សេចក្តីថ្លែងការណ៍រួម៖ ការផ្តន្ទាទោស​​​​លើសកម្មជន​ចលនា​មាតា​ធម្មជាតិ គឺជារឿងគួរឱ្យអាម៉ាស់

 សាលាដំបូង​រាជធានី​ភ្នំពេញ ដែលបានផ្តន្ទាទោសទៅលើសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចំនួន ១០រូប ដោយដាក់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ហើយចាប់ខ្លួនអ្នកទាំងនោះនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជារឿងដែលគួរឱ្យអាម៉ាស់យ៉ាងខ្លាំងសម្រាប់ជាតិ។

នេះជាការលើកឡើង​តាមរយៈសេចក្តីថ្លែងការណ៍រួម​របស់អង្គការ សមាគម និង​សហជីពជាង​៥០ស្ថាប័ន ដែលបានចេញ​នាព្រឹកថ្ងៃទី​៤ ខែកក្កដានេះ។

សេចក្តីថ្លែងការណ៍​រួមបញ្ជាក់ថា ៖ «ការបំបិទសំឡេងរបស់សកម្មជនបរិស្ថាន និងការចោទប្រកាន់ថា សកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ពួកគេ ជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះគឺធ្វើឱ្យប្រព័ន្ធយុត្តិធម៌រងភាពអាម៉ាស់»។

«អាជ្ញាធរ​មាន​សមត្ថកិច្ចគួរតែស្តាប់ និងចូលរួមធ្វើការជាមួយយុវជន និង​សកម្មជនបរិស្ថាន ហើយសូមមេត្តាបញ្ឈប់ការចំណាយធនធាន ដើម្បីធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងដាក់ទោសទៅលើ​យុវជនវ័យក្មេងដែល​ក្លាហាន និងមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​បំផុត​របស់​កម្ពុជា»។

សកម្មជន ៤រូប ដែលរួមមាន៖ លោក ថុ​ន​ ​រដ្ឋា​ ​អាយុ​ ​៣​២ ​ឆ្នាំ​ ​លោក លី​ ​ចាន់​ដារ៉ា​វុ​ត​ ​អាយុ​ ​២​៤​ ​ឆ្នាំ កញ្ញា​ ​ឡុង​ ​គន្ធា​ ​អាយុ​ ​២​៦​ ​ឆ្នាំ​ ​និងកញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​អាយុ​ ​២​៣​ ​ឆ្នាំ​ ​អ្នកទាំង ៤ បានជួបជុំជាមួយអ្នកគាំទ្រ និងគ្រួសាររបស់ពួកគេនៅខាងក្រៅតុលាការដើម្បីស្តាប់ការប្រកាសសាលក្រម។

កងកម្លាំងនគរបាលយ៉ាងតិចណាស់ ៥០ នាក់ បានស្ទុះចូលទៅចាប់ខ្លួន ដោយមានការអូសយ៉ាងកំរោល និងរុញច្រានពួកគេឱ្យចូលទៅក្នុងរថយន្តដែលបានត្រៀមទុក។ យ៉ាងតិចណាស់ មានសកម្មជនពីរនាក់ក្នុងចំណោមអ្នកទាំង ៤ ត្រូវបានចាប់​ក្រៀកកឱ្យចូលក្នុងរថយន្ត។ នៅពេលនោះអ្នកទាំង ៤ មិនបានរើបំរះពីការចាប់ខ្លួននោះទេ ហើយអ្នកទាំងនោះក៏មិនដែលបង្កការគំរាមកំហែងដល់អាជ្ញាធរ​មាន​សមត្ថកិច្ច ឬកងកម្លាំងសន្តិសុខនោះដែរ ។ ​ការ​ចាប់​ខ្លួន​សកម្មជនយ៉ាងឃោរឃៅ និងកំរោល ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។​

ការសម្រេចចិត្តមិនត្រឹមត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំបែកសកម្មជនទាំង ៥នាក់ ទៅកាន់ពន្ធនាគារផ្សេងៗគ្នានៅទូទាំងប្រទេស ហើយឆ្ងាយពីផ្ទះរបស់ពួកគេ នឹងបន្ថែមនូវការឈឺចាប់ ដែលសកម្មជន និងក្រុមគ្រួសាររបស់ពួកគេកំពុងទទួលរង ។

យោង​តាម​ព័ត៌មាន​ផ្លូវការ​ លោក​ ​យី​ម​ ​លាង​ហ៊ី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​​ខេត្ត​កំពង់ស្ពឺ​ លោក​ ថុ​ន​ ​រដ្ឋា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​៣​ (​ម​៣​) ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ត​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កណ្តាល​ ​រីឯ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​ពោធិ៍សាត់​ ​​ហើយ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធ​នាគា​រ​ខេត្ត​ព្រះវិហារ​ ​។​

សេចក្តីថ្លែងការណ៍រួមបន្តថា ទង្វើដែលមិនធ្លាប់មានពីមុនមកនេះ គឺច្បាស់ណាស់ ក្នុងគោលបំណងបំបាក់ស្មារតីសកម្មជនយុវជន ក៏ដូចជាដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់ពួកគេ ដែលនឹងត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រទៅសួរសុខទុក្ខមនុស្សជាទីស្រលាញ់ ឬផ្តល់សម្ភារៈសំខាន់ៗសម្រាប់ប្រើប្រាស់ នៅក្នុងពន្ធនាគារកំពុងមានការខ្វះខាតធនធាន។

