គន្លឹះនៃការចិញ្ចឹមកូន ដើម្បីលើកកម្ពស់ការថែទាំ និងការចិញ្ចឹមកូនបែបវិជ្ជមាន ត្រូវបានដាក់ដំណើរការ

យូនីសេហ្វសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ដំណើរការកម្មវិធីគន្លឹះនៃការចិញ្ចឹមកូន ដែលជាវេទិកាឌីជីថលថ្មីមួយដើម្បីគាំទ្រដល់ឪពុកម្តាយ និងអ្នកថែទាំក្នុងការផ្តល់ការចិញ្ចឹមបីបាច់ និងថែទាំកុមារបែបវិជ្ជមាន ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ ប្រចាំកម្ពុជា មានប្រសាសន៍ថា «កម្មវិធីនេះគឺជាវេទិកាដ៏មានសារប្រយោជន៍សម្រាប់ឪពុកម្តាយ និងអាណាព្យាបាលនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។ តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីការចិញ្ចឹមកូន កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ធានាថា គ្រួសារនានាទទួលបានការណែនាំដែលពួកគេត្រូវការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសុខភាពល្អសម្រាប់កូនៗរបស់ពួកគេ។»
កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ដែលបញ្ជូនព័ត៌មានតាមរយៈកម្មវិធីតេលេក្រាម (Telegram) និងការហៅទូរសព្ទឆ្លើយតបជាសំឡេង (IVR) អនុញ្ញាតឲ្យឪពុកម្តាយទទួលបានព័ត៌មានទាន់ពេលវេលា ហើយជាព័ត៌មានដែលចាំបាច់សម្រាប់ពួកគេ។ ឪពុកម្ដាយ ឬអាណាព្យាបាល អាចចុះឈ្មោះដោយឥតគិតថ្លៃ ដោយហៅទូរសព្ទទៅលេខ ១២៧៩ ឬ ដោយចុចលើតំណភ្ជាប់ដែលបានផ្ញើតាមសារ SMS ។ នៅពេលដែលបានចុះឈ្មោះរួចរាល់ ពួកគេអាចចូលមើលប្រធានបទជាច្រើន ដូចជា អាហារូបត្ថម្ភ ការថែទាំ និងការដាក់វិន័យបែបវិជ្ជមាន។ កម្មវិធីនេះនឹងផ្ញើសាររំលឹកឪពុកម្តាយ និងគាំទ្រពួកគេជាបន្តបន្ទាប់ ដើម្បីអនុវត្តគន្លឹះនៃការចិញ្ចឹមកូនទាំងនេះនៅផ្ទះ។
កុមារតូចៗនៅប្រទេសកម្ពុជា ប្រឈមនឹងការលំបាកធ្ងន់ធ្ងរ ដូចជាកង្វះអាហារូបត្ថម្ភ និងការដាក់វិន័យបែបហិង្សា។ យោងតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ចុងក្រោយ (ឆ្នាំ ២០២១-២០២២) កុមារ កម្ពុជាអាយុពី ០ ខែ ទៅ ២ ឆ្នាំ ចំនួន៤៩ភាគរយ បានទទួលបានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ហើយ ៦០ ភាគរយនៃកុមារដែលមានអាយុពី ១-១៤ ឆ្នាំ បានទទួលរងនូវការដាក់វិន័យបែបហិង្សា។ កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ត្រូវបានរៀបរៀងឡើងដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយផ្តល់ឲ្យឪពុកម្តាយ/អាណាព្យាបាល នូវដំបូន្មានជាក់ស្តែង និងផ្អែកលើភស្តុតាងស្តីពីការបង្កើតបរិយាកាសដែលមានសុវត្ថិភាពសម្រាប់កូនរបស់ពួកគេ។
យូនីសេហ្វ នឹងផ្សព្វផ្សាយកម្មវិធីនេះទៅដល់គ្រួសារដែលត្រូវការវាខ្លាំងបំផុត តាមរយៈការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល។
យូនីសេហ្វ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកផ្តល់សេវាទូរគមនាគមន៍ក្នុងស្រុក ដើម្បីធានាបាននូវការចូលប្រើកម្មវិធីនេះដោយឥតគិតថ្លៃ ទោះបីជានៅក្នុងតំបន់ដែលមិនសូវមានការតភ្ជាប់អ៊ីនធឺណិតក៏ដោយ ដើម្បីធានាឲ្យបាននូវសមធម៌ ក្នុងការទទួលបានការណែនាំអំពីការចិញ្ចឹមកូន។ ជាមួយនឹងការដាក់ឲ្យដំណើរការប្រកបដោយជោគជ័យនៃកម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» នេះ យូនីសេហ្វសង្ឃឹមថានឹងធ្វើឱ្យជីវិតរបស់កុមារនៅទូទាំងប្រទេសកម្ពុជាមានភាពប្រសើរឡើងជាយូរអង្វែង ៕
Daily Program
