៧000 ពាន់លានដុល្លារត្រូវបានចំណាយជារៀងរាល់ឆ្នាំ លើការវិនិយោគដែល បំផ្លាញធម្មជាតិ
យោងតាមរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់អង្គការសហប្រជាជាតិនៅសន្និសីទ អន្តរជាតិស្តី អំពីអាកាសធាតុនៅទីក្រុងឌូបៃ ប្រទេសអារ៉ាបរួម អេមីរ៉េត បានឲ្យដឹងថា មានជិត ៧០០០ ពាន់លានដុល្លារនៃការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជន ជារៀងរាល់ឆ្នាំ គាំទ្រដល់សកម្មភាពដែលមានឥទ្ធពលអវិជ្ជមាននៅលើធម្មជាតិ និងបង្កើតផ្ទាល់ដល់ ការ ប្រែប្រួលអាកាសធាតុ ឬវាមានប្រមាណជា ៣០ដង ច្រើនជាងចំនួនដែលចំណាយជារៀងរាល់ឆ្នាំសម្រាប់ដំណោះស្រាយដែលបង្កើតឡើងសម្រាប់ធម្មជាតិ។
របាយការណ៍នៃសាខាបរិស្ថានរបស់អង្គការសហប្រជាជាតិ ក៏បានបង្ហាញថា ទោះបីជាច្រើនទសវត្សមកហើយ ដែលមានសេចក្តីអំពាវនាវឲ្យមានការកាត់បន្ថយលំហូរហិរញ្ញវត្ថុឆ្ពោះទៅកាន់វិស័យ ដែលបំផ្លាញធនធានធម្មជាតិដែលមានតម្លៃបំផុតសម្រាប់មនុស្សជាតិ ការវិនិយោគបែបនេះ សព្វថ្ងៃនេះ នៅ តំណាងឲ្យ ៧% នៃផលទុនសរុបរបស់ពិភពលោក។
សភាពនៃការផ្តល់ហិរញ្ញប្បទានសម្រាប់ធម្មជាតិ ដែលផ្សព្វផ្សាយនៅឆ្នាំនេះ គឺជារបាយការណ៍ដំបូង ដែលផ្តោចលើអ្វីដែលគេហៅថា លំហូហិរញ្ញវត្ថុអវិជ្ជមានសម្រាប់ធម្មជាតិ និងបញ្ជាក់អំពីភាពបន្ទាន់នៃការឆ្លើយតបនឹងវិបត្តិដែលមានអន្តរទំនាក់ទំនងនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ស្ថានជីវចម្រុះ និងការថយចុះនៃគុណភាពដី។
របាយការណ៍ដែលបានបង្ហាញនៅអំឡុងទិវា ដែលឧទ្ទិសសម្រាប់កិច្ចពិភាក្សាអំពីធម្មជាតិ និងការប្រើប្រាស់ដី ក៏បានបញ្ជាក់អំពីទង្វើថា ការវិនិយោគទាំងនេះ លើសហួស បរិមាណប្រចាំឆ្នាំនៃការវិនិយោគនៅក្នុងដំណោះស្រាយដែលបង្កើតឡើងសម្រាប់ធម្មជាតិ ដែលធ្លាប់បានសរុបមានប្រមាណ ២០០ពាន់លានដុល្លារកាលពីឆ្នាំមុន។
ចំនួនលំហូហិរញ្ញវត្ថុដែលអវិជ្ជមានសម្រាប់ធម្មជាតិមានប្រភពពីវិស័យឯកជន។ ហើយជិតពាក់កណ្តាលនៃចំនួនទឹកប្រាក់ មានស្ថិតនៅលើវិស័យ ៥ ដែលសំខាន់ៗ មាន វិស័យសំណង់ សេវាកម្មអគ្គីសនី អចលនវត្ថុ ប្រេង និងឧស្ម័ន ព្រមទាំងស្បៀងអាហារ និងថ្នាំជក់។
ដៃគូមួយក្នុងចំណោមដៃគូជាច្រើនរបស់កម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន ដែលបានចូលរួមវិភាគទានធ្វើរបាយការណ៍ គឺអង្គការ Global Canopy។ នេះគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលផ្តោចលើទិន្នន័យ ហើយដាក់គោលដៅលើតួអង្គទីផ្សារ ដែលមានឥទ្ធិពលអវិជ្ជមានទៅលើធម្មជាតិ។ នាយកប្រតិបត្តិរបស់អង្គការនេះ លោកនីគី ម៉ាកដាស បានថ្លែងថា មានក្រុមសហគ្រាស ឬស្ថាបនហិរញ្ញវត្ថុ ដែលនឹងអាចធ្វើការវិនិយោគដែលអនុគ្រោះដល់ធម្មជាតិ និងធ្វើឲ្យគេចាប់អារម្មណ៍ច្រើនចំពោះធម្មជាតិ។ ប៉ុន្តែពួកគេក៏មិនមានតម្លាភាពទាំងស្រុងអំពីការបង្ហាញនូវការវិនិយោគដែលហុចផលអវិជ្ជមានរបស់ពួកគេចំពោះធម្មជាតិ ជាពិសេសនៅពេលលើកឡើងអំពីប្រភពដើមនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។
សហគ្រាសនានាត្រូវតែចាប់ផ្តើមដោះស្រាយបញ្ហា មិនមែនដកថយ ឬលែងវិនិយោគនោះទេ។ សហគ្រាសនានានិងផ្លាស់ប្តូរប្រតិបត្តិការ និងឥរិយាបថរបស់ពួកគេ ដែលអនុគ្រោះដល់ធម្មជាតិវិញ។
លោកនីគី ម៉ាកដាស បានផ្តល់ឧទាហរណ៍នៃការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ដែលស្ថិតនៅចំកណ្តាលបេះដូង នៃរាល់ការខិតខំប្រឹងប្រែង ដែលសំដៅដល់ការបញ្ឈប់ការកាប់ទាំងស្រុង។ ក្នុងនោះ មានតែ២០% ឬប្រមាណជា ៧០០ សហគ្រាសហិរញ្ញវត្ថុ ដែលបានសន្យាសើៗ ចំពោះការផ្តល់លុយសម្រាប់សកម្មភាពនៃការឈប់កាប់ឈើទាំងស្រុងនៅក្នុងក្របខណ្ឌសម្ព័ន្ធមិត្តហិរញ្ញវត្ថុ ហ្គ្លាស្កូ ហើយក៏មិនមានវិធានការណាមួយប្រឆាំងនឹងការកាប់ឈើនេះដែរ។
លោកនីគី ម៉ាកដាស បានបន្ថែមថា សកម្មភាពដ៏ធំបំផុតដែលយើងអាចចាប់ផ្តើមសម្រាប់ធម្មជាតិ អាកាសធាតុ និងប្រជាជន គឺជាហិរញ្ញវត្ថុបៃតង។ យើងត្រូវតែផ្តល់ហិរញ្ញប្បទានដល់សកម្មភាពបៃតង។ ប៉ុន្តែយើងក៏ត្រូវធ្វើឲ្យទឹកប្រាក់ ៧០០០ ពាន់លានដុល្លារនៃហិរញ្ញប្បទាន ក្លាយជាសកម្មភាពបៃតងដែរ។