បាតុភូតអេល នីណូ បានធ្វើឲ្យពិភពលោកចូលក្នុងដែនដែលគេមិនស្គាល់
បាតុភូតអេល នីណូ តែងត្រឡប់មករៀងរាល់ ២ឆ្នាំ ទៅ ៧ឆ្នាំ ម្តង ប៉ុន្តែលើកនេះ បាតុភូតអាកាសធាតុនេះ កំពុងធ្វើឲ្យពិភពលោករងផលប៉ះពាល់ ដែលមហាសមុទ្ររបស់ផែនដីមិនដែលឡើងក្តៅដល់កម្រិតនេះទេពីមុនមក។ នៅខណៈដែលការព្យាករឧតុនិយមថ្មី ធ្វើឲ្យភ័យខ្លាចអំពីសេណារីយ៉ូដ៏អាក្រក់បំផុត ប្រមុខនៃអង្គការសហប្រជាជាតិ ព្រមានថា ពីពេលនេះទៅ ថា ពិភពលោកនឹងចូលទៅក្នុងដែនដែលគេមិនច្បាស់អ្វីទាំងអស់។
ដោយផ្អែកលើការព្យាករចុងក្រោយរបស់អង្គការឧតុនិយមពិភពលោក (OMM) ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី៣១ កក្កដា លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានបន្លឺឡើងនូវការព្រមាន។ ភាគនៃអេល នីណូ ដែលកំពុងកើតមាន នឹងត្រូវពង្រឹងឡើងថែមទៀតនៅរវាងខែសីហា និង តុលានេះ ដែលវាមានលទ្ធភាពនៃការកើនឡើងសីតុណ្ហភាពលើសពីធម្មតានៅលើដីស្ទើរតែទាំងអស់ ដែលផុតពីទឹក ហើយដែលរបបភ្លៀងនៅទូទាំងពិភពលោក ក៏ប្រែប្រួលត្រឡប់ត្រឡិនដែរ។
ចេញពីទីស្នាក់ការនៃអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក លោកអគ្គលេខាអង្គការ បានថ្លែងថា ៖ “ការពិនិត្យឃើញនេះគឺមិនអាចបដិសេធបានឡើយ។ វិបត្តិអាកាសធាតុកំពុងកើនឡើងយ៉ាងឆាប់រហ័ស។”
អេល នីណូ ដែលពាក់ព័ន្ធនឹងការកើនកម្តៅជាខួបនៃទឹកមហាសមុទ្រប៉ាស៊ីហ្វ៊ីកអេក្វាទ័រ គឺជា បាតុភូតធម្មជាតិដែលអ្នកឧតុនិយមស្គាល់ច្បាស់។ វាតែងត្រឡប់មកកើតជាថ្មីនៅរៀងរាល់ ២ ទៅ ៧ ឆ្នាំ និងជះឥទ្ធិពលលើសីតុណ្ហភាព ព្រមទាំងរបបទឹកភ្លៀងនៅកម្រិតផែនដី។
អ្វីដែលធ្វើឲ្យបាតុភូតបច្ចុប្បន្ននេះ ក្លាយជាការព្រួយបារម្ភពិសេស មិនមែនដោយសារការកើត ឡើងរបស់វាទេ ប៉ុន្តែដោយសារបរិបទសព្វថ្ងៃ ដែលវាកំពុងរីកធំឡើងនៅក្នុងអាកាសធាតុ ដែលបានឡើងក្តៅយ៉ាងខ្លាំងក្លារួចហើយ ដោយសារសកម្មភាពរបស់មនុស្ស។
យោងតាមការព្យាករនៃអង្កការឧតុនិយមពិភពលោក (OMM) ភាពមិនធម្មតានៃសីតុណ្ហភាព នៅលើផ្ទៃលើនៃសមុទ្រនៅក្នុងតំបន់សំខាន់ៗនៃមហាសមុទ្រប៉ាស៊ីហ្វ៊ីកដែលគេកំពុងតាមដាន នឹងអាចឡើងលើស ២,៩°C ពីសីតុណ្ហភាពមធ្យមនៅប៉ុន្មានខែខាងមុខ។
ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ក៏ព្រួយបារម្ភអំពីការដុះដាលដែល គេរំពឹងទុកអំពីការប្រែប្រួលច្របូកច្របល់នៅក្នុងមហាសមុទ្រឥណ្ឌា ដែលជាការប្រែប្រួលអាកាសធាតុមួយទៀតដែលអាចនឹងបង្កើនបន្ថែមនូវគ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំងហួសហេតុនៅក្នុងតំបន់ជាច្រើននៅលើពិភពលោក។
ការព្យាករថ្មីៗ បានគូសវាសផែនទីពិភពលោកឡើងវិញដោយមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ។រដូវភ្លៀងមូសុងនៅឥណ្ឌា ដែលជាការពឹងអាស្រ័យផ្ទាល់នៃសន្តិសុខចំណីអាហារសម្រាប់ប្រជាជនជាង ១ពាន់លាននាក់ ភ្លៀងបានធ្លាក់ថយចុះយ៉ាងច្រើន ហើយការព្យាករក៏បានប្រកាសអំពីភាពធ្ងន់ធ្ងរឡើងថែមទៀតនៃស្ថានភាព។
លក្ខខណ្ឌដែលកាន់តែស្ងួត ក៏ត្រូវបានគេរំពឹងទុកនៅឧបទ្វីបឥណ្ឌា នៅភាគខាងជើងនៃទ្វីបអឺរ៉ុប នៅអូស្រ្តាលីខាងត្បូង និងខាងកើត នៅក្នុងមួយផ្នែកនៃអាម៉េរិកកណ្តាល តំបន់ការ៉ាអ៊ីប និងភាគខាងពាយព្យនៃអាម៉េរិកខាងត្បូង។ ផ្ទុយមកវិញ ភ្លៀងនឹងធ្លាក់ច្រើនខ្លាំងនៅតំបន់អាហ្រ្វ៊ិកខាងកើត ខាងត្បូងទ្វីបអឺរ៉ុប តំបន់ខ្លះនៅអាស៊ីកណ្តាល តំបន់ខាងអាគ្នេយ៍នៃទ្វីបអាម៉េរិកខាងត្បូង ព្រមទាំងមួយផ្នែកនៃភាគខាងលិចនៃអាម៉េរិកខាងជើង។
សម្រាប់លោកអន់តូនីញ៉ូ ហ្គូទែរ៉េស ការព្យាករទាំងនេះបញ្ជាក់អំពីការកើនល្បឿននៃវិបត្តិអាកាសធាតុ។ បាតុភូតអេល នីណូ មិនគ្រាន់តែនៅមាត់ទ្វារយើងយ៉ាងសាមញ្ញទេ។ វាបានចូលក្នុងផ្ទះ និងធ្វើឲ្យផ្ទះយើងឡើងកម្តៅរួចហើយ។
