យូនីសេហ្វ និងប្រទេសកម្ពុជាបន្តការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់អាហារូបត្ថម្ភ សម្រាប់ទាំងអស់គ្នា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ ២០២៣-២០៣០ ដែលជាគំនិតផ្ដួចផ្ដើមទីពីរថ្នាក់ជាតិ ដើម្បីបង្កើនល្បឿនវឌ្ឍនភាពនៅក្នុងការដោះស្រាយបន្ទុកនៃបញ្ហាកង្វះអាហារូបត្ថម្ភ និងធានាថា កុមារ យុវវ័យ និងមនុស្សធំគ្រប់រូបទទួលបានអាហារូបត្ថម្ភ ដែលពួកគេត្រូវការដើម្បីលូតលាស់។ ផែនទីបង្ហាញផ្លូវនេះ ដឹកនាំដោយក្រសួងសុខាភិបាល ដោយសហការជាមួយក្រសួងពាក់ព័ន្ធ ព្រមទាំងមានការគាំទ្រពីយូនីសេហ្វ និងដៃគូអភិវឌ្ឍន៍នានា។
ក្នុងនៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសកម្ពុជាបានបង្កើតវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចំពោះជីវិតរបស់កុមារ។ នៅរវាងឆ្នាំ២០១៤ និងឆ្នាំ២០២១ អត្រាភាពក្រិសក្រិននៅក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី ៣២ភាគរយ មកនៅត្រឹម ២២ ភាគរយ។ ទោះជាយ៉ាងណាក្ដី កុមារម្នាក់ក្នុងចំណោម១០នាក់ ដែលមានអាយុក្រោម៥ឆ្នាំ បន្តទទួលរងបញ្ហាភាពស្គមស្គាំងធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់អាយុជីវិត ។ ប្រេវ៉ាឡង់នៃភាពស្គមស្គាំងនៅតែពុំមានការប្រែប្រួលឡើយនៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ដែលនេះជាការគូសបញ្ជាក់អំពីសេចក្ដីត្រូវការបន្ទាន់ក្នុងការបន្ត និងពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អអាហារូបត្ថម្ភរបស់កុមារ។
ទន្ទឹមនឹងនេះដែរ អត្រាកុមារលើសទម្ងន់ បានកើនឡើងពី ២ភាគរយ ទៅ ៤ភាគរយ នៅរវាងឆ្នាំ២០១៤ និងឆ្នាំ២០២១ ហើយនិន្នាការគួរឱ្យព្រួយបារម្ភពាក់ព័ន្ធការអនុវត្តការផ្ដល់ចំណីអាហារដល់កុមារបង្ហាញថា កុមារចំនួនតែ ៥៤ភាគរយប៉ុណ្ណោះ ដែលទទួលបានទឹកដោះម្ដាយតាំងពីដំបូង ហើយកុមារតែ ៥០ភាគរយ ដែលទទួលបានការបំបៅដោះម្ដាយតែមួយមុខគត់នៅក្នុងរយៈពេល ៦ខែ ដំបូងនៃអាយុរបស់ពួកគេ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា: “រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តកែលម្អ អាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ដោយរៀបចំឱ្យមានប្រព័ន្ធផ្តល់សេវា និងអន្តរាគមន៍អាហារូបត្ថម្ភប្រកបដោយគុណភាព។ ប្រព័ន្ធសុខាភិបាលបានដាក់បញ្ចូលសេវាអាហារូបត្ថម្ភទៅក្នុងសេវាថែទាំសុខភាពបឋមដែលចូលរួមលើកកម្ពស់អាហារូបត្ថម្ភដ៏ប្រសើរបំផុត និងជាការចាប់ផ្តើមដ៏ល្អក្នុងជីវិត។ យុទ្ធសាស្ត្រចតុកោណដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ ពោលគឺ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងអនាម័យជាពិសេសក្នុងចំណោមជនក្រីក្រ និងជនងាយរងគ្រោះ។”
ផែនទីបង្ហាញផ្លូវនេះមានបំណងធានាថា សហគមន៍ទាំងអស់នៅកម្ពុជាទទួលបានអាហារូបត្ថម្ភ សុខភាព និងសុខុមាលភាពល្អបំផុត។ ផែនទីបង្ហាញផ្លូវនេះ កំណត់ទិសដៅជាតិពាក់ព័ន្ធនឹងកាត់បន្ថយប្រេវ៉ាឡង់នៃភាពស្គមស្គាំងនៅក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ ឱ្យមកនៅត្រឹម ៥ភាគរយ នៅត្រឹមឆ្នាំ២០៣០ និងបង្កើនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានជាសកលនូវអាហារូបត្ថម្ភប្រកបដោយគុណភាព ក្នុងអំឡុងពេលកុមារភាពវ័យកណ្តាល និងវ័យជំទង់ សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ និងអំឡុងពេលមានផ្ទៃពោះ ការសម្រាលកូន និងក្រោយសម្រាល។
