រដ្ឋកោះនានានៃមហាសមុទ្រប៉ាស៊ីហ្វីក បង្ហាញផ្លូវដើម្បីការពារភពផែនដីពីការ​បំផ្លាញ​​​នៃការប្រែប្រួលអាកាសធាតុ

នៅពីមុខមេដឹកនាំនានា លោកអន់តូនីញ៉ូ ហ្គូទែររ៉េស បាននិយាយថា សមុទ្រប៉ាស៊ីហ្វីក គឺ​ជា​ពន្លឺ​​នៃសាមគ្គីភាព ថាមពល ការគ្រប់គ្រងបរិស្ថាន និងសន្តិភាព នៅខណៈដែលមួយផ្នែកធំ​នៃ​ពិភពលោក​ក្លាយជាចំណីនៃជម្លោះ អយុត្តិធម៌ និងវិបត្តិសង្គម​សេដ្ឋកិច្ច។

សន្និសីទលើកទី៥៣ នេះ រួមមាន ១៨រដ្ឋជាសមាជិក ពីអូស្រ្តាលី រហូតដល់ វ៉ានូអាទូ ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ទស្សនវិស័យរយៈពេលវែង និងយុត្តិសាស្រ្តសម្រាប់ឆ្នាំ២០៥០ ដែលសំដៅ​ធានា​សុខភាព និងការរស់នៅប្រសើរសម្រាប់គ្រប់ៗគ្នា ដោយធ្វើការរួមគ្នា ដើម្បីប្រើប្រាស់​ថាមពល​រួម និងស្ថាបនាអនាគតឲ្យកាន់តែប្រសើរ។

នៅអំឡុងពេលការប្រជុំប្រចាំឆ្នាំនៅកោះតុងហ្គា នៅសមុទ្រប៉ាស៊ីហ្វីក អគ្គលេខាអង្គការ សហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែររ៉េស បានចង្អុលបង្ហាញថា កម្មវិធីពិភពលោក ២០៣០ គឺដើម្បីការអភិវឌ្ឍ ដោយ​ចីរភាព ដែលត្រូវបានបង្ហាញយ៉ាងច្បាស់​នៅជុំវិញគោលដៅទាំង ១៧។ លោកបន្តថា សមុទ្រមានរឿងច្រើនដើម្បីបង្រៀនយើង។ គេក៏ត្រូវ​គៀង​គរគ្នា​ដើម្បី​គាំទ្រ។ លោកបន្ថែមថា តំបន់របស់រដ្ឋតូចៗ មានអ្នកដើរសមុទ្រដ៏ក្លាហាន អ្នក​នេសាទ​ដ៏​ជំនាញ និងមានចំណេះដឹងពីបុព្វបុរសដ៏ស៊ីជម្រៅ ប៉ុន្តែសមុទ្រជាទូទៅបែរ​ជាកន្លែង​ដែល​គេ​ចោល​​កាក​សំណល់ដោយមនុស្សជាតិទាំងមូលទៅវិញ។ លោកអន់តូនីញ៉ូ ហ្គូទែររ៉េស និយាយ​​​ទៀត​ថា ៖ ”ការបំពុលដោយសារធាតុប្លាស្ទីក​បានធ្វើឲ្យពពួកសត្វ និងរុក្ខជាតិ​សមុទ្រ​ថប់​ដង្ហើម។ ឧស្ម័ន​ផ្ទះកញ្ចក់បង្កឲ្យមានការកើនកម្តៅទឹកសមុទ្រ ការឡើងជាតិអាស៊ីត និងការ​កើន​​កម្ពស់ទឹកសមុទ្រ។ ប៉ុន្តែ​កោះនានានៅមហាសមុទ្រប៉ាស៊ីហ្វីក បង្ហាញនូវផ្លូវ​ដើម្បីដើរ​តាម​ដើម្បី​ការពារ​អាកាសធាតុរបស់យើង ផែនដីរបស់យើង និងសមុទ្ររបស់យើង។”

