ប្រធាននាយកដ្ឋានដំណាំស្រូវ បន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូង
នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូងស៊ីដំណាំស្រូវ និងនាំយកថ្នាំបាញ់សម្លាប់ដង្កូវ នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ។
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បានថ្លែងថា បើតាមព័ត៌មានបឋមដំណាំស្រូវប្រមាណជា១៥ហិកតា ក្នុងចំណោមដំណាំស្រូវជាង៤០០ហិកតា ត្រូវបានសត្វដង្កូវហ្វូងស៊ីត្រួយស្រូវស្ទើរអស់ទាំងស្រុង។ ប៉ុន្តែបន្ទាប់ពីបាញ់ថ្នាំកញ្ចាត់ដង្កូវ ដំណាំស្រូវនិងលូតលាស់ធម្មតា ដោយសារមានភ្លៀងធ្លាក់ជាបណ្តើរៗ។
ករណីនេះលោកបានណែនាំទៅមន្ត្រីកសិកម្មប្រចាំខេត្តកំពង់ស្ពឺ ត្រូវសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃលើដំណាំស្រូវដែលដង្កូវហ្វូងស៊ីជាប្រចាំ ដើម្បីស្រង់ស្ថិតិ ឬទិន្នន័យដែលរងផលប៉ះពាល់បន្ថែមទៀត បញ្ជូនទៅក្រុមការងារជំនាញពិនិត្យ និងងាយស្រួលរកវិធីជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ ជូនប្រជាកសិករនៅតំបន់នោះ។
នៅអំឡុងពេលចុះពិនិត្យនោះ ក្រុមការងារជំនាញកសិកម្មបានយកថ្នាំបាញ់សម្លាប់ដង្កូវហ្វូងចំនួន២ប្រភេទ ឈ្មោះ ថ្នាំពិឃាតដង្កូវ និងប្រេងបង្កើនប្រសិទ្ធភាព ជីថ្នាំកសិកម្មជូនប្រជាកសិករ ដើម្បីបាញ់សម្លាប់ដង្កូវហ្វូង នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ផងដែរ។
ប្រធាននាយកដ្ឋានដំណាំស្រូវ ក៏បានណែនាំទៅប្រជាសហគមន៍ និងប្រជាកសិករ ប្រើថ្នាំបាញ់សម្លាប់ដង្កូវហ្វូងនៅពេលព្រឹក ពេលល្ងាច ឬពេលយប់ជាដើម ទើបសម្លាប់ដង្កូវនោះបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងដែរថា មកដល់ពេលនេះខេត្តដែលទទួលការផ្ទុះរាលដាលដង្កូវហ្វូង មានប្រមាណជា១០ខេត្តហើយ។
ខេត្តទាំងនោះរួមមាន៖ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រះវិហារ សៀមរាប ស្ទឹងត្រែង តាកែវ ប៉ៃលិន និងខេត្តត្បូងឃ្មុំ៕