព្រមទាំងធានាឱ្យបាននូវអត្រាខ្ពស់នៃការរស់រានមានជីវិតរបស់កូនក្នុងស៊ុត និងកូនអណ្តើកតូចៗដែលទើបតែញាស់។
ប្រភេទសត្វអណ្តើកទឹក និងអណ្តើកគោកជាច្រើនមានតម្រូវការជាក់លាក់ នៅពេលដែលពួកវាកាយសំបុកពង ដូចជាសំណើមជាក់លាក់ ទឹកភ្លៀង ស្ថានភាពដី និងជម្រៅជាដើម។ បើគ្មានការរួមផ្សំត្រឹមត្រូវនៃសមាសធាតុទាំងនេះទេ អណ្តើកញីក៏វាមិនពង ហើយបើពង ស៊ុតក៏នឹងមិនញាស់ដែរ។ ប្រភេទសត្វនីមួយៗ មានតម្រូវការខុសៗគ្នា ដូច្នេះវាត្រូវការការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាថាប្រភេទនីមួយៗត្រូវបានផ្តល់នូវលក្ខខណ្ឌដ៏សមស្របជារៀងរាល់ឆ្នាំ៕
Daily Program
