សូមប្រុងប្រយ័ត្ន ការហូបចុកពពួកសត្វ និងបន្លែធម្មជាតិដែលប្រមូលផលនៅតាមស្រែដែលមានបាញ់ថ្នាំ
នៅពេលនេះសង្រ្គាមប្រឆាំងនឹងដង្កូវហ្វូងដែលបានកំពុងតែពង្រីកការវាតទីរបស់វាត្រូវបានប្រកាសជាបណ្តើៗដោយអ្នកជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ហើយនៅក្នុងចំណោមវិធានការនោះគឺមានការអនុញ្ញាតនិងណែនាំឲ្យប្រើថ្នាំគីមីកសិកម្ម ដូច្នេះសូមប្រុងប្រយ័ត្ន ។
ជាទូទៅតាមទម្លាប់និងជាប្រពៃណីរបស់អ្នកសុ្រកអ្នកភូមិ នៅក្នុងរដូវដកស្ទូង ពោលគឺធ្វើស្រែចំការបែបនេះ គឺជារដូវដែលពួកគាត់សំបូរម្ហូបហូបចុក ហើយប្រភពនៃបន្លែនិងប្រតេអ៊ីនដែលគាត់ហូបចុកនោះគឺបានមកពីស្រែនេះឯង ចុះបើស្រែនោះត្រូវបាញ់ថ្នាំប្រឆាំងនឹងដង្កូវហ្វូង ដូច្នេះសូមប្រុងប្រយ័ត្ន ។
ជាទូទៅទម្លាប់នេះពេញនិយមណាស់ ដូច្នេះរាល់ការស្វែងរកម្ហូបជាត្រីក្តី ក្តាម ខ្យង កង្កែប ដែលរស់នៅតាមស្រែហើយ ពពួកបន្លែ ដែលដុះនៅតាមស្រែមានតាំងពីម្អម ឡើងទៅ សូមផ្អាកទទួលទានមួយរយៈសិន ជាពិសេសនៅតាមស្រែដែលកំពុងតែបាញថ្នាំសម្លាប់ដង្កូវ និង ស្រែឫក៏ប្រភពទឹកដែលនៅក្បែរៗពីព្រោះឥទ្ធិពលនៃថ្នាំសម្លាប់សត្វល្អិតដែលប្រើគឺវាអាច ធ្វើឲ្យយើងប៉ះពាល់ដល់សុខភាព ។
ក្រៅពីហូប ហើយក្រុមអ្នករកម្ហូបនិងបន្លែនៅតាមស្រែដែលកំពុងអនុវត្តវិធានការប្រឆាំងនឹងដង្កូវហ្វូងក៏ផ្អាកការចាប់ ឫបេះយកមកលក់នៅលើទីផ្សារផងដែរ ។
ក្រៅពីនោះបងប្អូនដែលមានអាការៈធីងធោង ក្អូតចង្អោរ រាគ វិលមុខអី នៅក្នុងអំឡុងពេលនេះក៏សូមប្រុងប្រយ័ត្នហើយព្យាយាមទៅពិគ្រោះយោបល់ជាមួយនឹងក្រុមគ្រួពេទ្យដើម្បីងាយស្រួល សង្រ្គោះនិងព្យាបាលកុំអោយមានគ្រោះថ្នាក់ដល់សុខភាពនិងជីវិត ។
មកដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ទំហំនៃការលុកលុយរបស់ហ្វូងដង្កូវកាន់តែរីក ដោយក្រសួងកសិកម្មបានប្រកាសថា វាបានពង្រីកទំហំនៃការបំផ្លាញដល់ទៅ ១៥ ខេត្តហើយ ដូច្នេះទំហំនៃរង្វង់ប្រតិបត្តិការបាញ់សម្លាប់ដោយប្រើគីមីអាចមានវិសាលភាពធំ ដែលយើងត្រូវ ប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ចំពោះសុខភាពផងដែរ ។
កុំលេងសើចណាស់ ដង្កូវហ្វូងក៏ត្រូវប្រយ័ត្ន ហើយបញ្ហាសុខភាពរបស់យើងនិងអ្នកនៅជុំវិញខ្លួនយើងក៏ត្រូវតែរិតតែប្រុងប្រយ័ត្នថែមទៀត។
សូមផ្អាកការហូបចុកនិងប្រើប្រាស់ធនធាននៅតាមស្រែនិងប្រភពទឹកនៅក្នុងតំបន់នោះសិនទៅ មិនយូរទេ នៅពេលដែលសារធាតុគីមីទាំងនោះសាបទៅ យើងអាចវិលមករកជីវភាពប្រក្រតីបានដដែលទេ ហើយសារធាតុគីមីដែល ក្រសួងអនុម័តយកមកប្រើនោះ ក៏មិនជាគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ប៉ុន្តែប្រយ័ត្នវាល្អជាងមិនប្រយ័ត្ន៕