លោកអន់តូនីញ៉ូ ហ្គូទែររ៉េស បានរំឭកអំពីសេចក្តីថ្លែងការណ៍នានានៃតំបន់នេះអំពីការកើន​ឡើង​​នៃ​កម្រិត​ទឹក​សមុទ្រ និងការតាំងចិត្តដើម្បីប្រតិបត្តិនៅក្នុងពេលវេលាចម្លងទៅកាន់​ថាមពល​ស្អាត​ដែលយុត្តិធម៌​ដើម្បី​ឆ្ពោះទៅរកមហាសមុទ្រប៉ាស៊ីហ្វីកមួយ​ដែលគ្មានឥន្ធនៈ​ផូស៊ីល។

អគ្គលេខានៃអង្គការសហប្រជាជាតិ បានថ្លែងទៀតថា នៅខណៈដែលតំបន់ប៉ាស៊ីហ្វីកអាច​ធ្វើ​អ្វី​ដែលតំបន់នេះអាច ប្រជាជាតិនានាដែលមានឧស្សាហកម្មជឿនលឿននៃ G20 ដែលជាអ្នក​បំភាយ​ឧស្ម័នកាបូនិក​ដ៏ធំបំផុត ត្រូវតែដើរឈានមុខដោយបញ្ឈប់​ផលិតកម្ម និងការប្រើប្រាស់​ឥន្ធនៈ​ផូស៊ីល​ឲ្យបានខ្លាំងក្លា និងបញ្ឈប់ភ្លាមនូវការពង្រីកខ្លួន។

លោកលោកអន់តូនីញ៉ូ ហ្គូទែររ៉េស គូសបញ្ជាក់ថា តំបន់ប៉ាស៊ីហ្វីកត្រូវការជាបន្ទាន់នូវការ​គាំទ្រ​​ខាង​ហិរញ្ញវត្ថុ សមត្ថភាព និងបច្ចេកវិទ្យាបន្ថែមដើម្បីបង្កើនល្បឿនចម្លងឆ្ពោះទៅ​កាន់​ថាមពល​ស្អាត និង​ដើម្បី​​ឲ្យរដ្ឋកោះនានាអាចវិនិយោគ​នៅក្នុងការសម្របខ្លួន និងភាពធន់។

ប្រមុខនៃអង្គការសហប្រជាជាតិក៏បានបន្ថែមថា ៖ “នេះគឺជាហេតុផលដែលយើងអំពាវនាវឲ្យ​មានកំណែទម្រង់នៃរចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ឲ្យមានការបង្កើនឲ្យបានខ្លាំងក្លានូវ​សមត្ថភាព​ការឲ្យកំចីពីធនាការពហុភាគី​នៃការអភិវឌ្ឍ ឲ្យ​មានកម្មវិធីសម្រាលបំណុល ដែល​ដំណើរ​ការ និងឲ្យមានការបែងចែកឲ្យកាន់តែប្រសើរ​នៃសិទ្ធ​ទាញហិរញ្ញប្បទាន​ពិសេស​ជា​គុណ​ប្រយោជន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។”

លោកអន់តូនីញ៉ូ ហ្គូទែររ៉េស ថ្លែងទៀតថា សេចក្តីសម្រេចដែលមេដឹកនាំ​ពិភពលោកប្រកាន់​យក​​នៅក្នុងឆ្នាំដែលនឹងមកដល់អំពីវិបត្តិអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព នឹង​កំណត់​ជោគវាសនាយើងទាំងអស់គ្នា។ និយាយម្យ៉ាងទៀត ប្រសិនបើយើងសង្រ្គោះ​តំបន់​ប៉ាស៊ីហ្វីក យើងនឹងសង្រ្គោះពិភពលោក។ រដ្ឋកោះតូចៗនៃមហា​សមុទ្រប៉ាស៊ីហ្វីកមាន​សីលធម៌ និងការ​ប្រតិបត្តិដើម្បីនាំមកនូវភាពជាអ្នកដឹកនាំរ​បស់ពួកគេ នៅលើឆាក​អន្តរជាតិ”។

 

 

Daily Program

Livesteam thumbnail