ការប្រឡងកាន់តែគៀកហើយ ! ស៊ូៗបងបងប្អូន

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅថា បាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នឹងមកដល់នៅថ្ងៃទី ១៨ ខែសីហា នៅក្នុងពេលដ៏ខ្លីខាងមុខដូច្នេះយើងសង្ឃឹមថា បងប្អូនពិតជាបានខំប្រឹងប្រែងរៀនសូត្រត្រៀមបម្រុងរួចរាល់ហើយ។
ពេលវេលានេះវាពិតជាមានសភាពញាប់ញ័រនៅក្នុងចិត្ត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមព្យាយាមតាំងចិត្តរក្សាចិត្តឲ្យស្ងប់ស្ងាត់ហើយបន្តរំលឹកមេរៀន ធ្វើលំហាត់ បន្តទម្រាំការប្រឡងចូលមកដល់។
បងប្អូនយើងដឹងថា នៅពេលនេះអារម្មណ៍នៃការភ័យ និងព្រួយគឺនៅលាយឡំគ្នា ដូច្នេះវាអាចធ្វើឲ្យបងប្អូនមានអារម្មណ៍តប់ប្រម៉ល់នៅក្នុងចិត្ត ហើយតានតឹងនៅក្នុងអារម្មណ៍ ដូច្នេះក្រៅពីបន្តខិតខំរៀនសូត្រ ហើយនោះ គួរតែយកចិត្តទុកដាក់លើការហាត់កាត់បន្ថយស្ត្រេសនិងការតប់ប្រម៉ល់នោះចេញ។
បងប្អូនគួររៀនអប់រំចិត្តរក្សាភាពស្ងប់ស្ងាត់ខ្លះ ហើយក្រៅពីរៀនក៏គួរតែឆ្លៀតពេលវេលានិយាយលេងពីនេះពីនោះជាមួយនឹងមិត្តភក្តិជិតស្និទ លោកគ្រូ អ្នកគ្រូ ជាមួយនឹងឪពុកម្តាយរបស់បងប្អូន។ រៀនច្រើន ពេកនៅពេលដែលអារម្មណ៍តប់ប្រមល់ផងគឺខំណាស់វារិតតែមិនចេះឡើយ ប៉ុន្តែបើយើងអាចចេះលៃលកដោះស្រាយរំលួសឬរំសាយនូវភាពតានតឹង ហើយស្រ្តេសនោះចេញ វាអាចឲ្យយើងរៀនចូលវិញ ក៏ថាបាន។
ពីពេលនេះតទៅពេលវេលាមិនច្រើនទេ ដូច្នេះសូមរូតរះរៀនឆ្លើយសំនួរ រៀនធ្វើលំហាត់ ជាពិសេសគឺ មេរៀនណា ឬ សំនួរណា ឬ ក៏លំបាកៗ ហើយក្រៅពីការរៀនបងប្អូនក៏គួរតែលៃលកពេលវេលានិងគ្រប់គ្រងម៉ោងពេលសម្រាកឲ្យបានគ្រប់គ្រាន់។
ក្រៅពីនោះក៏សូមព្យាយាមទទួលទានអាហារណាដែលមានប្រយោជន៍ដល់សុខភាពដើម្បីត្រៀមប្រឡង។ បងប្អូនសូមព្យាយាមធ្វើទឹកចិត្តឲ្យប្រសើរ បរិភោគអាហារណាដែលមានជីវជាតិ ហើយហូបទឹកឲ្យបានគ្រប់គ្រាន់។
សម្រាប់ឪពុកម្តាយឬអាណាព្យាបាលវិញ គួរតែយកចិត្តទុកដាក់បង្កើតបង្កើតបរិយាកាសសន្តិភាពផ្លូវចិត្តនៅក្នុងផ្ទះ ហើយព្យាយាម កុំរំខានឬធ្វើអ្វីមួយប៉ះពាល់ដល់ម៉ោងសិក្សារបស់កូនៗ ។
ឪពុកម្តាយឬអាណាព្យាបាលគឺសូមបង្ហាញពីគារគាំទ្រនិងជឿជាក់លើសមត្ថភាពរបស់ពួកគេ ពោលគឺធ្វើយ៉ាងណាក៏ដោយ កុំបង្កឲ្យកូនមានបញ្ហា នៅក្នុងគ្រួសារផ្ទុះឡើង។
ឪពុកម្តាយឬអាណាព្យាបាល គួតែចេះលៃលកលើកទឹកចិត្ត ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះបុត្រធិតារបស់ពួកគេ ហើយគួរតែរៀបចំអាហារដែលមានតុល្យភាពផ្នែកសុខភាព ហើយ ក៏គួរតែជួយតាមដានមើលដំណេកពួកគេដើម្បីកុំអោយមានបញ្ហាសុខភាព។
ឪពុកម្តាយឬអាណាព្យាបាល សូមកុំដាក់សំពាធលើពួកគេ ដោយការសម្លុតគំរាមកំហែងនានា ពីព្រោះពេលវេលានេះវាលែងមានប្រសិទ្ធភាពហើយ វាគៀកពេល ហើយតែយើងដាក់សំពាធដល់ពួកគេទៀត វាអាចធ្វើឲ្យពួកគេកាន់តែបាក់ទឹកចិត្ត ដូច្នេះគឺមានតែតាំងចិត្តលើកទឹកចិត្តឲ្យពួកគេឆ្លងកាត់ការប្រឡងនេះដោយរលូន ហើយព្យាយាមទទួលយកលទ្ធផលដែលពួកគេទទួល ទោះជាវិជ្ជមានឬអវិជ្ជមាន ក៏ដោយ។
ជាការពិតសិស្សានុសិស្សក៏ដូចជាឪពុកម្តាយណាក៏ដូចគ្នាដែរគឺគ្មានពីណាចង់ឲ្យខ្លួនឬកូនខ្លួនធ្លាក់ឡើយ ដូច្នេះមានតែការលើកទឹកចិត្តនិងព្យាយាមអប់រំពួកគេដោយសេចក្តីស្រលាញ់ហើយឲ្យពួកគេទទួល យកលទ្ធផលដែលពួកគេអាចធ្វើបានដោយស្ងប់ចិត្ត៕
Daily Program
