«ផ្ទះនៃគតិបណ្ឌិត» ក្លាយជាលំនៅឋានចុងក្រោយសម្រាប់ស្ត្រីវ័យចំណាស់ ទទួលបានការថែទាំ និងភាពកក់ក្ដៅ
ក្នុងវ័យ ៨៨ ឆ្នាំ ដូនជី ម៉ារី ហ្គាព្រីអែល រ៉ូបេរីយ៉ូ (Mary Gabriella Rebeiro) មានបំណងប្រាថ្នាតែមួយគត់សម្រាប់ពេលវេលាចុងក្រោយនៃជីវិតរបស់ដូនជីគឺ៖ «ខ្ញុំចង់ស្លាប់ដោយស្ងប់ស្ងាត់ មិនមែនស្លាប់ដោយការឈឺចាប់វេទនានោះទេ។»
បន្ទាប់ពីបានចំណាយពេលរាប់ទសវត្សរ៍ក្នុងការបង្រៀនកុមារ ដឹកនាំថ្នាក់រៀនអំពីជំនឿគ្រិស្តសាសនា និងលើកកម្ពស់ការអប់រំសម្រាប់មនុស្សពេញវ័យ សមាជិកនៃក្រុមដូនជីមកពីក្រុម Our Lady of the Missions រូបនេះ បានបន្តថា បច្ចុប្បន្នដូនជីរស់នៅ «ផ្ទះនៃគតិបណ្ឌិត» ដែលជាទីកន្លែងស្នាក់នៅមួយក្នុងទីក្រុងដាកា (Dhaka) ជាកន្លែងដែលដូនជីចូលនិវត្តន៍ចំណាយពេលចុងក្រោយនៃជីវិតរបស់ពួកគេ ដោយទទួលបានការថែទាំ ការអធិស្ឋាន និងភាពកក់ក្ដៅពីមិត្តរួមក្រុម។
ដូនជីបានប្រាប់ RVA News ថា៖ «ខ្ញុំបានបម្រើគ្រិស្តបរិស័ទពេញមួយជីវិតរបស់ខ្ញុំ។ ឥឡូវនេះ ដូនជីវ័យក្មេងនៅក្នុងក្រុមរបស់យើងកំពុងមើលថែពួកយើង។ អ្វីក៏ដោយដែលយើងត្រូវការ ពួកគេតែងតែផ្តល់ជូន។ យើងពិតជាមានអំណរគុណណាស់។»
ទោះបីជាភ្នែករបស់គាត់ចាប់ផ្ដើមមើលលែងសូវឃើញច្បាស់ក៏ដោយ ក៏ដូនជីនិយាយថាគាត់មានអារម្មណ៍សុវត្ថិភាពនៅក្នុងសហគមន៍មួយ ដែលបានក្លាយជាទាំងផ្ទះនិងជាគ្រួសារសម្រាប់គាត់។
នៅពេលដែលពិភពលោកប្រារព្ធទិវាអន្តរជាតិនៃមនុស្សចាស់នៅថ្ងៃទី ១ ខែតុលា បទពិសោធន៍របស់ដូនជីវ័យចំណាស់រូបនេះ ក៏បានផ្ដល់នូវទស្សនៈខុសប្លែកមួយអំពីជីវិតវ័យចំណាស់នៅក្នុងប្រទេសបង់ក្លាដែស ដែលជាកន្លែងដែលមនុស្សចាស់ជាច្រើនជួបប្រទះនឹងភាពឯកោ ការមិនយកចិត្តទុកដាក់ ឬការលំបាកផ្នែកសេដ្ឋកិច្ច។
