មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពគួរតែពង្រឹងស្តង់ដា ឲ្យខ្លាំង!
មួយរយៈនេះ មន្រ្តីធំៗក្រសួងសុខាភិបាលពេលខ្លះរហូតដល់រដ្ឋមន្រ្តីបានកំពុងតែចុះពិនិត្យស្តង់ដានានានៅតាមមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពនានានៅតាមមូលដ្ឋានជាបន្តបន្ទាប់ ដូចនេះ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនានាដែលមានគឺចាំបាច់ត្រូវតែពង្រឹងនិងរៀបចំស្តង់ដា។
អ្វីដែលមន្រ្តីធំៗបានកំពុងតែចុះពិនិត្យជាបន្តបន្ទាប់នោះ គឺផ្តោតសំខាន់លើ៨ ចំណុច។ ចំណុចទាំងនោះ ត្រូវបានក្រសួងនេះបង្ហើបថា ទី១ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងនិងនៅជុំវិញមណ្ឌលសុខភាព, ទី២ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ទី៣ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាថែទាំអ្នកជំងឺ ទី៤ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស ទី៥ការបណ្តុះបណ្តាលបន្ថែម លើបច្ចេកទេសនិងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ទី៦ការគ្រប់គ្រងឱសថនិងសម្ភារបរិក្ខារពេទ្យ ទី៧ការបំពេញការងារនិងប្រចាំការ២៤ម៉ោង/២៤ម៉ោង៧ថ្ងៃ/សប្តាហ៍ និងទី៨ការជំរុញការថែទាំសុខភាពបឋម។
មកដល់ពេលនេះ សកម្មភាពចុះបែបនេះគឺឃើញជាញឹកញាប់ ហើយក្រោយពេលចុះពិនិត្យមក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដែលត្រូវបានមន្រ្តីធំៗចុះទៅខ្លះល្អចំណុចនេះ ខ្សោយចំណុចនោះ ហើយក៏មាន មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពខ្លះទៀតក៏ល្អភាគច្រើន។ ខ្លះទៀតក៏ខ្វះចន្លោះច្រើន ដែលចាំបាច់ត្រូវមានការកែលំអរបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងនោះអាចដើរតួនាទីផ្តល់ការព្យាបាលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយមានប្រសិទ្ធភាព ជៀសវាងបញ្ជូនអ្នកជំងឺឲ្យមកជន់នៅតាមមន្ទីរពេទ្យនៅទីក្រុង។
នៅក្នុងស្ថានភាពបែបនេះ យើងខ្ញុំយល់ថា ក្រសួងគួរតែមានស្តង់ដាមួយពិតប្រាកដ ហើយផ្សព្វផ្សាយដល់ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងនោះ។ នៅក្នុងករណីចេញស្តង់ដាហើយ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពមិនអាចបំពេញបាន គួរតែមានពិន័យឬក៏ការពន្យល់ឲ្យច្បាស់លាស់។ ចំពោះមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពណាដែលអនុវត្តតាមស្តង់ដាត្រឹមត្រូវ អាចជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋបាន គួរតែទទួលបានការទទួលស្គាល់នូវគុណតម្លៃនិងគុណធម៌របស់ក្រុមគ្រូពេទ្យដែលមានតួនាទីជួយសង្រ្គោះជីវិតមនុស្ស។
ការប្រឡងប្រណាំងបែបនេះ ក៏ជាបច្ច័យមួយដែលអាចនឹងនាំឲ្យមានការខិតខំនិងពង្រឹងការគុណភាពលើចំណុចទាំង៨ ដើម្បីធានាទៅពលរដ្ឋយើងអាចទទួលបាននូវសេវានៃការព្យាបាលនិងសង្រ្គោះជីវិត ប្រកបដោយស្តង់ដាមួយត្រឹមត្រូវ។ ចំពោះមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដែលមិនអនុលោមតាមស្តង់ដា គួរតែមានការពីនិត្យឬក៏ការបកស្រាយមួយឲ្យសមស្រប ដើម្បីរក្សាឱកាសជាស្ថាប័នសុខភាពល្អនៅតាមមូលដ្ឋាននានា៕