ព្រះមហាក្សត្រ អំពាវនាវឲ្យមានការគាំទ្រ និងការលើកតម្កើងកាន់តែខ្លាំងឡើង ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់គ្រូបង្រៀន
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសមាតាបិតា និងសិស្សានុសិស្ស ឱ្យបន្តគាំទ្រ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់គ្រូបង្រៀន។
យោងតាមព្រះរាជសារនាពេលថ្មីៗនេះ ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានសម្តែងនូវព្រះរាជហឫទ័យសប្បាយរីករាយជាអនេក និងបានចូលរួមជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ទិវាគ្រូបង្រៀន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយ ដើម្បីរំលឹកគុណូបការៈដ៏កាត់ថ្លៃពុំបានរបស់គ្រូបង្រៀនគ្រប់ជំនាន់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាញាណ ក្នុងការបំពេញបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃសម្រាប់ជាតិ។
ក្នុងឱកាសដ៏មានន័យនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រូបង្រៀន ដែលបានរួមចំណែកក្នុងស្តារ និងអភិវឌ្ឍន៍សង្គមកម្ពុជា តាមរយៈការបង្រៀន និងការអប់រំ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈប្រកបដោយសព្វគុណធម៌។
ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន ក្នុងការផ្ផ្តល់ចំណេះដឹង ការណែនាំ ការបំផុសគំនិត និងទស្សនៈ ព្រមទាំងការអប់រំសីលធម៌ គុណធម៌ និងតម្លៃដល់សិស្សានុសិស្ស និងនិស្សិត គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការបុកគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងភាពរីកចម្រើននៃសង្គមជាតិ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានលើកទឹកចិត្ត និងគាំទ្រដល់គ្រូបង្រៀនទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងកិត្តិយសថ្លៃថ្នូរ ព្រមទាំងខិតខំអភិវឌ្ឍចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ ឱ្យស្របតាមការវិវត្តនៃសង្គម បច្ចេកវិទ្យា និងតម្រូវការរបស់កុលបុត្រកុលធីតារបស់យើង។
ជាមួយគ្នានេះដែរ ព្រះមហាក្សត្រ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសមាតាបិតា និងសិស្សានុសិស្ស ឱ្យបន្តគាំទ្រ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់គ្រូបង្រៀន។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានបញ្ជាក់បន្ថែមថា ការចូលរួមយ៉ាងសកម្មពីគ្រប់ផ្នែកនៃសង្គម គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយចំណេះដឹង សមត្ថភាព និងសក្តានុពល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
