ធនធានទេសចរណ៍មានលើសពីប្រាសាទ

វិស័យទេសចរណ៍នៅកម្ពុជាមានលើសពីប្រាសាទបុរាណនិងព្រៃធម្មជាតិ ប៉ុន្តែមកដល់ពេលនេះផលិតផលដែលគេឃោសនារួមទាំងស្ថាប័នពាក់ព័ន្ធដែលធ្វើគឺភាគច្រើនគឺធ្វើតែលើប្រាសាទ និងធម្មជាតិ ខណៈដែលវិស័យផ្សេងទៀតហាក់មិនសូវផ្តោតខ្លាំង ក្រៅពីនោះគឺមានក្រុមអ្នកអង្គុយរិះគន់ជាន់ពន្លិចតែម្តង។ 

ស្ថាប័នណាក៏ដូចជាស្ថាប័នណា ដោយរួមទាំងបណ្តាអ្នកផ្សព្វផ្សាយដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម​ គឺនិយាយច្រើនតែនៅលើប្រាសាទបុរាណ នៅលើរមណីដ្ឋានធម្មជាតិ និង ទីកន្លែងនានាជាដើម ប៉ុន្តែដោយឡែកអំពីសេវាកម្ម ហាក់មិនសូវនិយាយច្រើន  ហើយមិនតែប៉ុណ្ណោះនៅមានក្រុមអ្នករិះគន់ និងក្រុមអ្នកឆ្លៀត​ឱកាស។​​

សេវាកម្មនេះសំខាន់ណាស់ ប៉ុន្តែយើងខ្វះខាតការនិយាយហើយពលរដ្ឋភាគច្រើនក៏មើលស្រាលនិងអោយតម្លៃទាបនៅលើសេវាកម្មនេះផងដែរ។​ អ្នកខ្លះមិនត្រឹមតែមិនផ្តល់តម្លៃដល់សេវាកម្មឡើយ មានតែខំឆ្លៀតឱកាសដើម្បីយកសេវាកម្មនេះប្រែក្លាយជាប្រយោជន៍ខុសទំនងដែលនាំឲ្យអ្នកទេសចរទាំងជាតិនិងបរទេសខ្លាចរអា​។

សម្រាប់សេវាកម្មវិញបើនិយាយច្រើនឃើញមានសេវាកម្មម្ហូបអាហារ ដោយមានហូបនៅហាងនេះហូបនៅហាងនោះច្រើន ប៉ុន្តែមិនផ្តោតនៅលើតម្លៃ ហើយពេលខ្លះការផ្សព្វផ្សាយនោះទៀតសោតគឺមានមួយចំនួនខុសពីការពិតទៅទៀត។​

អ្នកដែលផ្សព្វផ្សាយនិយាយបែបនេះ ប៉ុន្តែនៅពេលដែលទៅដល់ជាក់ស្តែងគឺហាក់ដូចជាបំផ្លើសបំប៉ោងខុសពីការពិត នោះហើយដែលជាការផ្សព្វផ្សាយបោកឆ្នាំងបាយ នៃវិស័យទេសចរណ៍។​

វិស័យទេសចរណ៍មានច្រើនណាស់​ក្រៅពីប្រាសាទបុរាណ រមណីដ្ឋានធម្មជាតិ ម្ហូបអាហារ ការស្នាក់នៅ សូម្បីតែភាសា របៀបរបបនៃការស់នៅ សេចក្តីថ្លៃថ្នូរ ភាពស្មោះត្រង់ សុជីវធម៌ គុណធម៌ក៏ជាធាតុផ្សំដ៏ចំបងដែលគួរតែយកចិត្តទុកដាក់​ប្រសិនបើចង់អោយវិស័យទេសចរណ៍ខ្លាំង។

ចំណុចពិសេសមួយទៀតដែលសំខាន់សម្រាប់ទេសចរណ៍គឺថា ទេសចរណ៍មិនមែនជារបស់អ្នកណាម្នាក់ដាច់មុខឡើយ ហើយការធ្លាក់ចុះឫកើនឡើងនៃទេសចរណ៍ផលរបស់វាមិនមែនបានតែមន្រ្តី​ បានតែទៅលើអ្នកដឹកនាំរបស់ស្ថាប័នណាមួយទៀតគឺវាប៉ះពាល់ដល់គ្រប់គ្នា ដូច្នេះល្មមនាំគ្នាយល់ ហើយពួតដៃគ្នា ដើម្បីកែលំអរ៕

Daily Program

Livesteam thumbnail