ថាមពលពន្លឺព្រះអាទិត្យឈានមុខជាលើកដំបូងលើថាមពលកាបូននៅក្នុងសហគមន៍អឺរ៉ុបនៅឆ្នាំ២០២៤
កំណើនដ៏ខ្លាំងក្លានៃថាមពលពន្លឺព្រះអាទិត្យ និងថាមពលវារីអគ្គីសនីបាននាំឲ្យផ្នែកនៃថាមពលកកើតឡើងវិញផលិតអគ្គីសនីបាន៤៧% នៅក្នុងប្រទេសចំនួន ២៧ ទល់នឹង ២៩% សម្រាប់ថាមពលឥន្ធនៈផូស៊ីល នៅក្នុងសហគមន៍អឺរ៉ុប។
យោងតាមរបាយការណ៍មួយដែលផ្សព្វផ្សាយកាលពីចុងខែមករា បានឲ្យដឹងថា ថាមពលពន្លឺព្រះអាទិត្យបានឈានមុខជាលើកដំបូងលើថាមពលកាបូននៅក្នុងសហគមន៍អឺរ៉ុបនៅឆ្នាំ២០២៤ និងអនុញ្ញាតឲ្យផ្នែកថាមពលកកើតឡើងឡើងវិញផលិតអគ្គីសនីបានជិតពាក់កណ្តាលនៅក្នុងចំណោមប្រទេសចំនួន ២៧។
នៅក្នុងរបាយការណ៍មួយអំពីអគ្គីសនីអឺរ៉ុប ក្រុមអ្នករិះគិត អំប៊ើ បានរាយការណ៍ថា នៅក្នុងពេលជាមួយគ្នា ផលិតកម្មអគ្គីសនីចេញពីឧស្ម័នបានធ្លាក់ថយសម្រាប់រយៈពេលប្រាំឆ្នាំបន្តបន្ទាប់គ្នា និងផលិតកម្មសរុបនៃអគ្គីសនីផូស៊ីល បានធ្លាក់ចុះទាបដល់កម្រិតជាប្រវត្តិសាស្រ្ត។លោកសាស្រ្តាចារ្យ គ្រីស្ត រ៉ូស្ល៉ូវី ដែលជាអ្នកតាក់តែងសំខាន់នៃរបាយការណ៍ បញ្ជាក់ថា ៖ “ឥន្ធនៈផូស៊ីល បានបាត់បង់ភាពខ្លាំងរបស់ខ្លួននៅក្នុងការផលិតអគ្គីសនីនៃសហគមន៍អឺរ៉ុប”។ ”នៅពេលចាប់ផ្តើមនៃកតិកសញ្ញាបៃតងសម្រាប់អឺរ៉ុបឆ្នាំ២០១៩ មានមនុស្សតិចណាស់ ដែលធ្លាប់គិតថា ការផ្លាស់ប្តូរថាមពលរបស់សហភាពអឺរ៉ុបអាចឈានមកដល់ចំនុចនេះនាពេលសព្វថ្ងៃ ៖ កង្ហារអគ្គីសនី និងថាមពលពន្លឺព្រះអាទិត្យ បានដាក់ថាមពលកាបូនទៅម្ខាង និងរុញឲ្យការប្រើប្រាស់ឧស្ម័នធ្លាក់ថយចុះជារចនាសម្ព័ន្ធ”។
ជាសរុប កំណើនដ៏ខ្លាំងក្លានