ផលប៉ះពាល់នៃការមើលទូរស័ព្ទ និងការត្រាប់តាមចំពោះកុមារតូចៗ

នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ទូរស័ព្ទដៃបានរីកដុះដាលយ៉ាងខ្លាំងគ្រប់ស្រទាប់វណ្ណៈ មិនថាចំពោះយុវវ័យ ឬសូម្បីតែកុមារតូចៗនោះទេ ព្រោះវាជាឧបករណ៍ដ៏ទាក់ទាញបំផុត។ ជាទូទៅ យើងតែងសង្កេតឃើញកុមារស្ទើរតែទាំងអស់ចំណាយពេលលេងទូរស័ព្ទច្រើនជាងការធ្វើសកម្មភាពផ្សេងៗ។ នៅលើបណ្តាញសារព័ត៌មានជាច្រើន មានការបញ្ចេញមតិខុសៗគ្នាជុំវិញសកម្មភាពរបស់កុមារតូចៗ ដែលចំណាយពេលមើលទូរស័ព្ទរាប់ម៉ោង និងធ្វើកាយវិការត្រាប់តាមវីដេអូទាំងនោះ រហូតបង្កើតឱ្យមានការរិះគន់ពីសំណាក់មហាជន។ ការត្រាប់តាម និងការមើលទូរស័ព្ទច្រើនរបស់កុមារនាពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថាមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។

អ្នកស្រី ឌី ខាំចរិយា នាយិការរងសាលាមត្តេយ្យឯកជនមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងថា៖ «បើនិយាយពីកាយវិការរបស់គាត់ ត្រូវសង្កេតមើលទម្លាប់ទាំងនៅផ្ទះ និងនៅសាលា។ នៅពេលដែលគាត់លេងទូរស័ព្ទច្រើន គាត់នឹងផ្តោតអារម្មណ៍ខ្លាំងតែលើទូរស័ព្ទ ដោយមិនសូវចូលចិត្តរៀនសូត្រឡើយ។ សូម្បីតែការនិយាយស្តី ប្រសិនបើយើងនិយាយទៅកាន់គាត់ គាត់ក៏ឆ្លើយតបមកវិញបែបផាំងៗ (ឆេវឆាវ) ដែរ»។

ចំណែក អ្នកស្រី ទូត រស្មី ដែលជាមាតាមួយរូប ក៏បានរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនដែរថា៖ «កូនខ្ញុំ ជួនកាលម៉ាក់ហៅក៏គាត់មិនឮ និងមិនព្រមឆ្លើយតបជាមួយយើងដែរ។ ប៉ុន្តែប្រសិនបើឱ្យគាត់ធ្វើកិច្ចការផ្ទះវិញ គឺទទួលបានលទ្ធផលទទេតែម្តង»។ ផលវិជ្ជមាន និងអវិជ្ជមានជាច្រើនត្រូវបានអាណាព្យាបាលសង្កេតឃើញលើកូនៗរបស់ពួកគេ ដែលបញ្ហានេះកើតឡើងដោយសារតែការបណ្តែតបណ្តោយឱ្យកុមារលេងទូរស័ព្ទញឹកញាប់ពេក។

តាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានស្តីពីសុខភាព និងផ្លូវចិត្តកុមារជាច្រើនបានបង្ហាញថា កុមារដែលមើលឧបករណ៍អេឡិចត្រូនិចលើសពី៣ម៉ោងក្នុងមួយថ្ងៃ នឹងមានការអភិវឌ្ឍយឺតយ៉ាវខាងផ្នែកភាសា និងមានអាកប្បកិរិយារពឹសខ្លាំង ខណៈដែលកុមារមានរោគសញ្ញាអូទីសឹម (Autism) ក៏ជួបប្រទះបញ្ហានេះដូចគ្នាដែរ។ លើសពីនេះ ការសម្លឹងមើលកញ្ចក់អេក្រង់ចំពោះកុមារដែលមានអាយុក្រោម ១៨ខែ នឹងធ្វើឱ្យមានការវិវត្តយឺតយ៉ាវខាងផ្នែកភាសា ការគេង និងសមត្ថភាពនៃការផ្ចង់អារម្មណ៍។

លោកវេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាណាថាន់ ទីប្រឹក្សារបស់អង្គការការីតាសកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា៖ «កុមារចន្លោះអាយុពី ២ ទៅ ៥ឆ្នាំ យើងអាចឱ្យគាត់មើលបាន ប៉ុន្តែត្រូវកំណត់ពេលវេលាច្បាស់លាស់ គឺត្រឹមតែ ១ម៉ោង ឬ ១ម៉ោងកន្លះប៉ុណ្ណោះក្នុងមួយថ្ងៃ។ ព្រោះបើលើសពីនេះ វានឹងធ្វើឱ្យសារធាតុខួរក្បាលរបស់កុមារមានការផ្លាស់ប្តូរ»។

នៅក្នុងសិក្ខាសាលាស្តីពីសុខភាពផ្លូវចិត្តកុមារកាលពីពេលថ្មីៗនេះ បានពន្យល់ថា ជារៀងរាល់ថ្ងៃ ខួរក្បាលរបស់មនុស្សយើងមានតួនាទីបកប្រែ និងយល់ដឹងពីហេតុការណ៍ផ្សេងៗតាមរយៈការមើលឃើញ ធុំក្លិន ស្ដាប់ឮ ភ្លក់រសជាតិ និងការសាកល្បងលើវត្ថុជុំវិញខ្លួន។ ប៉ុន្តែ នៅពេលដែលខួរក្បាលមានបញ្ហាក្នុងការបកប្រែហេតុការណ៍ទាំងនេះ វា នឹងធ្វើឱ្យបុគ្គលនោះជួបការលំបាកក្នុងការនិយាយ ស្ដាប់ យល់ លេង និងការរៀនសូត្រ។

យោងតាមប័ណ្ណផ្សព្វផ្សាយអប់រំស្តីពីអូទីស្សឹម របស់មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ (អង្គការការីតាសកម្ពុជា) បានបញ្ជាក់ថា យើងអាចជួយកុមារអូទីស្សឹមបានតាមរយៈវិធីសាស្ត្រមួយចំនួនដូចជា ការប្រើប្រាស់ពាក្យពេចន៍និយាយសាមញ្ញ និងខ្លីៗ លើកទឹកចិត្តឱ្យកុមារចេះសម្លឹងប្រអប់ភ្នែក ប្រើប្រាស់រូបភាពដើម្បីជួយសម្រួលដល់ការប្រាស្រ័យទាក់ទង បង្រៀនពីរបៀបប្រើប្រាស់របស់របរដែលគេចាប់អារម្មណ៍ និងការប្រើប្រាស់វត្ថុតាង ឬរូបសញ្ញាបង្ហាញពួកគេឱ្យបានច្រើន។

ប្រការសំខាន់មួយទៀតគឺ ការជួយអន្តរាគមន៍ឱ្យបានឆាប់រហ័ស តែងតែទទួលបានផលល្អប្រសើរ។ ដូច្នេះ អាណាព្យាបាលត្រូវកត់សម្គាល់សញ្ញាមួយចំនួនរបស់កុមារទៅតាមអាយុ។ ចំពោះកុមារអាយុ ៦ខែ ឬលើសពីនេះ គេអាចមិនចេះញញឹម ឬសើចតបត។ លុះដល់អាយុ ៩ខែ កុមារអាចមិនចេះធ្វើតាម ឬបង្ហាញទឹកមុខ ហើយនៅអាយុ ១០ខែ កុមារមិនព្រមឆ្លើយតប ឬមិនប្រតិកម្មនៅពេលគេហៅឈ្មោះ។ សម្រាប់អាយុ ១២ខែ កុមារមិនចេះបញ្ចេញសំឡេងកកេរកករ ហើយឈានដល់អាយុ ១៦ខែ គឺមិនទាន់ចេះនិយាយជាពាក្យនៅឡើយ។ រហូតដល់អាយុ ២៤ខែ កុមារនៅតែមិនទាន់ចេះនិយាយជាឃ្លាដែលមានពីរពាក្យឡើងទៅ ថែមទាំងអាចបាត់បង់សមត្ថភាពនិយាយ ចូលចិត្តតម្រៀបរបស់លេងជាជួរ និងមានការទាក់ទងជាមួយអ្នកដទៃតិចតួច ឬគ្មានតែម្តង៕

 

Daily Program

Livesteam thumbnail
khmer popup image