ពីក្មេងលក់កាសែត មកជា «បិតាមីស៊ីល» និងប្រធានាធិបតីឥណ្ឌា ៖ ជីវប្រវត្តិ មហាចារ្យ អាបឌុល កាឡាម
«កុំដេកស្រមៃក្នុងពេលគេង ប៉ុន្តែត្រូវស្រមៃរហូតដល់ដេកមិនលក់»។ នេះគឺជាបាវចនាជីវិតរបស់លោកអាវុល ប៉ាគៀ ចៃនូឡាបដេអេន អាបដុល កាឡាម (Avul Pakir Jainulabdeen Abdul Kalam) ឬគេស្គាល់ជាទូទៅថា លោកអាបដុល កាឡាម ជារដ្ឋបុរស ជាប្រធានាធិបតី និងជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសឥណ្ឌា។
លោកកើតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៣១ ក្នុងគ្រួសារមូស្លីមក្រីក្រមួយនៅទីក្រុងដានូស្ហកូឌី នា រ៉ាម៉េសវ៉ារ៉ាម (Rameswaram) រដ្ឋតាមីល ណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា។ ដោយសារឪពុកជាអ្នកបើកទូកចម្លង និងមានជីវភាពខ្វះខាត កាលពីកុមារភាព អាបដុល កាឡាម ត្រូវដើរលក់កាសែតតាមផ្លូវដើម្បីជួយរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃសាលា។ ទោះបីជាត្រូវឆ្លងកាត់ការលំបាកយ៉ាងណាក៏ដោយ លោកជាសិស្សដែលមានស្មារតីតស៊ូ និងស្រឡាញ់ការសិក្សាខ្លាំង ដោយបានខិតខំរៀនសូត្ររហូតបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែករូបវិទ្យា និងបានបន្តសិក្សាជំនាញវិស្វកម្មអវកាសនៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាដ្រាស (MIT India)។
ឥស្លាមសាសនិករូបនេះរស់នៅក្នុងប្រទេសដែលមានប្រជាជនភាគច្រើនកាន់សាសនាហិណ្ឌូ ប៉ុន្តែលោកកាឡាមបានកាន់តំណែងដ៏មានសារសំខាន់បំផុតក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ឥណ្ឌា។ នៅឆ្នាំ១៩៦២ បន្ទាប់ពីបម្រើការងារមួយរយៈនៅអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) លោកបានចូលរួមជាមួយអង្គការសិក្សាស្រាវជ្រាវអវកាសឥណ្ឌា (ISRO)។ ក្នុងនាមជានាយកគ្រប់គ្រងគម្រោង លោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរ៉ូក្កែតបង្ហោះផ្កាយរណបដំបូងបង្អស់របស់ឥណ្ឌា SLV-3 ដែលបានបញ្ជូនផ្កាយរណប រ៉ូប៊ីនី (Robini) ទៅកាន់គន្លងអវកាសដោយជោគជ័យក្នុងខែកក្កដា ឆ្នាំ១៩៨០។ នៅឆ្នាំ១៩៨២ លោកបានឡើងដឹកនាំអង្គការអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិវិញ និងបានអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលបញ្ជាទិស។ លោកបានបង្កើតមីស៊ីលអាហ្សនី (Agni) និងព្រីធវី (Prithvi) ប្រកបដោយជោគជ័យ និងបានដាក់គ្រឹះយ៉ាងរឹងម៉ាំសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនផ្នែកអាកាសចរណ៍ និងអវកាសឥណ្ឌា។ នៅឆ្នាំ១៩៩២ - ២០០១ លោកបានទទួលតំណែងទីប្រឹក្សាវិទ្យាសាស្ត្រនៃក្រសួងការពារជាតិ ហើយចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១ លោកជាទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាល ព្រមទាំងធ្វើជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យចេនណៃ (Chennai) នៅរដ្ឋតាមីល ណាឌូ ផងដែរ។
ចំណុចកំពូលនៃស្នាដៃវិទ្យាសាស្ត្ររបស់លោក គឺការដឹកនាំ និងចូលរួមរៀបចំការសាកល្បងអាវុធនុយក្លេអ៊ែរនៅឆ្នាំ១៩៩៨ ដែលបានបំពាក់អាវុធបរមាណូឱ្យប្រទេសឥណ្ឌាជោគជ័យ។ ដោយសារសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ លោកត្រូវបានគេប្រសិទ្ធនាមថា «បុរសមីស៊ីលរបស់ឥណ្ឌា (Missile Man of India)» និងជា «បិតាគ្រាប់បែកនុយក្លេអ៊ែរឥណ្ឌា»។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០២ ដោយប្រកួតប្រជែងជាមួយបេក្ខនារី គឺលោកស្រី កាពីតែន លក្ស្មី (Lakshmi) មកពីគណបក្សរណសិរ្សឆ្វេង លោក អាបដុល កាឡាម ត្រូវបានជ្រើសរើសឱ្យឡើងកាន់តំណែងជាប្រធានាធិបតីទី១១ នៃសហភាពឥណ្ឌាដោយសំឡេងឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី។ លោកបានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០២ រហូតដល់ឆ្នាំ២០០៧។
បន្ថែមលើទិដ្ឋភាពវិទ្យាសាស្ត្រ និងនយោបាយ លោក កាឡាម ត្រូវបានគេស្គាល់ថាជាអ្នកមានគតិបណ្ឌិត និងជាអ្នកស្រឡាញ់មនុស្សជាតិដ៏ធំធេង។ ពេលឡើងកាន់តំណែងជាប្រធានាធិបតី លោកបានបរិច្ចាគប្រាក់ខែ ១០ខែដំបូងរបស់ខ្លួនទៅឱ្យអង្គការក្រៅរដ្ឋាភិបាល មនុស្សធម៌ និងបរិស្ថានក្រៅរដ្ឋាភិបាលឥណ្ឌា ដែលបង្កើតឡើងដោយលោកស្រី ម៉ាតា អាមរីតានានដាម៉ាយី (Mata Amritanandamayi)។
លោក អាបដុល កាឡាម បានទទួលមរណភាពនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ក្នុងវ័យ ៨៣ឆ្នាំ នៅទីក្រុងស្ហ៊ីយ៉ុង (Shillong) រដ្ឋម៉េហ្គាឡាយ៉ា ប្រទេសឥណ្ឌា ដោយបានបន្សល់ទុកនូវបេតិកភណ្ឌវិទ្យាសាស្ត្រ អាកាសចរណ៍ និងគំរូជីវិតដ៏ប្រពៃដែលបន្តបំផុសគំនិតមនុស្សជំនាន់ក្រោយរហូតមកដល់សព្វថ្ងៃ។
