ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៣៨ ៦៥៤ តោន
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា នេះថា ការនាំចេញក្នុង៦ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤ តោន គិតជាទឹកប្រាក់បានចំនួន ២៤៧.៦០លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៣៨ ៦៥៤ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធដដែលបានបន្តថា ការនាំអង្ករទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១ លានដុល្លារសហរដ្ឋអាមេរិក។ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៤ ៥៥៤ តោន គិតជាទឹកប្រាក់ចំនួន ៥១.៨៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣១ ៩១៣ តោន គិតជាទឹកប្រាក់ចំនួន ២៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០.៦៣% ប្រភេទអង្ករស ធម្មតា ២៥.០៧% អង្ករចំហ៊ុយ ២.៥៧% អង្ករសរីរាង្គចំនួន ១.៤៨% និងអង្ករផ្សេងៗចំនួន ០.២៥% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៥២៨,០១១តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧២៧.៣៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧៥% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