ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ

ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល គឺជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។
ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។
ជាការឆ្លើយតបដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន២ គឺទី១- ការពង្រីកការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និងទី២ ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុក ប្រមាណជាង ៣លាននាក់ ។
មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីប្រកាសនេះថា កម្មវិធីថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ និងជាវឌ្ឍនភាពដ៏សំខាន់ ក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេស ពាក់ព័ន្ធការគាំពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សម្តេចបន្តថា ការដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» គឺជាការបោះជំហានដ៏ស្វាហាប់ ប្រកបដោយមោទនភាព។ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» បានដាក់ចេញផែនការច្បាស់លាស់ណាស់ ដើម្បីធានាបានថា មិនទុកពលរដ្ឋណាចោល ដោយមិនបានគិតគូរពីបញ្ហាសុខភាពរបស់ពួកគាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ «រាជរដ្ឋាភិបាលនីតិកាលទី៧ ធនធានមនុស្សនៅតែជាកិច្ចការសំខាន់។ មូលធនមនុស្ស នៅតែជាគន្លឹះក្នុងការកសាងជាតិ ហើយសុខភាពគឺជាចំណែកមួយក្នុងការកសាងមូលធនមនុស្ស»។
ទំនើបកម្មសុខាភិបាល មិនអាចមានតែនៅភ្នំពេញនោះទេ គឺត្រូវតែរុញដល់ទីជនបទ ហើយការគិតគូរលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាល ជាមួយតម្លៃសមរម្យ គឺជារឿងចាំបាច់។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី។
សម្តេចបានបន្ថែមថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយជិត ៦០០លានដុល្លារ ដើម្បីពង្រឹងវិស័យសុខាភិបាល។
សូមបញ្ជាក់ថា «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» បានកំណត់គោលដៅជាក់លាក់ចំនួន៣ រួមមាន៖ ១) ការពង្រីកវិសាលភាពនៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃពលរដ្ឋសរុប, ២) ការបង្កើនសន្ទស្សន៍គ្របដណ្ដប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច ៨០ភាគរយ, និង៣) ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល៕


Daily Program