សេចក្តីសម្រេចឃុំខ្លួនលោក ថុន រដ្ឋា នៅក្នុងមណ្ឌលអប់រំកែប្រែទី ៣ គឺជាការរំលោភទៅលើប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការកំណត់គោលដៅឃុំឃាំងជនជាប់ឃុំ សម្រាប់មណ្ឌលអប់រំកែប្រែ និងពន្ធ​នាគាររាជធានី ខេត្ត ឆ្នាំ២០២២។ លើសពីនេះ ការឃុំខ្លួនសកម្មជនទាំង ៥ នៅតាមពន្ធនាគារខេត្តផ្សេ​ងៗគ្នា គឺជាការរំលោភទៅលើបទដ្ឋានអន្តរជាតិស្តីពីការប្រព្រឹត្តិបែបមនុស្សធម៌ទៅលើអ្នកជាប់ឃុំ។​

សូមរម្លឹកដែរថា ​សកម្មជនទាំង ១០រូប ត្រូវបានផ្តន្ទាទោស​ពីបទ រួមគំនិតក្បត់ប្រឆាំងនឹងរាជរដ្ឋាភិបាល យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលករណីនេះកើតចេញពីសកម្មភាពតស៊ូមតិផ្នែកបរិស្ថានរយៈពេលមួយទសវត្សរ៍ ដោយចលនាមាតាធម្មជាតិពី ឆ្នាំ២០១២ ដល់ឆ្នាំ ២០២១។

សកម្មជនម្នាក់ៗត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ ទៅលើបទចោទ រួមគំនិតក្បត់ ខណៈដែល កញ្ញា ស៊ុន រដ្ឋា លោក លាងហ៊ី និងលោក អាឡិចសាន់ដ្រូ ហ្គ៊តស្សាលេស ដេវីដសុន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ និងពិន័យប្រាក់ចំនួន ១០លាន រៀល (ប្រមាណ ២.៥០០ ដុល្លាអាមេរិច) បន្ទាប់ពីពួកគេត្រូវបានផ្តន្ទាទោសពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ យោងតាមមាត្រា ៤៣៧ (ស្ទួន)។​

​លោក​ ថុន រដ្ឋា​ កញ្ញា គន្ធា និងកញ្ញា កែវរស្មី ត្រូវបានផ្តន្ទាទោសពីបទ ញុះញង់ កាលពីខែឧសភា ឆ្នាំ​២០២១ កន្លងទៅ ទាក់ទង​នឹង​យុទ្ធនាការ​ដើរ​តែម្នាក់ឯង ដើម្បី​តស៊ូ​មតិជំទាស់​នឹង​ការ​លុប​បឹងតាមោក​ក្នុង​រាជធានី​ភ្នំពេញ។ ការផ្តន្ទាទោសទៅលើពួកគេត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ភ្នំពេញ ហើយ​ទោស​របស់ពួកគេដែលនៅសល់ត្រូវ​បាន​ព្យួរ​ ដោយតុលាការកំពូល ។ ទោះបីជាពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីពន្ធនាគារក៏ដោយ អ្នកទាំងនោះត្រូវបានតុលាការដាក់ឱ្យនៅក្រៅឃុំជាមួយលក្ខខណ្ឌយ៉ាងតឹងរ៉ឹងមួយចំនួន ។

ការប្រើប្រាស់ការចោទប្រកាន់ដែលមិនត្រឹមត្រូវទាំងនេះ ទៅលើសកម្មភាពចលនាមាតាធម្មជាតិ ថាជាការប្រឆាំងទៅលើអាជ្ញាធរ​មាន​សមត្ថកិច្ច ឆ្លុះបញ្ចាំងពីការមិនយល់របស់អាជ្ញាធរ​មាន​សមត្ថកិច្ច ថាការឃុំខ្លួនអ្នកតស៊ូមតិផ្នែកបរិស្ថាន និងយុវជន គឺជាការធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រយោជន៍របស់ជាតិប៉ុណ្ណោះ ។ ​គួរ​តែឱ្យតម្លៃដល់សកម្មជនទាំងនោះ​ មិន​មែន​ចាប់អ្នកទាំងនោះ​ដាក់​គុក​នោះទេ ។​

សេចក្តីថ្លែងការណ៍រួមថា ៖ «​យើងខ្ញុំ​ទាំងអស់គ្នា ស្នើឱ្យអាជ្ញាធរ​មាន​សមត្ថកិច្ច សូមមេត្តាទម្លាក់ចោលការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ធានាថាអ្នកទាំងនោះត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជា»។

អង្គការ សមាគម និង​សហជីពទាំងនេះរួមមាន៖ សម្ព័ន្ធសហជីពកម្ពុជា (CATU), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO), សមាគមបណ្តាញយុវជនកម្ពុជា (CYN), អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC), សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF), មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​CENTRAL​)អង្គការសមាគមធាងត្នោត (ស.ធ.ត), សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (ខេត្តកំពង់ឆ្នាំង), សហគមន៍ដីធ្លីតានី (សៀមរាប), សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់), សហគមន៍ទន្លូង (ត្បូងឃ្មុំ), គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW), សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង), សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ) និងកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)ជាដើម៕

 

 

 

Daily Program

Livesteam thumbnail