ពេលចុះអនុវត្តបទបញ្ជាឬអនុសាសន៍គឺសូមអនុវត្តតាមច្បាប់!

សម័យនេះសម័យបច្ចេកវិទ្យា សម័យនេះមនុស្សម្នាក់ជាអ្នកសារព័ត៌មានម្នាក់ ហើយពលរដ្ឋម្នាក់ៗអាចផ្សាយបានគ្រប់រឿងកុំថាឡើយរឿងសប្បាយចិត្ត ដូច្នេះនៅពេលដែលពួកគេជួបរឿងមិនសុខចិត្តមិនបាច់ហាមឃាត់ពួកគេទេ ហើយក៏មិនអាចបិទសិទ្ធិពួកគេបានឡើយ ។

សម័យមុននៅពេលចង់ផ្សាយរឿងអ្វីមួយ គឺត្រូវការកក់ទំព័រ កក់ម៉ោង ស៊កសៀតនេះស៊កសៀតនោះ ទើបបានព័ត៌មានចេញបាន ហើយពេលខ្លះមិនបានចេញទៀតពីព្រោះមានអ្នកនេះបិទ អ្នកនោះអន្តរាគមន៍មិនអោយសារព័ត៌មាននានាផ្សាយ ប៉ុន្តែសម័យនេះ ម៉ាស៊ីនផ្សាយ  ហើយច្រកផ្សាយមាននៅលើគ្រប់ដៃរបស់ពលរដ្ឋសឹងតែគ្រប់គ្នា ។

កុំប្រហែស តែប្រហែសប្រហោងហើយ នៅសម័យនេះពេលគេសប្បាយចិត្តគេផុស ចុះទម្រាំពេលដែលគេពិបាកចិត្ត ជាពិសេសគឺនៅពេលដែលពួកគេរងសំពាធ ឬយល់ថា ខ្លួនអយុត្តិធម៌ ឫខ្លួនរងការគាបសង្កត់ ពួកគេនឹងប្រតិកម្មភ្លាម ។​

តែចិត្តពួកគេក្តៅហើយមិនអាចបិទជិតបានទេ ដូច្នេះសូមកុំអោយមហាជនខឹង ឬថ្នាំងថ្នាក់  ។ ហើយរឿងនេះកំពុងតែផ្ទុះករណីសមត្ថកិច្ចចុះបង្រ្កាប់ករណីសង្ស័យនៅក្រុមហ៊ុនមួយ រហូតដល់ស្រ្តីម្នាក់ បានប្រើប្រាស់បណ្តាញសង្គមបកស្រាយនិងបានចែករំលែកនូវបញ្ហាដែលរូបគេបានជួយនៅក្នុងអំឡុងពេលអនុវត្តបទបញ្ជាមួយពាក់ព័ន្ធនឹងការបង្រ្កាបអនឡាញស្កេម និង ការបង្រ្កាបទំនិញនាំចូលខុសច្បាប់ពីថៃមកនោះ ។

បញ្ហានេះស៊ីជម្រៅយ៉ាងណានោះ សូមបន្តតាមដានទៅទៀតចុះ ប៉ុន្តែអ្វីដែលយើងខ្ញុំចង់ចែករំលែកនោះ គឺថា បញ្ហានេះវាអាចបណ្តាលមកពីបញ្ហាច្បាប់ ។​

នៅក្នុងករណីចុះអនុវត្តការងារ ឫដោះស្រាយករណីណាមួយ ទោះជាតាមបទបញ្ជាឫអនុសាសន៍របស់ថ្នាក់ដឹកនាំក្តី សូមរិះគិតនិងយកចិត្តទុកដាក់បន្តិចនៅលើច្បាប់ ។

បញ្ហាដែលស្រី្តម្នាក់នោះចេញមុខរិះគន់សមត្ថកិច្ចជំនាញ ដែលគេត្រូវចែករំលែកពេញបណ្តាញសង្គម បែបនោះ សូមបន្តរង់ចាំបច្ចប្បន្នភាពនៃព័ត៌មាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញព័ត៌មានដ៏ក្តៅគគុកនេះ ទាមទារឲ្យមានការដោះស្រាយឲ្យច្បាស់លាស់ កុំបន្លែបន្លំ  ហើយមុននឹងចុះទៅដោះស្រាយឫសម្របសម្រួល គឺចាំបាច់ត្រូវដឹងនិងចេះច្បាប់ ។

សរុបទៅនៅក្នុងយុគសម័យបច្ចេកវិទ្យាបច្ចុប្បន្ន បណ្តាញសង្គមបានធ្វើឲ្យពលរដ្ឋគ្រប់រូបអាចក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មាន និងបញ្ចេញមតិបានយ៉ាងឆាប់រហ័ស។ ដូច្នេះ ការគ្រប់គ្រងបញ្ហាផ្សេងៗមិនអាចពឹងផ្អែកលើការបិទបាំង ឬការរឹតត្បិតសិទ្ធិបញ្ចេញមតិបានទៀតឡើយ ប៉ុន្តែត្រូវផ្អែកលើការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ មានតម្លាភាព និងមានភាពយុត្តិធម៌។ ហើយករណីដ៏ក្តៅគគុកដែលកំពុងកើតឡើងនេះ បង្ហាញឲ្យឃើញថា រាល់ការចុះអនុវត្តភារកិច្ច ឬអនុវត្តបទបញ្ជាណាមួយ ទោះជាធ្វើឡើងក្រោមការណែនាំពីថ្នាក់ដឹកនាំក៏ដោយ ក៏ត្រូវតែឈរលើមូលដ្ឋានច្បាប់ និងការយល់ដឹងច្បាប់ឲ្យបានច្បាស់លាស់។ ព្រោះនៅពេលដែលប្រជាពលរដ្ឋយល់ថា ខ្លួនរងភាពអយុត្តិធម៌ ឬរងសម្ពាធ ពួកគេនឹងប្រើប្រាស់បណ្តាញសង្គមជាវេទិកាដើម្បីបង្ហាញពីទុក្ខកង្វល់របស់ខ្លួន ដែលអាចធ្វើឲ្យបញ្ហាកាន់តែរីកធំឡើង និងប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ។

សរុបទៅបញ្ហាទាំងឡាយគួរត្រូវបានដោះស្រាយដោយតម្លាភាព ភាពច្បាស់លាស់ និងការគោរពនីតិរដ្ឋ ដោយជៀសវាងការបន្លំ ឬការបកស្រាយមិនច្បាស់លាស់។ មានតែការយកច្បាប់ជាគោល និង ការទទួលខុសត្រូវ ប៉ុណ្ណោះ ដែលរក្សាបាននូវទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមឌីជីថលសព្វថ្ងៃ។

 

 

Daily Program

Livesteam thumbnail