រៀននៅណារៀនទៅ សំខាន់ត្រូវប្រឹង! កុំអោយគេមើលងាយ
សព្វថ្ងៃនេះកូនអ្នកធំអ្នកមានអំណាច អ្នកមានលុយគេបញ្ជូនកូនក៏ដូចជាចៅរបស់គេទៅរៀននៅក្រៅប្រទេស ហើយអ្នកខ្លះដែលមានជីវភាពល្មម គឺគេប្រឹងសន្សំលុយឲ្យកូនរៀននៅសាលាថ្លៃៗ ល្អៗដែលគេហៅថា សាលាអន្តជាតិ ស្របពេលដែលពលរដ្ឋភាគច្រើន គឺឲ្យកូនចៅរៀនតែនៅសាលារដ្ឋដែលជាសាលាមិនបង់ប្រាក់។
ជាការពិតកាលណាគេមានធនធានគេរៀនសាលានៅបរទេស ឬ សាលាអន្តជាតិថ្លៃៗគឺជារឿងប្រសើរបំផុតហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រៀននៅសាលាណាក៏ដោយគឺវាដូចតែគ្នាទេ។ ប្រសិនបើយើងខំប្រឹងប្រែងរៀន ខំស្រាវជ្រាវ ពោលគឺសំភីនៅក្នុងការអាន វិភាគបញ្ហា រកចំណុចខ្សោយនោះយើងនឹងអាចរីកចំរើន អាចចេះដូចតែគ្នាទេ គ្រាន់តែយើងហត់នឿយ ត្រូវខំលើសគេដែលមានធនធានបន្តិច។
កុំតូចចិត្តនៅសម័យនេះ អ៊ីនធើណិតមានលក្ខណៈទូលំទូលាយ ទោះបីជាគ្រួសារយើងគ្មានលទ្ធភាពឲ្យយើងទៅរៀននៅសាលាល្អ និងគ្មានសំភារៈប្រើប្រាស់គ្រប់គ្រាន់ដូចជាគេក៏ដោយ ប៉ុន្តែយើងមានអ៊ិនធើណិត ដែលអាចឲ្យយើងស្រាវជ្រាវរកមេរៀនរកបទពិសោធន៍ រកលំហាត់ រកទ្រឹស្តីសម្រាប់យើងរៀនវិភាគរៀនជីកកកាយបញ្ហាបាន ដែលខុសពីមុន។ សម័យនេះវាជួយច្រើន ហើយនៅក្នុងករណីយើងសំភី មិនខ្លាច នឿយហត់គេអាចទៅមុនយើងបន្តិច ប៉ុន្តែយើងក៏អាចទៅដល់គោលដៅរបស់យើងបានដែរ។
កុំតូចចិត្តនឹងវាសនា ហើយកុំច្រណែនគេ ពីព្រោះកំណើតមនុស្សយើងគ្មាននរណាដឹងទេ សំខាន់បើយើងចង់រំដោះខ្លួនចេញពីចំណុចមួយដែលទាប គឺមានតែពង្រឹងសមត្ថភាពតាមការអប់រំ ដើម្បីច្បាមចំណេះជំនាញផ្ទាល់ខ្លួន នោះយើងអាចនឹងស្គាល់ពន្លឺនៃជោគជ័យ។ សូមកុំបោះបង់ក្តីស្រមៃ គេធ្វើបានយើងក៏អាចធ្វើបាន ដូច្នេះយើងសូមកុំបោះបង់ការខំប្រឹងប្រែង ហើយកុំហត់ក្នុងការរៀន ប្រសិនបើយើងពិតជាចង់បានរំដោះខ្លួនពីបច្ចុប្បន្នភាពដែលយើងកំពុងតែរស់នៅ។
សូមប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវ ហើយសំភីនៅក្នុងការខំប្រឹងទោះជាត្រូវប្រឈមមុខយ៉ាងណាទោះបីជាត្រូវខាំស្មៅក៏ត្រូវតែទ្រាំដែរដើម្បីអនាគត។ នៅពេលដែលយើងមានចំណេះមានជំនាញពិតប្រាកដ ហើយនោះ នោះកិត្តិយសនឹងវិលមកយើងវិញមិនខាន ដូច្នេះហើយសូមកុំបោះបង់ ហើយរក្សាក្តីសង្ឃឹមជានិច្ចដើម្បីយើងអាចរកឃើញពន្លឺនៃការផ្លាស់ប្តូរខ្លួនយើង សហគមន៍យើង ប្រទេសជាតិយើង នៅពេលអនាគត៕