សហគមន៍កាតូលិកចិនមួយផ្ដល់ស្បៀងដល់យុវនិស្សិតកំពុងរៀននៅទេវវិទ្យាល័យ

គេហទំព័រព័ត៌មានកាតូលិកចិន Xinde.org បានរាយការណ៍ថា ព្រះសហគមន៍កាតូលិកមួយនៅភាគពាយ័ព្យនៃប្រទេសចិន បានប្រារព្ធទិវាពិភពលោកសម្រាប់ជនក្រីក្រលើកទី ១០ ដោយបានបរិច្ចាគស្បៀងអាហារចាំបាច់នានា ជូនដល់យុវជនដែលកំពុងត្រៀមខ្លួនដើម្បីក្លាយជាបូជាចារ្យ នៅឯទេវវិទ្យាល័យបណ្តុះបណ្តាលបូជាចារ្យកាតូលិកខេត្តសានស៊ី។

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា លោកបូជាចារ្យ វ៉ាង ហ្វេង (Wang Feng) ដែលជាអ្នកទទួលបន្ទុកសហគមន៍កាតូលិកភូមិស៊ូជោ (Xujia) ក្នុងភូមិភាគជីជូ (Zhouzhi) បានដឹកនាំសមាជិក និងតំណាងសហគមន៍ នាំយកអង្ករ ម្សៅមី ប្រេងសម្រាប់ចម្អិនអាហារ ផ្លែឈើ បន្លែស្រស់ៗ ព្រមទាំងសាច់ ទៅប្រគល់ជូនដល់យុវនិស្សិតនៅទេវវិទ្យាល័យ។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅថ្ងៃអាទិត្យទី ៣៣ ក្នុងរដូវកាលធម្មតា (Ordinary Time) ដែលជាការបង្ហាញពីសាមគ្គីភាពជាមួយយុវនិស្សិត និងជាការគាំទ្រដល់ការត្រាស់ហៅឱ្យបម្រើព្រះជាបូជាចារ្យនៅក្នុងព្រះសហគមន៍កាតូលិក។

ទេវវិទ្យាល័យបណ្តុះបណ្តាលលោកបូជាចារ្យកាតូលិកនៅខេត្តសានស៊ី ស្ថិតនៅក្នុងខេត្តសានស៊ី ភាគពាយ័ព្យនៃប្រទេសចិន ដែលជាតំបន់រួមបញ្ចូលទាំងទីក្រុងស៊ីអាន ដែលជារដ្ឋធានីនៃខេត្តនេះផងដែរ។

ទិវាពិភពលោកសម្រាប់ជនក្រីក្រ ត្រូវបានបង្កើតឡើងដោយសម្តេចប៉ាបហ្វ្រង់ស៊ីស ដើម្បីលើកទឹកចិត្តគ្រីស្តបរិស័ទឱ្យទទួលស្គាល់ព្រះគ្រីស្តនៅក្នុងមនុស្សដែលជួបប្រទះនឹងភាពក្រីក្រ និងឆ្លើយតបតាមរយៈសកម្មភាពសប្បុរសធម៌ជាក់ស្តែង។

ការបរិច្ចាគនេះបានឆ្លុះបញ្ចាំងពីការយល់ដឹងរបស់សហគមន៍ថា ការគាំទ្រដល់បូជាចារ្យនាពេលអនាគត មិនត្រឹមតែពាក់ព័ន្ធនឹងការអធិស្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការថែទាំជាក់ស្តែងសម្រាប់អ្នកដែលកំពុងត្រៀមខ្លួនសម្រាប់កិច្ចបម្រើផងដែរ។

តាមរយៈការបរិច្ចាគនេះ លោកបូជាចារ្យ វ៉ាង និងសមាជិកព្រះវិហារបានស្វែងរកការពង្រឹងទំនាក់ទំនងរវាងសហគមន៍កាតូលិកក្នុងស្រុក និងស្ថាប័នដែលកំពុងបណ្តុះបណ្តាលអ្នកដឹកនាំកិច្ចការសាសនានៅក្នុងតំបន់នាពេលអនាគត។

Daily Program

Livesteam thumbnail
khmer popup image