នាយករដ្ឋមន្រ្តី ថ្លែងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីពង្រឹងធនធានមនុស្សក្នុងវិស័យការពារជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងពង្រឹងធនធានមនុស្សក្នុងវិស័យការពារជាតិ។

សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធា ជំនាន់ទី១ ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅសាលាហ្វឹកហ្វឺននៃបញ្ជាការដ្ឋានកោះឆ្នេរ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែវិច្ឆិកា។

«ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងអភិវឌ្ឍ និងពង្រឹងធនធានមនុស្សក្នុងវិស័យការពារជាតិ។ ជាពិសេស វាស្វែងរកការបណ្ដុះបណ្ដាលស្មារតីប្រាជ្ញា និងចរិយាធម៌របស់យុវជន ដែលជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត ដោយគិតគូរពីការបណ្ដុះស្មារតីស្នេហាជាតិ ការគោរពច្បាប់ វិន័យ និងភាពរួចរាល់ក្នុងការបម្រើជាតិគ្រប់កាលៈទេសៈ»។ នេះជាការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។

សម្តេចធិបតី បានបន្ថែមថា តាមរយៈកម្មវិធីហ្វឹកហ្វឺននេះ យុវជនដែលជាសិក្ខាកាម នឹងទទួលបានបទពិសោធន៍ និងជំនាញដ៏មានតម្លៃ រួមមាន៖ ការគ្រប់គ្រងខ្លួនឯង ការគោរពពេលវេលា ការដោះស្រាយបញ្ហជាក់ស្តែង និងសមត្ថភាពក្នុងការរស់នៅ និងធ្វើការជាមួយអ្នកដទៃក្នុងស្មារតីបងប្អូន និងភាពជាអ្នកដឹកនាំ។

យោងតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ប្រជាពលរដ្ឋកម្ពុជាដែលមានសញ្ជាតិជាបុរសទាំងអស់ ដែលមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ ត្រូវតម្រូវឱ្យបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ដោយអាចបន្តបន្ថែមរហូតដល់ ៦ខែទៀត ក្នុងករណីមានកាលៈទេសៈវិសាមញ្ញ។ ប្រជាពលរដ្ឋដែលមានសញ្ជាតិពីរ ហើយកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវស្ថិតក្រោមការអនុវត្តកាតព្វកិច្ចនេះផងដែរ។

ការចុះបញ្ជីនឹងចាប់ផ្តើមនៅពេលមានអាយុ ១៧ឆ្នាំ ខណៈដែលកាតព្វកិច្ចយោធាសម្រាប់ស្ត្រី គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។ ការលើកលែងត្រូវ បានអនុវត្តចំពោះព្រះសង្ឃ និងបព្វជិតសាសនា ប្រជាពលរដ្ឋដែលមានសមត្ថភាពពិសេសខាងសិក្សាធិការ ឬវិជ្ជាជីវៈ និងជនពិការ។

ច្បាប់នេះក៏បានកំណត់ទោសទណ្ឌចំពោះការគេចវេះ រួមមានការពិន័យជាប្រាក់ និងការផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ខែ ដល់ ៥ឆ្នាំ អាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃបទល្មើស។

 

Daily Program

Livesteam thumbnail
khmer popup image