គួរទុកដីចោលក្រោយរដូវ ចម្រូត ឬយ៉ាងណា?

រដូវវស្សានៅកម្ពុជាកំពុងតែជិតអស់ហើយ ដូច្នេះរដូវបង្កបង្កើនផលស្រូវនៅកម្ពុជានៅតំបន់ភា​គច្រើននៃប្រទេសយើងក៏ជិតអស់ដែរ លើកលែងកន្លែងខ្លះដែលមានប្រភពទឹក ហើយអាចបង្កបង្កើនផលស្រូវរដូវប្រាំងបាន ប៉ុន្តែតំបន់ដែលមិនមានទឹកគួរទុកដីចោលឬ?

តាមទម្លាប់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចំការនៅរដូវប្រាំងអ្នកខ្លះដែលឧស្សាហ៍គឺអាច ដាំដំណាំនេះដំណាំនោះ ទុកហូប ខ្លះក៏ទៅជួញដូរ ខ្លះក៏ធ្វើនំធ្វើនេះលក់ ដើម្បីដោះស្រាយជី​វ​ភាព ហើយខ្លះក៏ដើរលេងទំនេរមិនធ្វើអ្វីឡើយ ប៉ុន្តែជាទូទៅដីដែលមិនមានទឹក ច្រើនត្រូវទុកចោ​ល​ដោយគ្មានផលិតភាព។

នេះគឺជាចំណុចខ្សោយមួយ ហើយក៏អាចជាទម្លាប់ដែលអាចនឹងអោយយើងខ្ជះខ្ជាយធនធាន ដី ទំនេរចោល ខណៈដែលដីទាំងនេះ អាចនឹងមានសក្តានុពលសម្រាប់សកម្មភាពផ្សេងៗ ដូច្នេះគួរតែច្នៃ យ៉ាងហោចណាស់ក៏អាចដាំត្រសក់ស្រូវ ល្ពៅ ដំឡូងនេះដំឡូងនោះ  ដោយ​សារតែប្រភេទដំណាំខ្លះ មិនត្រូវការទឹកច្រើនទេ ។​

 ដីស្រែយើងបើអាចកែច្នៃហើយអាចធ្វើនេះធ្វើនោះទាញប្រយោជន៍បន្ថែមពីការធ្វើស្រែវាក៏អា​ចអោយយើងបានផល បានកម្រៃ ឬយ៉ាងហោចណាស់ដោះស្រាយជីវភាពបានខ្លះ ជាជាងទុកចោ​លគ្មានសកម្មភាព។

ដោយឡែកអ្នកជំនាញកសិកម្ម ក៏គួរតែចេញការអប់រំ ឬផ្តល់ជម្រើស​ ឬ​ក៏ចេញសេចក្តីណែនាំ ផ្ត​ល់ពលរដ្ឋដើម្បីពិចារណា ដើម្បីធ្វើយ៉ាងណាជួយជាគំនិត​ជាយោបល និង ជាការបង្ហាញផ្លូវ ដ​ល់កសិករយើង។​

កសិករនិងអ្នកជំនាញកសិកម្ម ក៏ដូចជាអ្នកដែលពាក់ព័ន្ធនានា ប្រសិនបើយើងអាចដោះស្រា​យ បញ្ហានេះបាន គឺអាចជួយលើកកំពស់ប្រសិទ្ធភាព និងសក្តានុពល ហើយក៏អាចបន្ថែមតម្លៃដល់ផ្ទៃដីកសិកម្មដ៏ធំល្វឹងល្វើយរបស់យើងបានមួយចំណែកទៀតផងដែរ។

យើងខ្ញុំជឿជាក់ថា ចាប់ពីខែវិច្ឆិកា ដល់ ខែមេសា ខាងមុខនេះតទៅ ផ្ទៃដីកសិកម្ម ជាពិសេសគឺស្រែរាប់សិបហិកតា នឹងត្រូវទុកចោល គ្មានសកម្មភាពទាំងអស់ ដូច្នេះគួរតែយើងរិះរកគំនិត ដោះ​ស្រាយបញ្ហានេះចាប់ពីពេលឥឡូវ។

យើងដឹងថា ដំណាំត្រូវការទឹក ត្រូវការជី តែផ្ទៃដីទាំងនេះភាគច្រើនមិនមានទឹកទេ ប៉ុន្តែបើនិ​យា​យអំពីគុណភាពដីក៏មិនអន់ដែរ ដូច្នេះយើងខ្ញុំគិតថា អ្នកជំនាញកសិកម្មអាចសិក្សារកពូជដំណាំដែលសមស្របសម្រាប់ដីទំាងនេះ ហើយមានប្រយោជន៍អាចជាជី​សម្រាប់ពេលធ្វើស្រែខា​ងមុខពេលមានទឹកភ្លៀងមកដល់៕

 

 

Daily Program

Livesteam thumbnail