របៀបរស់នៅទាន់សម័យរបស់មនុស្សកំពុងសម្លាប់ភពផែនដី

ចេញពីកន្លែងថ្លែងសន្ទរកថា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក លោក អន់តូនីញ៉ូ ហ្គូទែរ៉េស បានរៀបរាប់អំពីឥទ្ធិពលបរិស្ថានដ៏បំផ្លិចបំផ្លាញនៃវិស័យកាត់ដេរ។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានព្រមានថា ៖ “ប្រសិនបើយើងមិនប្រញ៉ាប់បញ្ចេញ សកម្មភាព។ ការស្លៀកពាក់ទាន់សម័យអាចនឹងសម្លាប់ភពផែនដី”។ លោកចង្អុលទៅកាន់ ឧស្សាហកម្មកាត់ដេរ​ដែលការអនុវត្តរបស់វាគំរាមកំហែងស្ថានជីវចម្រុះ ធ្វើឲ្យធនធានធម្មជាតិ​ខ្សោះ និងធ្វើឲ្យអាកាសធាតុកាន់តែធ្លាក់អន់ថយ។ ជារៀងរាល់វិនាទីសម្រាមសម្លៀកបំពាក់​មានទំហំប៉ុនឡានដឹកសម្រាមត្រូវបានដុតបំផ្លាញ ឬយកទៅចាក់ចោលនៅកន្លែងស្តុក​សម្រាម។ ”សម្លៀក​បំពាក់ត្រូវបានផលិត និងបោះចោលក្នុងចង្វាក់ដ៏ច្រើនហួស ឬត្រូវបាន​ជម្រុញ​ដោយ​គំរូសេដ្ឋកិច្ចដែលផ្តល់អាទិភាពដល់ការប្រើតែរបស់ថ្មី ភាពលឿនរហ័សខូច និង​ងាយ​​បោះ​​ចោល។”

សេចក្តីថ្លែងសន្ទរកថានៃប្រមុខអង្គការសហប្រជាជាតិធ្វើឡើងនៅពេលការប្រារព្ធទិវាអន្តរជាតិ​នៃ​​សម្រាមសូន្យ ដែលនឹងធ្វើឡើងនៅរាល់ថ្ងៃទី ៣០ មីនា ជារៀងរាល់ឆ្នាំ។ ដោយត្រូវ​បាន​អនុម័ត​ដោយសមាជនៃអង្គការសហប្រជាជាតិនៅឆ្នាំ២០២២។ ទិវានេះ​មានគោលដៅលើក​កម្ពស់​​របៀបនៃការផលិត និងការប្រើប្រាស់ឲ្យមានទំនួលខុសត្រូវ ដើម្បីធ្វើយ៉ាងណា​បញ្ជៀស​រាល់​​ការខ្ជះខ្ជាយសម្ភារៈ និងខ្ជះខ្ជាយធនធាន។

សម្រាប់ទិវាសម្រាម សូន្យនៅឆ្នាំ២០២៥ គឺត្រូវធ្វើឡើងនៅក្រោមប្រធានបទ ឆ្ពោះទៅកាន់​សម្រាម​សូន្យ​នៅក្នុងម៉ូដស្លៀកពាក់ និងការតម្បាញកាត់ដេរ ដើម្បីផ្តល់ពន្លឺសម្រាប់​ស្ថានភាព​​លំបាកខាងបរិស្ថាន​ដែលបង្កើតឡើងដោយគំរូសេដ្ឋកិច្ចនៃវិស័យសម្លៀកបំពាក់ និង​ដែល​តែង​អនុគ្រោះឲ្យមាន​ការផលិតលើស និងការប្រើប្រាស់ហួសហេតុ។

គេវាយតម្លៃថា វិស័យកាត់ដេរ ជាអ្នកទទួលខុសត្រូវជារៀងរាល់ឆ្នាំ ពី២% ទៅ ៨% នៃការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ពិភពលោក និងការប្រើប្រាស់ ទឹក ២១៥០០០ ពាន់លានលីត្រ​ ដែល​ស្មើ​នឹងអាងទឹកអូឡាំពិក ចំនួន ៨៦ពាន់លានអាង និង ៩% នៃការបំពុលប្រចាំឆ្នាំ​ទៅលើ​សមុទ្រ​​ដោយមីក្រូប្លាស្ទីក។

ប៉ុន្តែបញ្ហាសម្រាម​មានលើសហួសយ៉ាងទូលាយមិនត្រឹមតែវិស័យសម្លៀកបំពាក់ទេ។ ជា​រៀងរាល​ឆ្នាំ មនុស្សជាតិបង្កើត សម្រាមច្រើនជាង ២ពាន់លានតោន។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានបញ្ជាក់ថា ៖ “ប្រសិនបើគេដាក់សម្រាមបន្តកន្ទុយគ្នាក្នុងទូកុងតឺន័រ ពួកវានឹង​លាត​សន្ធឹងទៅដល់ឋានព្រះចន្ទទៅមក។

ជារឿយៗ គឺប្រជាជនដែលងាយរងគ្រោះបំផុតគឺជាអ្នកទទួលរងផលវិបាកពីកាកសំណល់។ លោក​អន់តូនីញ៉ូ ហ្គូទែរ៉េស បានគូសបញ្ជាក់ថា ៖ “មនុស្សច្រើនជាង ១ពាន់លាននាក់ រស់នៅ​ក្នុង​តំបន់ទីក្រុងរខេករខាក និងសង្កាត់ទីក្រុងមិនផ្លូវការ ដែលមិនមានការគ្រប់គ្រងសម្រាម ឲ្យបានត្រឹមត្រូវ និង​ដែលមាន​ជំងឺប្រចាំតំបន់កើតមានជាទូទៅ”។

ប្រឈមមុខនឹងស្ថានភាពនេះ អគ្គលេខាអង្គការសហប្រជាជាតិ បានអំពាវនាវ​ឲ្យ​មានការផ្លាស់​ប្តូរ​ស៊ីជម្រៅអំពីរបៀបផលិត​និងការប្រើប្រាស់។ លោកបានស្វាគមន៍​គំនិតផ្តួចផ្តើមដែល​កើត​មាន​ឡើង មានការបង្កើតទីផ្សារខោអាវជជុះ និងការសន្យារបស់ក្រុមហ៊ុនខ្លះ​ដែល​អនុគ្រោះ​ដល់​សេដ្ឋកិច្ច​​​ដែលមិនមានការខ្ជះខ្ជាយ ដែលរួមមានការផលិតសម្ភារៈ​តាមរបៀបប្រើ​ប្រាស់​បាន​យូរ និងដោយ​កម្រិត​ការប្រើប្រាស់ និងការខ្ជះខ្ជាយធនធាន និងកុំបង្កើតសម្រាមថ្មី។

លោកអន់តូនីញ៉ូ ហ្គូទែរ៉េស ទទូចថា ៖ “ការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ​ពាក់ព័ន្ធ​នឹង​យើង​ទាំងអស់​គ្នា និងអំពាវនាវឲ្យពលរដ្ឋ ឧស្សាហករ និងអ្នកសម្រេចចិត្ត​នយោបាយ​ប្រតិកម្ម​ឲ្យបានទាំងអស់​គ្នា។”

 

 

Daily Program

Livesteam thumbnail