អាហារមានសុវត្ថិភាព នៅតែជាវិញ្ញាសារគ្មាន ដំណោះស្រាយនៅឡើយ !
អាហារមានសុវត្ថិភាពនៅតែជាវិញ្ញាសារគ្មានដំណោះស្រាយនៅឡើយ !
អាហារមានសុវត្ថិភាពនៅកម្ពុជានៅតែជាវិញ្ញាសារដែលគ្មានដំណោះស្រាយនៅឡើយ ដោយសារតែវាត្រូវបានរកឃើញជាបន្តបន្ទាប់ដោយសមត្ថកិច្ចជំនាញមិនថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងស្ថាប័នពាក់ព័ន្ធឡើយ ។
មកដល់ពេលនេះ ម្នាក់ៗសុទ្ធតែដឹងអំពីគុណវិបត្តិនៃអាហារដែលគ្មានគុណភាព ឬអាហារដែលមិនមានសុវត្ថិភាព ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែត្រូវបានរកឃើញដោយជំនាញ។
ជាក់ស្តែងមកដល់ពេលនេះខាងអគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានរកឃើញជាបន្តបន្ទាប់នៅពេលចុះបេសកម្មត្រួតពិនិត្យ កន្លងមក ហើយដោយឡែក កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក៏បានរកឃើញទំនិញដល់ទៅ ៥០ តោនដែលនាំចូលដោយខុសច្បាប់ ។
ដោយឡែកខាងសមត្ថកិច្ចនៃ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្មីៗកន្លងទៅបានអះអាងថា ក្រោមកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានធ្វើការបង្ក្រាបជាបន្តបន្ទាប់កាលពីពេលកន្លងមក ក្នុងករណីចំនួន១០ បានរឹបអូសទំនិញខូចគុណភាពនិងមិនមានសុវត្ថិភាពប្រើប្រាស់ដល់ទៅ ៥ តោន ហើយយកទៅ ដុតបំផ្លាញចោល នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នៅទីលានចាក់សំរាម ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទំនិញដែលមិនអនុលោមតាមស្តង់ដាសុវត្ថិភាពទាំងនេះ គឺរួមមានផលិតផលនាំចូលគ្មានច្បាប់អនុញ្ញាត, ផលិតផលគ្រឿងសំអាងលាយសារធាតុគីមីខុសច្បាប់, ឱសថហួសកាលបរិច្ឆេទប្រើប្រាស់, ចំណីអាហារ និងសាច់ខូចគុណភាព ព្រមទាំងសារធាតុគីមីខុសច្បាប់ជាដើម។
តាមរបាយការណ៍នេះមិនមែនជាករណីទីមួយឫករណីដំបូងឡើយ ខណៈកន្លងទៅនគរបាលធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន៣៧លើករួចមកហើយដែរ។
សរុបសេចក្តីមកសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់ប្រភេទ ត្រូវតែរួមសហការគ្នាបង្ក្រាបនូវរាល់បទល្មើសសេដ្ឋកិច្ច ប៉ះពាល់ដល់ខឿនសន្តិសុខសេដ្ឋកិច្ចជាតិ បទល្មើសគេចពន្ធ, បទល្មើសនាំទំនិញ និងផលិតផលក្លែងក្លាយ ហួសកាលបរិច្ឆេទប្រើប្រាស់, ចំណីអាហារខូចគុណភាព និងមានសារធាតុគីមីធ្វើឲ្យប៉ះពាល់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នៅក្នុងករណីខ្លះវាគួរតែដល់ពេលដែលជំនាញចាត់វិធានការតាមផ្លូវច្បាប់ជាគំរូហើយនៅពេលនេះ៕