កាឌីណាល់ ភីលីព ណេរី៖ «រយៈពេល៨ឆ្នាំបន្ទាប់ត្រូវតែតាមដានយ៉ាងម៉ឺងម៉ាត់ ឆ្ពោះទៅឆ្នាំ២០៣៣»

ខណៈពេលដែល បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹមបានទាក់ទាញគ្រីស្តបរិស័ទ​​រាប់ពាន់នាក់នៅទីក្រុងប៉េណាំង លោក កាឌីណាល់ ភីលីព ណេរី (Cardinal Philip Neri) ដែលជាប្រធានសភា​លោក​អភិបាល​​អាស៊ី (FABC) បានចែករំលែកអំ​ពីបទពិសោធន៍នេះ អត្ថន័យរបស់វាសម្រាប់ទ្វីបអាស៊ី និងអនាគតនៃការចូលរួមរបស់ព្រះសហគមន៍ទូទាំងទ្វីបនេះ។

សន្និសីទសារព័ត៌មាននេះបានប្រមូលផ្តុំអ្នកសារព័ត៌មានមកពីទូទាំងទ្វីបអាស៊ី ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំព្រះសហគមន៍អំពីការធ្វើដំណើរឆ្ពោះទៅកាន់ឆ្នាំ ព្រះមហាករុណាទិគុណ ២០៣៣ ដែលរំលឹក​​ពេល ២.០០០ ឆ្នាំចាប់តាំងពីការសោយទិវង្គត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ត។

ពាក្យមួយដើម្បីពណ៌នាបូជនីយចរ៖ «ធ្វើដំណើររួមគ្នា»

លោកកាឌីណាល់ ភីលីព ណេរី បានពណ៌នាអំពីបូជនីយចរនៃក្តីសង្ឃឹមដ៏អស្ចារ្យ​ថាជា «ការធ្វើដំណើររួមគ្នាក្នុងនាមជាសាក្សីដ៏រាបសាររបស់ព្រះយេស៊ូ» ជាទស្សនៈកើតចេញពីការចូលរួមរបស់លោកនៅក្នុងការជួបជុំទ្វីបនានាទូទាំងអាមេរិកឡាទីន និងអាហ្វ្រិក។

លោកបានគូសបញ្ជាក់ពីភាពចម្រុះតែមួយគត់របស់ទ្វីបអាស៊ីក្នុងផ្នែកសាសនា វប្បធម៌ និងភាសា។ លោកបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមរបស់ព្រះសហគមន៍គឺការ «ធ្វើដំណើររួមគ្នា» ដោយការគោរព និងការដាក់ខ្លួន​ជាមួយនឹងប្រជាជនទាំងអស់ និង «សាសនាអ្នកជិតខាង» នៅក្នុងទ្វីបអាស៊ី។

លោកកាឌីណាល់បានពន្យល់ថា នេះស្របទៅនឹងគោលគំនិត ស៊ីណូដាលីធី (Synodality) ដោយទាមទារនូវឥរិយាបថខាងវិញ្ញាណនៃការដាក់ខ្លួន​ កិច្ចសន្ទនា និងការស្តាប់។

លោកបានសន្និដ្ឋានថា បេសកកម្មមិនមែនត្រឹមតែជាការប្រកាសប៉ុណ្ណោះទេ ប៉ុន្តែជា «ការដើរជាមួយមនុស្ស ដើម្បីធ្វើជាសាក្សីនៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្តតាមរយៈការធ្វើដំណើររួមគ្នារបស់យើង»។

សមាជបេសកកម្មអាស៊ីលើកទីមួយ៖ ហេតុអ្វីបានជាចំណាយពេលយូរម្ល៉េះ

នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាចំណាយពេលពីរទសវត្សរ៍សម្រាប់ការជួបជុំដ៏ធំមួយទៀត បន្ទាប់ពីសមាជបេសកកម្មអាស៊ីឆ្នាំ ២០០៦ និងពេលណាដែលសមាជបន្ទាប់អាចកើតឡើង លោកកាឌីណាល់ ភីលីព ណេរី បានទទួលស្គាល់ថាពួកគាត់មិនអាចពន្យល់ពីគម្លាតដ៏យូរនេះបានពេញលេញនោះទេ។

ការមើលទៅមុខ៖ ការតាមដានគឺជាគន្លឹះ

លោកកាឌីណាល់ ភីលីព ណេរី បានព្រមានថា ការជួបជុំទ្វីបនៃទំហំបូជនីយចរនេះមិនអាចប្រារព្ធធ្វើញឹកញាប់ពេកទេ ដោយសារតែតម្រូវឱ្យមានការរៀបចំយ៉ាងទូលំទូលាយ។

លោកបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាព និងផ្លែផ្កាពឹងផ្អែកតិចណាស់​លើព្រឹត្តិការណ៍ ផ្ទុយទៅវិញត្រូវ​ពឹងផ្អែកច្រើនលើ ការតាមដានជាបន្តបន្ទាប់​នៅកម្រិតជាតិ និងតំបន់ រួមទាំងភូមិភាគ និងសភាលោកអភិបាល​ផងដែរ។

លោកកាឌីណាល់បានសង្កត់ធ្ងន់ថា រយៈពេល៨ឆ្នាំបន្ទាប់ គួរតែផ្តោតលើការអនុវត្តជាក់ស្តែងនៃមេរៀនដែលបានរៀន ដោយអះអាងថា៖ «នោះហើយជាកន្លែងដែលឥទ្ធិពលពិតប្រាកដនៃសមាជនឹងត្រូវបានគេដឹង»។

ធ្វើជាសាក្សីដ៏រាបសារ

លោកកាឌីណាល់ ភីលីព ណេរី បានលើកឡើងជាថ្មីនូវប្រធានបទស្នូលរបស់លោកថា ការចូលរួមរបស់ព្រះសហគមន៍​នៅទ្វីបអាស៊ីត្រូវតែផ្តល់អាទិភាពដល់ ការដាក់ខ្លួន​ ការអមដំណើរ និងការគោរពចំពោះភាពចម្រុះ។

លោកបានថ្លែងថា៖ «ការត្រាស់ហៅរបស់យើងគឺដើម្បីធ្វើដំណើររួមគ្នា» ដោយសង្កត់ធ្ងន់ថា ការធ្វើជាសាក្សីដ៏រាបសារមានន័យថា ដើរជាមួយអ្នកដទៃ រៀនសូត្រពីពួកគេ និងចែករំលែកដំណឹងល្អតាមរបៀបដែលផ្លាស់ប្តូរចិត្ត មិនមែនដាក់បង្ខំជំនឿនោះទេ។ ការឆ្លុះបញ្ចាំងរបស់លោកបានរំឭកអ្នកចូលរួមថា អនាគតនៃព្រះសហគមន៍នៅទ្វីបអាស៊ីមិនអាស្រ័យលើព្រឹត្តិការណ៍ធំៗតែមួយ​នោះទេ ប៉ុន្តែអាស្រ័យលើការធ្វើដំណើរនៃជំនឿដោយភាពអត់ធ្មត់ រាបសារ និងនៅតែ​បន្តទៅមុខ៕

 

Daily Program

Livesteam thumbnail