បាតុភូតអេល នីណូ នឹងបង្កឲ្យមានសីតុណ្ហភាពលើសធម្មតាពីខែមីនា ដល់ខែ ឧសភា
យោងតាមអង្គការឧតុនិយមពិភពលោក (OMM) បានឲ្យដឹងថា បាតុភូតអេល នីណូ ធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែនឹងបន្តមានឥទ្ធិពលលើអាកាសធាតុពិភពលោកនៅក្នុងខែដែលនឹងមកដល់ បង្កើតកម្តៅដែលក្តៅងំជាមួយនឹងឧស្ម័នផ្ទះកញ្ចក់ដែលមានប្រភពពីសកម្មភាពរបស់ មនុស្ស”។
ទីភ្នាក់ងាអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅហ្ស៉ឺណេវ បានបញ្ជាក់ថា ៖”មាន ប្រមាណជា ៦០% ដែលអេល នីណូ នៅបន្តរវាងខែមីនា និងខែឧសភា និង ៨០% ដែលលក្ខខណ្ឌកណ្តាល អេល នីណូ ឬឡា នីណា ត្រូវបានពិនិត្យឃើញ ពីខែមេសា ដល់ខែមិថុនា។”
ចរន្តខ្យល់ក្តៅ អេល នីណូ សព្វថ្ងៃ គឺជាបាតុភូតដ៏មានសារសំខាន់មួយក្នុងចំណោម ៥ ដែលគេមិនដែលឃើញឡើងដល់កំពូលដូច្នេះទេ តាំងពីខែធ្នូ ឆ្នាំមុនមក។ ទោះបីជាវិសាលភាពរបស់វា បានធ្លាក់ចុះ តែឥទ្ធិពលរបស់វាបន្តនៅតំបន់ផ្សេងៗ។ យោងតាម OMM បានឲ្យដឹងថា សីតុណ្ហភាពលើសពីធម្មតាបានឃើញមាន ស្ទើរតែពេញនៅលើដីដែលជាទ្វីបរវាងខែមីនា និងខែឧសភា ឆ្នាំនេះ។
លោកស្រីសឺឡេស្ត៍ សូឡូ ដែលជាអគ្គលេខានៃអង្គការឧតុនិយមពិភពលោក រំឭកថា ៖ “ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ឃើញកើតមានឯកតកម្មថ្មីប្រចាំខែនូវការកើនឡើងសីតុណ្ហភាព ហើយឆ្នាំ២០២៣ គឺជាឆ្នាំដែលក្តៅបំផុតដែលមិនដែលធ្លាប់ត្រូវបានកត់ត្រា”។
អេល នីណូ គឺជាបាតុភូតឧតុនិយមធម្មជាតិ ដែលពាក់ព័ន្ធនឹងការកើនកម្តៅនៅផ្នែកដ៏ធំនៃមហាសមុទ្រប៉ាស៊ីហ្វីក និងកើតឡើងរាល់ពីរឆ្នាំម្តង ដែលម្តងៗ មានរយៈពេលពី ៩ ទៅ ១២ ខែ។ លោកស្រី សូឡូ បានបន្ថែមថា ៖ “អេល នីណូ បានចូលរួមវិភាគទានសម្រាប់សីតុណ្ហភាពឯកតកម្ម ប៉ុន្តែឧស្ម័នផ្ទះកញ្ចក់ ដែលរក្សាកម្តៅ គ្មានការសង្ស័យគឺជាមូលហេតុចម្បងនៃការបង្កើតកម្តៅ។” លោកស្រីសូឡូ រំឭកថា ទោះបីជាអេល នីណូ ធ្វើឲ្យប្រែប្រួលដល់ការចរាចរណ៍បរិយាកាសនៅកម្រិតសកល និងធ្វើឲ្យកើនកម្តៅនៅតំបន់ឆ្ងាយៗ ប៉ុន្តែនៅពេលនេះ វាកើតឡើងនៅក្នុងបរិបទនៃអាកាសធាតុដែលត្រូវបានធ្វើឲ្យបម្រែបម្រួលដោយសារមនុស្ស។
ជាសកល អេល នីណូ បង្កឲ្យរឹតតែធ្ងន់ធ្ងរនូវគ្រោះរាំងស្ងួតនៅនៅភាគខាងជើងនៃអាម៉េរិកខាងត្បូង និងក៏ចូលរួមសម្រាប់លក្ខខណ្ឌដែលកាន់តែស្ងួត និងកាន់តែក្តៅនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្វ្រិកខាងត្បូង។
យោងតាមអង្គការឧតុនិយមពិភពលោក OMM បានឲ្យដឹងថា ភាគសព្វថ្ងៃនៃអេល នីណូ ដែលបានរីកធំឡើងតាំងពីខែមិថុនា ឆ្នាំ២០២៣ បានឈានដល់ចំនុចកំពូលនៅរវាងខែវិច្ឆិកា និងមករា។ វាបង្ហាញនូវតម្លៃអតិបរិមា ២,0 °C នៅពីលើសីតុណ្ហភាពមធ្យមនៅលើផ្ទៃសមុទ្រ ក្នុងអំឡុងរយៈពេលពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ គឺសម្រាប់នៅ មហាសមុទ្រប៉ាស៊ីហ្វីកត្រូពិចខាងកើត និងកណ្តាល។ វាគឺជាមួយក្នុងចំណោមបាតុភូតអេល នីណូ ចំនួន ៥ ដែលមិនដែលធ្លាប់បានពិនិត្យឃើញ ទោះបីជាវាគឺជាព្រឹត្តិការណ៍ខ្សោយជាង ប្រើប្រៀបឆ្នាំ ១៩៩៧-១៩៩៨ និងពីឆ្នាំ២០១៥-២០១៦។
លោកស្រី សឺឡេស្ត័ សូឡូ បានធ្វើការកត់សម្គាល់ថា ៖ “សីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រ ប៉ាស៊ីហ្វីកអេក្វាទ័រ បង្ហាញយ៉ាងជាក់ច្បាស់នូវអេល នីណូ។ ប៉ុន្តែនៅក្នុងតំបន់ដទៃៗទៀតនៃផែនដី សីតុណ្ហភាពខាងផ្ទៃលើមហាសមុទ្រ បានកើនឡើងជាទៀងទាត់ និងមិនធម្មតា នៅអំឡុង ១០ខែចុងក្រោយនេះ។ សីតុណ្ហភាពខាងផ្ទៃលើមហាសមុទ្រពីខែមករា ឆ្នាំ២០២៤ គឺកើនឡើងបំផុតនៅខែមករា តែម្តង។ ស្ថានភាពនេះគឺគួរឲ្យព្រួយបារម្ភ និងមិនអាចបកស្រាយដោយសារតែបាតុភូតអេល នីណូ តែមួយមុខបានទេ។”