បងប្អូនទន្ទឹមនឹងរីករាយសប្បាយយកចិត្តទុកដាក់ប្រុងប្រយ័ត្នផងណា!

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦សប្តាហ៍ខាងមុខនេះ បងប្អូនដែលជាប់ខ្សែស្រឡាយចិនឬវៀតណាមឬកូរ៉េ នឹងរីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន ប៉ុន្តែទន្ទឹមនឹងការជូនពរនិងចូលរួមរីករាយជាមួយនឹងបងប្អូន យើងខ្ញុំក៏ឆ្លៀតឱកាសនេះបន្តរំលឹកការប្រុងប្រយ័ត្នមួយចំនួន​ជូនបងប្អូន ដើម្បីកុំអោយអំឡុងពេលដែលយើងសប្បាយរីករាយវាទៅជាពេលវេលាទុក្ខសោកទៅវិញ​។

អ្វីដែលយើងខ្ញុំចង់ចែករំលែកនិងរំលឹកបងប្អូននោះគឺមិនខុសពីបណ្តាឆ្នាំមុនៗនោះទេ គឺបញ្ហាគ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ល្បែងស៊ីសង អំពើហិង្សា និង រឿងសុវត្ថិភាពលំនៅស្ថាននេះឯង។

គ្រោះអគ្គីភ័យវាកើតឡើងរាល់តែពេលគ្រាន់តែថា នាសប្តាហ៍ក្រោយនេះប្រយ័ត្នបន្តិចក៏ល្អ ជាពិសេសគឺការដុតក្រដាសសែនព្រេនតាមជំនឿ ការប្រើប្រាស់ភ្លើងធ្វើម្ហូបអាហារ​ ការតាំងលំអរលំនៅស្ថាន​ជាដើម។ ម្យ៉ាងវិញទៀត ការកំដៅ​​ម្ហូបសល់​ហើយប្រញាប់ដើរលេងភ្លេចបិទចង្ក្រាន្តក៏ជាគ្រោះថ្នាក់មួយដែរ។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ក៏មិនអាចមិនយកចិត្តទុកដាក់ដែរ ពីព្រោះរាល់ឆ្នាំឲ្យតែអំឡុងពេលនេះគ្រោះថ្នាក់ចរាចរណ៍កើនឡើងច្រើនដោយសារបងប្អូនធ្វើដំណើរទីជិតទីឆ្ងាយសប្បាយនិងដើរលេង ហើយត្រូវហូបចុកគ្រឿងស្រវឹង ដូច្នេះសូមប្រុងប្រយ័ត្ន។

រឿងគ្រឿងស្រវឹងនេះក្រៅពីប្រយ័ត្នរឿងបើកបរនិងធ្វើដំណើរហើយនោះ ក៏ប្រយ័ត្នមាត់ករ ពីព្រោះវាអាចនាំដល់ការទាស់ពាក្យទាស់សម្ដីកើតជាជម្លោះទៅជាហិង្សាសូម្បីតែ​​បងប្អូន និង មិត្តភក្រ្តរាប់អានគ្នាក៏មានដែរ​។​

ក្រៅពីនោះបងប្អូនក៏គួរតែប្រយ័ត្នដែរ អំពី​ល្បែងស៊ីសងគ្រប់ប្រភេទ ​ពីព្រោះរាល់ដងការជួបជុំគ្នាផឹកស៊ីសប្បាយនេះ ក៏មានអ្នកខ្លះដើរទន្ទឹមនឹងការលេងល្បែងស៊ីសងដែរ​។ លេងត្រឹមតែបងប្អូន តិចតួចៗគ្រាន់តែបង្អាប់គ្នាបានហើយ ប៉ុន្តែបើលេងយកឈ្នះយកចាញ់គឺ​ជាប្រភពវិនាសទ្រព្យមួយ​ដ៏ចំបង ហើយចាស់ៗបុរាណក៏មិនលើកទឹកចិត្តឬគាំទ្រអ្នកលេងល្បែងឡើយ។

រឿងចុងក្រោយនោះ គឺកុំភ្លេចឲ្យសោះរឿងសុវត្ថិភាពផ្ទះសម្បែងរបស់បងប្អូន​។ ​នៅពេលទៅណាមកណា ប្រសិនបើអាចគួរមានអ្នកចាំផ្ទះម្នាក់ ហើយបើមិនចាំទេ គួរផ្តាំផ្ញើអ្នកជិតខាង។ មុននឹងចេញពីផ្ទះក៏ត្រូវមើលចាក់សោរបិទបង្អូចដកភ្លើង​ ពិនិត្យចង្រ្កានសព្វយ៉ាង ដើម្បីបង្ការចោរកម្ម លួចគាស់ ហើយនិង គ្រោះអគ្គីភ័យ។

សរុបសេចក្តីទៅ​អ្វីដែលយើងខ្ញុំលើកឡើង គឺជាការពញាក់ស្មារតីប្រុងប្រយ័ត្ន ហើយឆ្លៀតឱកាសនេះជូនពរបងប្អូនទាំងអស់កុំអោយជួបភយន្តរាយនានាខាងលើនិងមិនបានរៀបរាប់។ អ្វីដែលអាក្រក់ឲ្យវារសាត់ទៅ ហើយអ្វីដែលល្អចាំកើតមាន។ សូមជូនពរឆ្នាំថ្មី៕

Daily Program

Livesteam thumbnail