អង្គការសហប្រជាជាតិព្យាករអំពី​ការមកដល់ដែលអាចទៅរួចនូវបាតុភូត ឡា នីណា និងសីតុណ្ហភាពដែលចុះត្រជាក់

បាតុភូតឧតុនិយម​ឡា នីណា គួរតែនឹងមកដល់​បន្ទាប់ នៅឆ្នាំនេះ និងនាំមកនូវ​សីតុណ្ហភាព​ដែល​កាន់តែត្រជាក់ បន្ទាប់ពីឯកតកម្មនៃកម្តៅ​ដែលបញ្ឆេះឡើង​ដោយបាតុភូតអេល នីណូ និង​បាន​វាយ​​ប្រហារជាច្រើនខែមកហើយនៅក្នុងឆ្នាំនេះ។

អង្គការឧតុនិយមពិភពលោក (OMM) បានរៀបរាប់ថា ៖ “បាតុភូតអេល នីណូ ឆ្នាំ​២០២៣-២០២៤ ដែលបានចូលរួមជំរុញឲ្យមានការកើនឡើងនូវសីតុណ្ហភាពពិភពលោក និង​គ្រោះ​ធម្មជាតិ​សាហាវៗ បង្ហាញសញ្ញាថា វានឹងឈានដល់ទីបញ្ចប់ហើយ។ វាប្រហែល​នឹង​​មានការ​ត្រឡប់​មកវិញ​នូវលក្ខខណ្ឌឡា នីណា នៅពេលក្រោយមក នៅឆ្នាំនេះ។”

វាមានអាត្រា ៦០% ដែលបាតុភូតឡា នីណា លេចឡើងនៅអំឡុងរយៈពេល ពីខែកក្កដា ដល់​ខែកញ្ញា ហើយវានឹងកើនទៅដល់ ៧០% ពីចន្លោះខែសីហា និងខែវិច្ឆិកា។ OMM ក៏វាយ​តម្លៃ​ថា ហានិភ័យនៃការលេចឡើងនូវបាតុភូតអេល នីណូ ក៏ត្រូវយកចិត្តទុកដាក់ដែរ នៅ​អំឡុង​​ពេលនេះ”។ ក្នុងអំឡុងពីខែមិថុនា ដល់ខែសីហា អង្គការឧតុនិយម​អន្តរជាតិវាយតម្លៃថា វាមានសំណាង ៥០% ដែលលក្ខខណ្ឌគឺនៅស្មើ ​មិនមានអេល នីណូ និងក៏មិនមាន ឡា នីណា ឬក៏ជាស្ថានភាពបម្រែបម្រួលទៅឡា នីណា។

ឡា នីណា គឺសំដៅ​ទៅដល់ការចុះប្រជាក់ នៅទ្រង់ទ្រាយធំ នៃសីតុណ្ហភាព នៅលើផ្ទៃលើ​នៃ​មហា​សមុទ្រ​នៅក្នុងតំបន់កណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វីកខ្សែអេក្វាទ័រ។ វា​ក៏​ពាក់ព័ន្ធទៅនឹងការប្រែប្រួល​នៅក្នុងចរាចរណ៍បរិយាកាសត្រូពិច គឺមាន ខ្យល់ សំពាធ និង​ការ​ធ្លាក់ភ្លៀង។ 

ឥទ្ធិពលក៏ប្រែប្រួលផងដែរទៅតាមតំបន់នានា។ ឡា នីណា នឹងបង្កើតឥទ្ធិពល​អាកាស​ធាតុ​ផ្ទុយ​ពីបាតុភូត អេល នីណូ។ អង្គការឧតុនិយមពិភពលោករំឭកថា ទោះបីជាយ៉ាងណា ព្រឹត្តិការណ៍​អាកាសធាតុធម្មជាតិ​ទាំងនេះ បានកើតឡើងនៅក្នុងបរិបទ​នៃការប្រែប្រួល​អាកាសធាតុ​​ដែលបង្កើតឡើងដោយមនុស្ស ដែលបង្កើនសីតុណ្ហភាពពិភពលោក ធ្វើឲ្យ​រឹត​តែ​ធ្ងន់ធ្ងរ​​លើលក្ខខណ្ឌឧតុនិយម និងមានគ្រោះធម្មជាតិអាកាសធាតុសាហាវៗ និង​មាន​ឥទ្ធិពល​ទៅលើ​របបរដូវ ការធ្លាក់ភ្លៀងខ្លាំង និងសីតុណ្ណភាពផងដែរ។

ចាប់តាំងពីខែមីថុនា ឆ្នាំ២០២៣ ឯកតកម្មថ្មីមួយបានកើតមានឡើង ហើយ​ឆ្នាំ​២០២៣ ក៏​ក្លាយ​ជា​ឆ្នាំដែលក្តៅបំផុត​មិនដែល​ធ្លាប់បានកត់ត្រា។ នៅក្នុងសេចក្តីប្រកាសមួយ លោកកូ បារ៉េត អនុ​អគ្គលេខានៃអង្គការឧតុនិយមពិភពលោក បានថ្លែងថា ៖ “ការចប់បាតុភូត អេល នីណូ មិន​មែនមានន័យថា ជាការឈប់នៃ​ការប្រែប្រួល​អាកាសធាតុនោះទេក្នុងរយៈពេលវែង ដោយសារ​តែផែនដីរបស់យើង​នឹងបន្តកើនកម្តៅ​ដោយ​សារហេតុផលនៃឧស្ម័នផ្ទះកញ្ចក់​ដែល​ឃាត់ទុកកំដៅ។ សីតុណ្ហភាពដែលឡើងជាពិសេសនៅលើផ្ទៃមហាសមុទ្រ​នឹងបន្តដើរតួដ៏​សំខាន់​​​នៅអំឡុង​ប៉ុន្មានខែទៅមុខទៀត”។

ដូច្នេះបាតុភូត ឡា នីណា ត្រូវបានរាប់បញ្ចូលទៅក្នុង​ការបង្ការ​នៃទីភ្នាក់ងារអាម៉េរិក​សម្រាប់​ការ​អង្កេតមហាសមុទ្រ និងបរិយាកាស សម្រាប់រដូវព្យុះអ៊ូរ៉ាហ្គង់​ឆ្នាំ២០២៤ ​នៅ​ក្នុង​មហា​សមុទ្រ​អាត្លង់ទិចខាងជើង ដែលនឹងចាប់ផ្តើមនៅដើមខែមិថុនា។

យោង​តាមទីភ្នាក់ងារអាម៉េរិកសម្រាប់ការអង្កេតមហាសមុទ្រ និងបរិយាកាស បានឲ្យដឹងថា គេបានប្រកាសអំពី​ភាពភ័យព្រួយថា មានព្យុះអ៊ូរ៉ាហ្គង់ ចំនួន ៧ ក្នុងកម្រិត៣ ឬលើសនេះ​ ដែល​អាចកើតមានឡើងនៅឆ្នាំនេះ។

អង្គការឧតុនិយមពិភពលោក ក៏បានរំឭកថា ៩ឆ្នាំ ចុងក្រោយនេះ គឺជាឆ្នាំដែលក្តៅបំផុត​ដែល​មិនដែលធ្លាប់បានកត់ត្រា ទោះបីជាមានឥទ្ធពលចុះត្រជាក់ដ៏យូរ​នៃបាតុភូតឡា នីណា ដែល​មាន​រយៈពេលពីឆ្នាំ២០២០ ដល់ដើមឆ្នាំ ២០២៣ ក៏ដោយ។

 

Daily Program

Livesteam thumbnail