អាហ្វ្រិកខាងលិច ៖ មនុស្សច្រើនជាង ៦៣៥០០០នាក់ រងផលប៉ះពាល់ ដោយសារទឹកជំនន់ ហើយមនុស្ស ២៣៥០០០នាក់ បានភៀសខ្លួន
អង្គការមនុស្សធម៌នានានៃអង្គការសហប្រជាជាតិ បានព្រមានថា ទឹកជំនន់ដែលមិន ដែល ធ្លាប់មាន និងបំផ្លិចបំផ្លាញ នៅអាហ្វ្រិកខាងកើត បានបង្កជាការផ្លាស់ទីលំនៅដ៏សម្បើមរបស់ មនុស្សរាប់ម៉ឺននាក់ ដែលត្រូវបង្ខំចិត្តឲ្យចាកចេញពីលំនៅដ្ឋាននៅប្រទេសប៊ូរុនឌី កេនយ៉ា រ៉ូវ៉ាន់ដា សូម៉ាលី អេស្យូពី និងតង់ហ្សានី។ អង្គការមនុស្សធម៌ក៏បានអំពាវនាវឲ្យមានកិច្ចខិតខំ ប្រឹងប្រែងខ្លាំងក្លាដើម្បីប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃអាកាសធាតុ។
យោងតាមទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ សម្រាប់អន្តោប្រវេសន៍ (OIM) បានឲ្យដឹងថា មនុស្ស ៦៣៧០០០ នាក់ត្រូវបានរងប៉ះពាល់។ បើយោងតាមការរាប់ចំនួន កាលពីថ្ងៃទី៣ ខែ ឧសភាមុន តាមរយៈការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ បានឲ្យដឹងថា មានមនុស្ស ២៣៤០០០នាក់ ត្រូវបានភៀសខ្លួនចេញ។
ភ្លៀងលាយខ្យល់កួច បានបង្កបានជាព្រឹត្តិការណ៍មហន្តរាយជាបន្តបន្ទាប់ មានដូចជា ទឹក ជំនន់ ការបាក់ដី ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មាន ដូចជា ផ្លូវថ្នល់ ស្ពាន និងទំនប់។
OIM បានព្យាករណ៍ថា ៖ “មហន្តរាយនេះ មិនគ្រាន់តែឆក់យកអាយុជីវិត សម្រាប់មនុស្ស ជាច្រើននោះទេ ប៉ុន្តែវាក៏ធ្វើឲ្យមានការឈឺចាប់កាន់តែធ្ងន់ធ្ងរទៅដល់ប្រជាជនដែលរងផល ប៉ះពាល់ និងបង្កើនហានិភ័យឲ្យកើតមានជំងឺដែលបណ្តាលមកពីខ្វះទឹកស្អាតៗ”។
”ទឹកជំនន់ដ៏បំផ្លិចបំផ្លាញ និងមិនធ្លាប់មានពីមុន បានបង្ហាញអំពីសច្ចភាពរឹងមាំនៃការប្រែប្រួល អាកាសធាតុ ដែលធ្វើឲ្យមានជនរងគ្រោះ និងធ្វើឲ្យសហគមន៍ជាច្រើនត្រូវភៀសខ្លួន។ នៅខណៈដែលប្រជាជនទាំងនេះត្រូវប្រឈមមុខនឹងការងារកសាងសហគមន៍ខ្លួនឡើងវិញដ៏ ធ្ងន់ធ្ងរ ភាពងាយរងគ្រោះរបស់ពួកគាត់គ្មានអ្វីក្រៅពីចេះតែកើនឡើងនោះទេ។
នៅលើទីកន្លែងផ្ទាល់ OIM បានផ្តល់ជម្រកបន្ទាន់ តង់ជ្រក កន្លែងធ្វើម្ហូប អំពូលពន្លឺព្រះអាទិត្យ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដល់មនុស្ស ៥០០០នាក់នៅប្រទេសប៊ូរុនឌី។ នៅ ប្រទេសអេត្យូពី OIM បានជួយដល់មនុស្សច្រើនជាង ៧០០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក៏ដូចជានៅក្នុងតំបន់សូម៉ាលី និងអូរ៉ូមីញ៉ា។
នៅកេនយ៉ា OIM និងកាកបាទក្រហមកេនយ៉ា បានធ្វើកិច្ចសហប្រតិបត្តិការដើម្បីផ្តល់ជម្រក និងសម្ភារៈសម្រាប់ធ្វើអាហារសំខាន់ៗ ដល់មនុស្សជិត ៤០០០០០នាក់ និងនៅទិសខាងកើត ភាគកណ្តាល និងភាគខាងលិចនៃប្រទេសកេនយ៉ា ដែលជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយទឹកជំនន់។ នៅប្រទេសសូម៉ាលីជិតខាង ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាន ផ្គត់ផ្គង់ដល់មនុស្សប្រមាណ ២៤០០០០នាក់ នូវជម្រក សម្ភារៈអនាម័យ និងការព្យាបាលវេជ្ជសាស្រ្តចាំបាច់។
ទ្វីបអាហ្រ្វិកគឺមានភាពងាយរងគ្រោះថ្នាក់សម្រាប់ការប្រែប្រួលអាកាសធាតុ ទោះបីជាទ្វីបនេះ ចូលរួមបំភាយឧស្ម័ន្ធផ្ទះកញ្ចក់តែ ៤% នៅក្នុងពិភពលោកក៏ដោយ។ ភាគខាងកើត និងភាគឥសាននៃទ្វីបអាហ្វ្រិក ត្រូវរងផលប៉ះពាល់ជាពិសេសដោយភាពឆ្លាស់គ្នានៃវដ្តិគ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំងក្លា នៅអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះ។
ប៉ុន្តែសព្វថ្ងៃនេះ គេកត់ត្រាឃើញមានភ្លៀងធ្លាក់សម្បូរលើសលុប និងគ្រោះទឹកជំនន់ដ៏អាក្រក់អាក្រីដែលគេសង្កេតឃើញមានតាំងពីប៉ុន្មានទសវត្សមកហើយនៅក្នុងប្រទេសដែលពាក់ព័ន្ធ។
មានការខិតជិតមកដល់នៃការពិភាក្សាអំពីការប្រែប្រួលអាកាសធាតុពិភពលោកនៅកិច្ចព្រមព្រៀងក្របខណ្ឌនៃអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ ដែលនឹងរៀបចំឡើងនៅប្រទេសអាឡឺម៉ងនៅខែមិថុនាក្រោយ ដែលនឹងអនុញ្ញាតឲ្យរៀបចំកាលបរិច្ចេទសម្រាប់ភាគីផ្សេងៗ។ OIM និយាយការពារថា ការពិភាក្សាអំពីការប្រែប្រួលអាកាសធាតុរួមបញ្ចូលការពិចារណាអំពីការភៀសខ្លួនដោយសារអាកាសធាតុរបស់ប្រជាជនផងដែរ។