រដូវវស្សាជិតអស់ភ្លៀងហើយ

ស្ថិតិនៃគ្រោះទឹកជំនន់ត្រូវបានបន្តរាយការណ៍ជាបន្តបន្ទាប់ នៅក្នុងខេត្តមួយចំនួន នៅក្នុងរដូវវស្សាកន្លងទៅនេះ ហើយថ្មីៗនេះពោលគឺនៅក្នុងអំឡុងពេលនៃពិធីភ្ជុំបិណ្ឌក៏មានសេចក្តីរាយការណ៍អំពីការកាត់ផ្តាច់ចរាចរណ៍នៅផ្លូវមួយចំនួនផងដែរ ដោយសារជំនន់ទឹកភ្លៀង ។

ដោយសារតែបញ្ហាទឹកជំនន់នេះអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរថ្នាក់ជាតិកំពុងតែយកចិត្តទុកដាក់ខ្លាំងលើការជនលិច ខណៈភ្លៀងនៅតែបានបន្តបង្អុរទម្លាក់មកលើផ្ទៃប្រទេសយ៉ាងជោគជាំនៅផ្នែកខ្លះ នៅក្នុងប្រទេស ។

តាមសេចក្តីរាយការណ៍ពីអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះទោះបីជាមិនមានការជន់លេចធ្ងន់ធ្ងរបង្ករការខូចខាតខ្លាំងខ្លាំង ប៉ុន្តែខេត្ត១២ ដោយរួមទាំងបាត់ដំបង ក៏មានសេចក្តីរាយការណ៍ថា បានជនលិចមួយរយៈខ្លីដែរ ដូច្នេះហើយបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែកុំភ្លេចរឿងអស់ទឹកប្រើជាពិសេស គឺទឹកកសិ​កម្មផង ពីព្រោះអ្នកជំនាញខាងអាកាសធាតុបានបង្ហើបហើយថា ភ្លៀងរដូវវស្សាឆ្នាំនេះអាចនឹង​អស់លឿនជាងប្រក្រតី ។​

តាមការចុះផ្សាយដោយសារព័ត៌មានមួយចំនួនបានឲ្យដឹងថា ភ្លៀងរដូវវស្សាមាននៅសល់ត្រឹមតែពីរទៅបីថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ផ្នែកខាងត្បូងប្រទេស ឯនៅផ្នែកខាងជើងវាសឹងតែអស់ហើយ ខណៈដែលពេលនេះរបបខ្យល់មូសុងឦសានវាកំពុងតែចាប់ផ្តើមរុញចុះមកខ្លាំងជាលើកទី២នៅអំឡុងថ្ងៃទី២១ខែតុលា ដែលនេះជាសញ្ញាប្រាប់ថាភ្លៀងរដូវវស្សាឆ្នាំនេះបានឈានដល់ទីបញ្ចប់ហើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយបានប្រាប់សារព័ត៌មានមួយ នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ថា សម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិនខាងត្បូងវាមិនបានឡើងគោកទេ គឺវាដើរសរសៀរតាមឆ្នេររបស់ប្រទេសវៀតណាមចូលទៅក្នុងឈូងសមុទ្រតុងកឹង ចំណែកស្ថានភាពភ្លៀងមានច្រើនតែនៅ ក្នុងទឹកដីប្រទេសវៀតណាម អាចទៅដល់ទឹកដីថៃនិងឡាវតិចតួចណាស់មិនអាចធ្វើឱ្យរបបទឹកទន្លេមេគង្គងើបឡើងវិញជាថ្មីម្តងទៀតនោះទេសម្រាប់នៅក្នុងរដូវវស្សានេះ។

លោកបានអះអាងថា សម្រាប់នៅក្នុងប្រទេសកម្ពុជា នៅមានភ្លៀងពីរបីថ្ងៃទៀតនៅភាគខាង ត្បូងហើយផុតពីថ្ងៃទី១៨ខែតុលាទៅចុះខ្សោយ ចំណែកប៉ែកខាងលើនៅមានភ្លៀងតិចតួចសឹង​តែអត់ រីឯនៅភាគឦសានមានភ្លៀងយប់នេះមួយថ្ងៃទៀត តែចាប់ពីខេត្តកំពង់ធំចុះក្រោមអាចនៅមានភ្លៀងច្រើនគួរសម។

តាមការព្យាករចាប់ពីអំឡុងថ្ងៃទី២១ខែតុលាទៅ របបខ្យល់មូសុងឦសានលើកទី២នឹងរុញចុះមកខ្លាំង ជាសញ្ញាប្រាប់ថាទឹកភ្លៀងរដូវវស្សាបាន ចូលដល់ទីបញ្ចប់ហើយ។ ដូច្នេះ សម្រាប់បណ្តាខេត្ត និង មូលដ្ឋានដែលមានកសិករកំពុងតែធ្វើស្រែនៅចុងរដូវ សូមលើកកំពស់ការប្រុងប្រយ័ត្នរឿងសន្សែសន្សំទឹក តាមត្រពាំង ស្រះ ឬបឹង ទំនប់នានា ដើម្បីរក្សាទឹកទុកប្រើប្រាស់ និ​ងធ្វើកសិកម្ម បើមិនដូច្នេះទេ ផលដំណាំស្រូវចុងដៃអាចជួបវិបត្តិ ហើយនៅពេលដែលបាតុភូតអែ​លនីណូ  មកដល់ទៀតនោះ យើងក៏អាចនឹងប្រឈមបញ្ហាកង្វះទឹកប្រើប្រាស់ផងដែរ។

សរុបមកវិញសូមត្រៀមកម្លាំង ត្រៀមសំភារៈហើយប្រុងប្រយ័ត្នគ្រប់ស្ថានការណ៍ពីព្រោះធម្មជាតិ ពិបាកនឹងជឿទុកចិត្ត ដោយសារវាប្រែប្រូលលឿននិងកាន់តែពិបាកសន្និដ្ឋាន ដូច្នេះមានតែ ការលើកកំពស់ការប្រុងប្រយ័ត្នទេ ដែលអាចកាត់បន្ថយឫបញ្ជៀសផលប៉ះពាល់កុំអោយវាធ្ងន់ធ្ងរពេក៕

 

Daily Program

Livesteam thumbnail