យុវជនរីករាយរៀនបច្ចេកទេស
ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានយុវជនជា ៤៥,០០០នាក់ បានចុះឈ្មោះចូលរៀន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ជាមួយគ្នានោះ មានយុវជនមួយចំនួនដែលបានរៀន បានបង្ហាញពីការសប្បាយចិត្ត ព្រោះទទួលបានការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ បានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ។
សិក្ខាកាមមកពីគ្រួសារក្រីក្រដែលកំពុងសិក្សានៅក្នុងកម្មវិធី«បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃអោយមកចុះឈ្មោះចូលរៀន។ អ្នកស្រី ឡូញ ចាន់បុផ្ផា ជាសិក្ខាកាម ដែលកំពុងសិក្សាជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បាននិយាយថា កម្មវិធីនេះបានជួយអ្នកស្រីបានច្រើន ដោយមិនត្រឹមតែផ្តល់ជាចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ បន្ថែមទៀត ចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។
ចំណែកឯ កញ្ញា សៅ ស្រីពៅ ជាសិក្ខាកាមជំនាញសំអាងកាយ នៃវិទ្យាស្ថានដដែល បានចែករំលែកស្រដៀងគ្នាថា នៅវិទ្យាស្ថានក៏មានផ្តល់ជាកន្លែងស្នាក់នៅដែលអាចសម្រួលដល់សិស្សដែលមកពីខេត្ត និងខ្វះកន្លែងស្នាក់នៅផងដែរ ខណ:ដែលនៅកន្លែងសិក្សាមួយចំនួនមិនមានការផ្តល់ជូនកន្លែងស្នាក់នៅដូចវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍នេះទេ។
ជាមួយគ្នានេះ កញ្ញា យ៉ែម ស្រីទូច ជាសិក្ខាកាមនៃជំនាញសំអាងកាយដែរនោះ ក៏បានសម្តែងការពេញចិត្តជាមួយកម្មវិធីសិក្សាឥតគិតថ្លៃនេះ ព្រោះថាសាលាមានគ្រូបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមាននូវឧបករណ៍អនុវត្តន៍គ្រប់គ្រាន់។ បន្ថែមពីនេះ កញ្ញា អោ ធីតា ជាសិក្ខាកាមនៃជំនាញដុតនំ បានលើកទឹកចិត្តដល់សិស្ស ដែលខ្វះលទ្ធភាពក្នុងការសិក្សានៅសាលាដែលមានការបង់ប្រាក់ ឱ្យមកសិក្សានៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ ទៅតាមជំនាញដែលវិទ្យាស្ថានមាន។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ យុវជនជាង ៤៥,០០០នាក់ បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៃកម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ » របស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤ ពោល គឺមានរយៈពេលជាង៧ខែ នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។ ជាមួយគ្នានោះ កម្មវិធីនេះ ទទួលបានយុវជនចំនួនជាង ៤៥,០០០នាក់ ចុះឈ្មោះចូលរៀន នៅទូទាំងប្រទេស គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤។
លោក កត្តា អ៊ន បានបញ្ជាក់ថា យុវជនអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តបានក្នុងចំណោមជំនាញទាំង ៤៥ ក្នុងវិស័យអាទិភាពសំខាន់ៗចំនួន១០ រួមមាន សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា៕