តាមរយៈការដាក់កម្រិតចំពោះសមត្ថភាពរបស់កុមារក្នុងការសម្រេចបានសក្ដានុពលរបស់ខ្លួន ភាពស្គមស្គាំងរបស់កុមារមានផលប៉ះពាល់រយៈពេលវែងទៅលើមូលធនមនុស្ស និងវឌ្ឍនភាពជាតិ។ អាកាសធាតុអាក្រក់ខ្លាំងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងចំពោះសន្តិសុខស្បៀង បង្កឧបសគ្គបន្ថែមទៀតដល់កុមារ និងសហគមន៍ក្នុងការទទួលបានរបបអាហារប្រកបដោយជីវជាតិ និងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ។
“កុមារដែលពុំទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព ពុំត្រឹមតែមានរាងកាយក្រិសក្រិនប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងប្រឈមមុខនឹងឧបសគ្គរយៈពេលវែងនៅក្នុងការអភិវឌ្ឍពុទ្ធិផងដែរ ដែលនេះជាការកាត់បន្ថយយ៉ាងខ្លាំងក្លាចំពោះឱកាសរបស់ពួកគេក្នុងការរៀនសូត្រ ធំលូតលាស់ និងការរទទួលបានឱកាសនានានៅពេលនេះអនាគត” នេះជាសម្ដីរបស់លោកបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរបស់យូនីសេហ្វនៅកម្ពុជា។ “ផែនទីបង្ហាញផ្លូវរហ័សនេះ តំណាងឱ្យការប្តេជ្ញាចិត្តជាថ្មីក្នុងការលុបបំបាត់ការស្គមស្គាំងចំពោះកុមារនៅកម្ពុជា និងលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ហើយនេះគឺជាគោលដៅមួយប្រកបដោយមហិច្ឆិតាខ្ពស់ ដែលនឹងទាមទារឱ្យមានសកម្មភាព និងការសម្របសម្រួលគ្នានៅក្នុងចំណោមក្រសួងពាក់ព័ន្ធ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ យូនីសេហ្វបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុងការពង្រីកអន្តរាគមន៍នានាប្រកបដោយប្រសិទ្ធភាព ការវិនិយោគលើអាហារូបត្ថម្ភនៅគ្រប់កម្រិត ព្រមទាំងការការពារសុខភាព និងសក្ដានុពលរបស់ប្រជាជនជំនាន់ក្រោយ។”
ផែនទីបង្ហាញផ្លូវនេះចែងអំពីអភិក្រមវដ្ដជីវិតគ្រប់ជ្រុងជ្រោយ ដោយផ្ដោតលើក្រុមប្រជាជនសំខាន់ៗចំនួនបួន គឺ ស្រ្តីក្នុងវ័យបន្តពូជ កុមារអាយុក្រោម៥ឆ្នាំ កុមារក្នុងវ័យសិក្សា និងយុវវ័យ។ អាទិភាពស្នូលនៃផែនទីបង្ហាញផ្លូវនេះរួមមាន៖
ការពិនិត្យ និងការព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភនៅតាមសហគមន៍ រួមមាន ការប្រើប្រាស់វិធីសាស្រ្តវាស់ជុំវិញដើមដៃ (MUAC) នៅតាមគ្រួសារ ការពិនិត្យតាមដានភាពលូតលាស់ និងសេវាបង្ការនានា ដូចជា ការផ្ដល់វីតាមីនអា និងការផ្ដល់ថ្នាំទម្លាក់ព្រូន។
ការពង្រឹងអាហារូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅដោះកូន តាមរយៈការផ្ដល់ប្រឹក្សាយោបល់ក្នុងពេលមានផ្ទៃពោះ ការបន្ថែមមីក្រូសារជាតិ និងការគាំទ្រចំពោះការចាប់ផ្ដើមបំបៅដោះកូនតាំងពីដំបូង និងតែមួយគត់ ដោយមានការជំរុញគាំទ្រពីគោលនយោបាយស្ដីពីលំហែរមាតុភាព និងកន្លែងការងារដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការបំបៅដោះកូន។
ការពង្រឹងការបញ្ចុកចំណីទារក និងកុមារ តាមរយៈការកែលម្អការអនុវត្តការបំបៅដោះកូន ការផ្ដល់អាហារបន្ថែម ព្រមទាំងការពិនិត្យតាមដាន និងការលើកកម្ពស់ភាពធំលូតលាស់របស់កុមារ។
ការអប់រំអំពីអាហារូបត្ថម្ភ និងកម្មវិធីផ្ដល់អាហារតាមសាលារៀន សម្រាប់យុវវ័យ ជាពិសេស ក្មេងស្រី ដើម្បីដោះស្រាយលើទាំងបញ្ហាពាំក់ព័ន្ធនឹងការទទួលបានអាហារូបត្ថម្ភពុំគ្រប់គ្រាន់ និងកំណើនហានិភ័យនៃជំងឺធាត់។
ការបង្កើនការប្រើប្រាស់អាហារព្យាបាលដែលផលិតនៅក្នុងស្រុក ដូចជា នូទ្រិច (Nutrix) ដែលផលិតនៅកម្ពុជា សម្រាប់ការព្យាបាលបញ្ហាខ្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ។
ការវិនិយោគកាន់តែច្រើននៅក្នុងប្រទេសទៅលើអាហារូបត្ថម្ភ រួមទាំងការវិភាជថវិកាចំពោះអាហារព្យាបាលដែលរៀបចំរួចជាស្រេចសម្រាប់បរិភោគ (Ready-to-Use Therapeutic Foods (RUTF)) ព្រមទាំងអភិបាលកិច្ចកាន់តែខ្លាំងក្លា និងភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីធានានិរន្តរភាព។

Daily Program
