យ៉ាស៊ូណារី កាវ៉ាបាតា អ្នកនិពន្ធជប៉ុនដំបូងដែលទទួលបានរង្វាន់ណូបែល អក្សរសាស្ត្រ
លោកយ៉ាស៊ូណារី កាវ៉ាបាតា កើតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៩៩ នៅទីក្រុងអូសាកា និង ទទួលមរណាភាពនៅថ្ងៃទី១៦ ខែមេសា ទៅទីក្រុងហ្ស៊ូស្ហ៊ី។ លោកគឺជាអ្នកនិពន្ធជប៉ុន ដែលទទួលពានរង្វាន់ណូប៊ែលអក្សរសាស្រ្តនៅឆ្នាំ១៩៦៨។
កើតនៅក្នុងយុគសម័យម៉ីជី លោកយ៉ាស៊ូណារី កាវ៉ាបាតា គឺជាកូនទីពីរនៃគ្រួសារអ្នកមាន និងមានការអប់រំ។ លោកគឺជាកូនកើតមិនគ្រប់ខែ និងមានសុខភាពមិនរឹងម៉ាំពេញមួយជីវិតរស់នៅរបស់លោក។
នៅខែមេសា ឆ្នាំ១៩១២ លោកយ៉ាស៊ូណារី កាវ៉ាបាតា បានចូលរៀននៅអនុវិទ្យាល័យ អ៊ីបារ៉ាគី ខេត្តអូសាកា។ លោកបានសម្រេចចិត្តនៅឆ្នាំនោះថា នឹងក្លាយជាអ្នកនិពន្ធ និងបូជាពេលវេលាទំនេរសម្រាប់អក្សរសាស្រ្ត និងការប៉ុនប៉ងដំបូងៗ ក្នុងការបង្កើតស្នាដៃអក្សាសាស្រ្ត។
លោកយ៉ាស៊ូណារី កាវ៉ាបាតា បានទៅកាន់រាជធានី នៅខែកញ្ញា ឆ្នាំ១៩១៧ និងប្រឡង់ជាប់ចូលរៀននៅវិទ្យាល័យទី១ ក្រុងតូក្យូ ផ្នែកអក្សរសាស្រ្តអង់គ្លេស និងជាច្រកទ្វារចូលរៀនទៅសកលវិទ្យាល័យអធិរាជ។ លោកយ៉ាស៊ូណារី កាវ៉ាបាតា បានទទួលសញ្ញាបត្រពីវិទ្យាល័យទី១ ក្រុងតូក្យូ នៅខែកក្កដា ឆ្នាំ១៩២០ ដែលអាចធ្វើឲ្យលោកចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យអធិរាជ ក្រុង តូក្យូ មហាវិទ្យាល័យអក្សរសាស្រ្ត ផ្នែកអក្សរសាស្រ្តអង់គ្លេស។ បន្ទាប់មក លោកបានជ្រើសរើសយកផ្នែកអក្សរសាស្រ្តជប៉ុន នៅឆ្នាំបន្ទាប់។
ឆ្នាំ១៩៦៨ គឺជាឆ្នាំនៃការទទួលស្គាល់ និងការឈានដល់កិត្តិយសកម្រិតអន្តរជាតិរបស់លោកយ៉ាស៊ូណារី កាវ៉ាបាតា។ ពានរង្វាន់ណូបែលអក្សរសាស្រ្តត្រូវបានប្រគល់ឲ្យលោកយ៉ាស៊ូណារី កាវ៉ាបាតា នៅថ្ងៃទី១៩ ខែតុលា។ លោកគឺជាអ្នកនិពន្ធជប៉ុនដំបូងដែលទទួលបានពានរង្វាន់ដ៏មានកិត្តិយសនេះតាមរយៈសិល្បៈនៃការបង្រៀនរឿងរបស់លោកដោយអារម្មណ៍ដ៏ស្រទន់ និងបង្ហាញអត្ថន័យសំខាន់នៃចិត្តជប៉ុន។ ស្នាដៃដ៏សំខាន់ៗដែលបានបង្ហាញសិល្បៈនៃការបង្រៀនរឿងរបស់លោក រួមមាន រឿង ប្រទេសព្រិល (Snow Country) ដែលបង្ហាញពីភាពស្រស់ស្អាត និងភាពឯកោក្នុងជីវិតជនបទនៅជប៉ុន រឿងសម្លេងនៃភ្នំ (The Sound of the Mountain) ដែលឆ្លុះបញ្ចាំងអំពីភាពចាស់ទុំ និងទំនាក់ទំនងគ្រួសារ និងរឿង ផ្ទះនៃស្រីស្អាតដេកលក់ (The House of the Sleeping Beauties) ដែលបង្ហាញពីការចងចាំ ការចង់បាន និងភាពឯកោ។
តាមរយៈការឆ្លុះបញ្ចាំងអំពីកិត្តិយសរបស់លោក លោកយ៉ាស៊ូណារី កាវ៉ាបាតា ត្រូវបានតែងតាំងជាសាស្រ្តាចារ្យបណ្ឌិតកិត្តិយស (Docteur honoris causa) នៃសកលវិទ្យាល័យហាវ៉ៃ និងជាសមាជិកកិត្តិយសនៃរដ្ឋបណ្ឌិតសភាអាម៉េរិកនៃសិល្បៈ និងអក្សរសាស្រ្ត។
លោកយ៉ាស៊ូណារី កាវ៉ាបាតា ត្រូវបានទាំងអស់គ្នាទទួលស្គាល់ថា ជាអ្នកនិពន្ធដ៏សំខាន់ម្នាក់នៃសតវត្សទី ២០។ ស្នាដៃរបស់លោកគឺជាលទ្ធផលនៃការស្វែងរកសិល្បៈជាមួយភាសាដែលស្រទន់ និងសាមញ្ញៗ ដែលមិនធ្លាប់មាន ដែលមានគោលបំណងសំខាន់បំផុតគឺការបង្ហាញអារម្មណ៍។ ភាសារបស់លោកបានបដិសេធទម្រង់អក្សរសាស្រ្តតាមទម្លាប់ និងបញ្ញាញ្ញាណជាប្រពៃណី ហើយក៏មានបំណងជៀសឲ្យឆ្ងាយពីការពន្យល់ ឬការពិភាក្សាដែលមានលក្ខណៈជាការអះអាង។
ជាមនុស្សដែលមានភាពស្មុគស្មាញ និងអាថ៌កំបាំងម្នាក់ លោកយ៉ាស៊ូណារី កាវ៉ាបាតា ជាមនុស្សសម័យទំនើប ដែលបន្តជាប់នឹងប្រពៃណីវប្បធម៌របស់ខ្លួន និងជាអ្នកមានចំណេះដឹងជ្រាលជ្រៅអំពីអក្សរសាស្រ្តលោកខាងលិច។ លោកបានបន្សល់ទុកស្នាដៃមួយចំនួនដែលមានភាពសម្បូរបែបមិនអាចប្រៀបបាន និងមានសោភ័ណភាពជានិរន្តរ៍ ដែលភ្ជាប់អាស៊ីខាងកើត និងលោកខាងលិច តាមរយៈសំណេរផ្ទាល់ខ្លួន។ ការសរសេរនោះពេលខ្លះឈានដល់ទម្រង់នៃភាពអស្ចារ្យ និងសេចក្ដីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ នៅក្នុងរចនាបថសាមញ្ញៗ។