ក្រសួងកសិកម្មនិងសហភាពអឺរ៉ុបចុះជួបកសិករខ្មែរដោយផ្ទាល់នៅចម្ការ«ស្វាយចន្ទី និងម្រេច»

ក្រុមអឺរ៉ុប និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ធ្វើទស្សនកិច្ចរួមគ្នាទៅកាន់ចម្ការស្វាយចន្ទី និងម្រេច ដើម្បីជំរុញកំណើនខ្សែច្រវាក់ផលិតកម្ម និងឱកាសការងារ ក៏ដូចជាការបង្កើនការយល់ដឹងកាន់តែច្បាស់អំពីកំណើនសក្តានុពលនៃខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច ទីផ្សារនៃការនាំចូល និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។

ក្រុមអឺរ៉ុប ដែលក្នុងនោះរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក តំណាងមកពីស្ថានទូតបារាំង ភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ(AFD) អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និង អង្គការ GIZ រួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។

នៅក្នុងដំណើរទស្សនកិច្ចផងដែរក៏នឹងមានជំនួបជាមួយសហគមន៍កសិកម្មទំនើប(MACS) ក្រុមហ៊ុនកែច្នៃ និងអ្នកនាំចេញនានាក្នុងខេត្តកំពង់ធំ និងត្បូងឃ្មុំ ដែលក្នុងនោះក៏មានការធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឧត្តមភាព បុសខ្នុរ ផងដែរ។

លោក ឌិត ទីណា មានប្រសាសន៍ថា សហគមន៍កសិកម្មទំនើបមានសារៈសំខាន់ចំពោះប្រព័ន្ធកសិ-ចំណីអាហាររបស់កម្ពុជា។ តាមរយៈការចងក្រងកសិករជាសហគមន៍កសិកម្មទំនើប នឹងជួយពង្រឹងសន្តិសុខស្បៀងព្រមទាំងរួមចំណែកធានានូវនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា។ តាមរយៈការប្រមូលផ្ដុំកសិករឱ្យប្រកាន់យកការអនុវត្តប្រកបដោយចីរភាព ពួកគាត់អាចកាត់បន្ថយថ្លៃដើមផលិតកម្ម ពង្រឹងអំណាចចរចា ក៏ដូចជាជីវភាពរបស់ពួកគាត់ផងដែរ។

លោក ស៊ីហ្គូ ទ្រីស ម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុបកំពុងកសាងភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែច្នៃក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ សហភាពអឺរ៉ុប ប្តេជ្ញាគាំទ្រដល់វិស័យកសិកម្មកម្ពុជា និងធានាថាវិស័យនេះ អនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Stefan Messerer បានបន្ថែមថា គោលបំណងចម្បងរបស់យើងគឺ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់នឹងអាកាសធាតុនៃវិស័យកសិកម្ម។ តាមរយៈការជំរុញការអនុវត្តប្រកបដោយចីរភាព និងការពង្រឹងខ្សែច្រវាក់តម្លៃ យើងប្តេជ្ញាបង្កើនប្រាក់ចំណូល ពង្រីកសមត្ថភាពកែច្នៃ និងកែលម្អលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដោយផ្តោតសំខាន់លើការបន្ថែមតម្លៃក្នុងស្រុក។

កិច្ចសហប្រតិបត្តិការនេះកំពុងតែចូលរួមអនុវត្តដោយប្រទេសបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងអភិវឌ្ឍការស្រាវជ្រាវ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា៕

 

Daily Program

Livesteam thumbnail