ហ្វូងសត្វស្លាបទឹក នារដូវទឹកសម្រកមកប្រមូលផ្តុំគ្នានៅ តំបន់រ៉ាមសារស្ទឹងសែន
តំបន់រ៉ាមសារស្ទឹងសែន គឺជាតំបន់ស្នូលដ៏សំខាន់មួយនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ដែលសម្បូរទៅដោយព្រៃលិចទឹក និងជីវចម្រុះ។ តំបន់នេះមានតួនាទីជាទីជម្រក និងជាកន្លែងរកចំណីដ៏សំខាន់សម្រាប់សត្វកម្រជិតផុតពូជជាច្រើនប្រភេទ ជាពិសេសសត្វស្លាបទឹកដែលតែងតែមកប្រមូលផ្តុំរកចំណីនៅទីនេះក្នុងរដូវទឹកសម្រក។
បើតាមអង្គការ NatureLife បានឱ្យដឹងនៅថ្ងទី២៧ ខែមីនា ឆ្នាំ២០២៦នេះថា រដូវទឹកសម្រក គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការទស្សនាសត្វស្លាបទឹកនៅតំបន់រ៉ាមសារស្ទឹងសែន។ សត្វស្លាបទឹកសំខាន់ៗជាច្រើនប្រភេទតែងមករកចំណីក្នុងតំបន់នេះ រួមមាន៖ អកត្រីក្បាលប្រផេះ រនាលពណ៌ សត្វចង្រៀលខ្យង ត្រយងខ្លួនរលោង និងស្មោញ ព្រមទាំងសត្វស្លាបទឹករាប់ពាន់ក្បាលផ្សេងទៀត ដែលកំពុងរកចំណី និងសម្រាកយ៉ាងសុខសាន្តនៅតាមទ្រនំរបស់ពួកវា។
ទិដ្ឋភាពថ្ងៃលិចលើព្រៃលិចទឹក អមជាមួយសម្លេងសត្វស្លាបហើរទាំងហ្វូងៗត្រឡប់ចូលទ្រនំ បង្ហាញពីភាពស្ងប់ស្ងាត់ និងសុខដុមរមនានៃពពួកសត្វបក្សាបក្សីទាំងនោះ។ នេះគឺជាអ្វីដែលក្រុមការងារអង្គការជីវិតធម្មជាតិ មន្រ្តីឧទ្យានុរក្ស សហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធតែងតែខិតខំការពារជាប្រចាំ ៕