និស្សិតសកលវិទ្យាល័យ កាបារ៉ាក់ ធ្វើបដិវត្តបង្កើតផលិតកម្មអាហារនៅក្នុងការបង្កើតថ្មី ធ្វើម្សៅអ៊ូហ្គាលីពីស្មៅ
ការបង្កើតថ្មីនេះ គឺជាករណីបង្ហាញអំពីដំណើរដ៏គួរ ឲ្យកត់សម្គាល់ នៃ ក្រុមនិស្សិតដែលមានទស្សនវិស័យឆ្ពោះទៅមុខនៃសកលវិទ្យាល័យ កាបារ៉ាក នៅប្រទេសកេនយ៉ា គឺការធ្វើម្សៅស្មៅដែលអាចយកទៅធ្វើអាហារ អ៊ូហ្គាលី ដែលជាអាហារមូលដ្ឋានរបស់ប្រជាជនកេនយ៉ា។
លោកជូម៉ា ម៉ាចានហ្គា ពីទីក្រុងណៃរ៉ូប៊ី បានរាយការណ៍ថា និស្សិតដែលមកពីសកលវិទ្យាល័យ កាបារ៉ាក់នៅប្រទេសកេនយ៉ា បានអភិវឌ្ឍនូវវិធីសាស្រ្ត ដើម្បីប្រែក្លាយស្មៅឲ្យទៅជាម្សៅ ហើយបន្ទាប់មកក៏បន្ថែមសារធាតុ និងរសជាតិដើម្បីឲ្យមនុស្សអាចបរិភោគបាន។ ម្សៅថ្មីនេះនឹងអាចជាគ្រឿងផ្សំសម្រាប់អាហារអ៊ូហ្គាលី ដែលជាអាហារមូលដ្ឋានរបស់ប្រជាជនក្នុងតំបន់ដែលតាមធម្មតាផលិតឡើងពីម្សៅពោត។ ហើយវាប្រសើរ ចាប់តាំងពីពោតកាន់តែឡើងថ្លៃសម្រាប់គ្រួសារជាច្រើនអាចទិញបរិភោគបាន។
ក្រុមនិស្សិត បានប្រែក្លាយស្មៅឲ្យទៅជាម្សៅ ហើយម្សៅនេះអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើអាហារអ៊ូហ្គាលីរបស់ប្រជាជន និងធ្វើបបរផងដែរ។ ពួកគេជឿថា អាហារថ្មីនឹងជួយពិភពលោកទាំងមូលក្នុងការសង្រ្គោះជីវិតប្រជាជនដែលជាប់គាំងនៅក្នុងគ្រោះអត់ឃ្លាន។ អ្នកនាងហ្វ៉េ វ៉ាន់ឌៀ អាយុ ២៤ឆ្នាំ និស្សិតអនុបណ្ឌិតរដ្ឋបាលហិរញ្ញវត្ថុ ដែលជាមេគំនិតនៅពីក្រោយគម្រោងការនេះបាននិយាយថា អ្នកនាងមានគំនិតនេះពីរឆ្នាំមកហើយ។ បន្ទាប់មកអ្នកនាងបានរួមគ្នាជាមួយនិស្សិត ៣នាក់ ផ្សេងទៀត គឺលោក បាហាទី អ៊ីនណូសិន និស្សិតវេជ្ជសាស្រ្តគ្លីនិក កញ្ញាសាឡូម៉េ ណ្ចេរី និស្សិតសេដ្ឋកិច្ច និងលោកអេដហ្គា រូតូ និស្សិតវិទ្យាសាស្រ្តកុំព្យូទ័រ។ ទាំងអស់គ្នា ពួកគេបានចាប់ផ្តើមស្រាវជ្រាវ និងអាចដោះស្រាយបញ្ហានៅឆ្នាំនេះ។ អ្នកនាង ហ្វ៉េ វ៉ាន់ឌៀ បានប្រាប់ថា ការកើនឡើងនូវតម្លៃម្សៅពោតនៅអាហ្វ្រិក និងកេនយ៉ា បានជំរុញឲ្យគេស្វែងរកដំណោះស្រាយ។ ចុងក្រោយ ពួកយើង បានរកឃើញគម្រោងដែលប្រែក្លាយពីរុក្ខជាតិដែលមិនមែនជាអាហាររបស់មនុស្សឲ្យទៅជាមនុស្សអាចបរិភោគបាន។ អ្នកនាង បាននិយាយថា យើងបានជ្រើសរើសការផ្សងព្រេងប្រែក្លាយសារធាតុសែលុយឡូសដែលមាននៅក្នុងស្មៅឲ្យទៅជាម្សៅ ដែលវាមានផលល្អសម្រាប់មនុស្សបរិភោគ។ អ្នកនាង ហ្វ៉េ វ៉ាន់ឌៀ បាននិយាយទៀតថា ៖ “មនុស្សប្រមាណ ៩លាននាក់ បានស្លាប់ដោយសារការអត់ឃ្លាន។ ៣,១ លាននាក់ គឺជាកុមារ។ នេះមានន័យថា មនុស្ស ២៤០០០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ និង១០០០នាក់ ស្លាប់ក្នុងមួយម៉ោង និងប្រហែល ១០% នៃប្រជាជនពិភពលោកនៅដេកស្លាប់ដោយការស្រេកឃ្លាន។ នៅកេនយ៉ាង ១៧% នៃប្រជាជនសរុបរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ អ្នកនាង ហ្វ៉េ វ៉ាន់ឌៀ បានបន្ថែមថា ៖ “ឆ្នាំមុន ម្សៅពោត ធ្លាប់មានតម្លៃលក់រាយរវាង 0.25$ ទៅ 0.35$ ក្នុង ១គីឡូក្រាម ហើយឆ្នាំនេះ វាឡើងដល់ 0.6$ ទៅ 0.8$។ ជាអ្នកបង្កើតថ្មី យើងសម្រេចចិត្តមកជាមួយនឹងគម្រោងការមួយអាចធ្វើឲ្យអាហារដែលប្រជាជនមានលទ្ធភាពទិញ និងសង្រ្គោះប្រជាជនពីការស្លាប់ដោយអត់ឃ្លាន។ អ្នកនាងហ្វ៉េ វ៉ាន់ឌៀ និយាយថា យើងជ្រើសរើសស្មៅ ដែលដុះលូតលាស់ពី៥០% ទៅ ៦០% នៃផ្ទៃដីសរុបរបស់ផែនដី។ យើងជ្រើសយកស្មៅ ប៊ែរមូដា ដែលជាស្មៅអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ហើយចំណាយពេលតែ២ខែ ដើម្បីធំធាត់។ បន្ទាប់ពីប្រមូលផលស្មៅ អ្នកបង្កើតថ្មី លាងវា ដើម្បីដកចេញនូវជាតិចម្លងរោគ សម្ងួតវា និងកិនវាឲ្យទៅជាម្សៅ (ម្សៅសែលុយឡូស) មុនពេលបន្ថែមអង់ហ្ស៊ីមដើម្បីបំបែកជាតិសែលុយឡូសឲ្យទៅជាម្សៅ។ បន្ទាប់ពីដំណើរការផលិតបានចប់ គេអាចហៅថា ម្សៅស្មៅ ដែលជាគ្រឿងផ្សំសម្រាប់ធ្វើអាហារ អ៊ូហ្គាលី ជាអាហារមូលដ្ឋានរបស់ប្រជាជនកេនយ៉ា ជំនួសម្សៅពោតបាន។