ស្ថានភាពនៃការបំពុលខ្យល់ដ៏ខ្លាំងក្លានៅប្រទេសចិន
ទីក្រុងប៉េកាំងបានទទួលរងនូវស្ថានភាពនៃការបំពុលខ្លាំងក្លា ដែលប៉ះពាល់ដល់មនុស្ស ប្រមាណ ១០០លាននាក់។
អព្ទភាគល្អិតក្រាស់បានគ្របដណ្តប់ទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។ ភាគខាងជើងនៃប្រទេសចិនទទួលរងនូវស្ថានភាពបំពុលខ្យល់យ៉ាងខ្លាំង។ នេះគឺជាស្ថានភាពមួយដ៏អាក្រក់បំផុត ចាប់តាំងពីដើមឆ្នាំមក។
សេវាកម្មឧតុនិយមចិនបានព្រមានថា ផ្សែងខ្មៅស្រអាប់បានគ្របដណ្តប់នៅលើរដ្ឋធានីនានាមាន ប៉េកាំង ធៀនជីន និងមួយផ្នែកនៃខេត្តហេប៉ី សានទុង និងហ៊ួប៉ី ដែលជាតំបន់មានមនុស្សសរុបច្រើនជាង ១០០លាននាក់រស់នៅ។
ការបំពុលនៅក្នុងតំបន់ខ្លះត្រូវបានប៉ះពាល់ គឺត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរ ដែលជួនកាលកាត់បន្ថយការមើលឃើញរយៈចម្ងាយ ៥០ម៉ែត្រ។ អង្គការមួយនៅប្រទេសស្វីសដែលជាអ្នកវាស់គុណភាពខ្យល់ IQAir បានចាប់ថ្នាក់ទីក្រុងប៉េកាំងជាទីក្រុងទី៣ ដែលមានការបំពុលបំផុតនៅលើពិភពលោក នាំមុខទីក្រុង ដាកកា រដ្ឋធានីនៃប្រទេសបង់ក្លាដេស។
យោងតាម IQAir បានឲ្យដឹងដែរថា អត្រានៃការប្រមូលផ្តុំភាគល្អិត PM 2.5 ជាភាគល្អិតដែលតូចបំផុត ប្រសិនបើពួកវាអាចចូលទៅក្នុងឈាម គឺវាប៉ះពាល់ច្រើនជាង ២០ដង នៃការបំពុលដែលជាកម្រិតអនុសាសន៍នៃអង្គការសុខភាពពិភពលោក។
នៅទីក្រុងប៉េកាំង ដែលមានប្រជាជនរស់នៅ ២២លាននាក់ មនុស្សបាននាំគ្នាពាក់ម៉ាសដើម្បីប្រឈមមុខនឹងកំទេចកំទីពណ៌ប្រផេះនៅតាមផ្លូវនានា។
អាជ្ញាធរតំបន់នៅប៉េកាំង ពន្យល់អំពីស្ថានភាពនៃការបំពុលដ៏ខ្លាំងក្លានេះដោយលក្ខខណ្ឌឧតុនិយមមិនអំណោយផល ដែលរាប់តាំងពីសំពាធខ្យល់ទាបនៅក្នុងតំបន់ ខ្យល់នៅមួយកន្លែង និងមានសំណើមកើនខ្ពស់។
យោងតាមមណ្ឌលសិក្សាស្រាវជ្រាវអំពីថាមពល និងខ្យល់ស្អាត (CREA) ដែលជាក្រុមសិក្សាស្រាវជ្រាវឯករាជ្យ បានឲ្យដឹងថា ការបំពុលនៅក្នុងរដ្ឋធានីនៃប្រទេសចិន គឺជាទូទៅដោយសារផលិតកម្មដែកថែប និងការចម្អិនអាហារនៅក្នុងអគារ។
ការិយាល័យជាតិចិននៃឧតុនិយមតាមបណ្តាញសង្គម បានអះអាងថា ការមកដល់របស់ខ្យល់ ដែលកាន់តែត្រជាក់ ធ្វើពេលវេលាស្រអាប់នៅទីក្រុងប៉េកាំង ក៏កាន់តែធ្លាក់ថយ និងរលាយដោយដេញពីទិសខាងជើងមកត្បូង។
ប៉ុន្តែតាមរយៈកាសែតប្រចាំថ្ងៃរបស់រដ្ឋ Beijing Daily មន្រ្តីទទួលខុសត្រូវរបស់ចិនបានព្រមានថា កម្រិតនៃការបំពុលល្មម គឺវាលើសណាស់ហើយ ទៅនឹងអនុសាសន៍របស់អង្គការសុខភាពពិភពលោក។ ហើយការបំពុលដ៏ធ្ងន់ធ្ងរ និងឡើងខ្ពស់ គួរតែនឹងប៉ះពាល់លើតំបន់ប៉េកាំង ធៀនជីន ហេប៉ី រហូតដល់ពាក់កណ្តាលខែវិច្ឆិកា។
នៅក្នុងរដ្ឋធានី កាលពីថ្ងៃចន្ទ អាជ្ញាធរបានផ្សព្វផ្សាយអំពីភេរវសញ្ញា ពណ៌ទឹកក្រូច កម្រិតទីពីរ បន្ទាប់ពីកម្រិតធ្ងន់បំផុតដែលពាក់ព័ន្ធនឹងការបំពុល។ កម្រិតនៃភេរវសញ្ញានេះ ទាមទារថា សហគ្រាស អ្នកសាងសង់ និងវិស័យដឹកជញ្ជូនត្រូវកាត់បន្ថយជាបន្ទាន់នូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ពួកគេ។ ប្រសិនបើភេរវសញ្ញាក្លាយជាពណ៌ក្រហម ដូចជាក្នុងករណីមួយផ្នែកនៃខេត្តហេប៉ី យានយន្តដែលបំពុលបំផុត នឹងត្រូវបានហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យធ្វើចរាចរណ៍។ អ្នកក្រុងប៉េកាំង ត្រូវអំពាវនាវឲ្យកាត់បន្ថយការចេញក្រៅផ្ទះ។
តាំងពី ១០ឆ្នាំ កន្លងមក ទីក្រុងប៉េកាំងទទួលឯកតកម្មលើសជាទៀងទាត់បើនិយាយអំពីការបំពុល ដែលបង្កជាការព្រួយបារម្ភពាក់ព័ន្ធនឹងសុខភាពសាធារណៈ។ អ្នកសង្កេតខ្លះនៅលោកខាងលិច ផ្តល់ឈ្មោះស្ថានភាពនៃការបំពុលនេះថាជា ការវិនាសនៃខ្យល់ពិភពលោក។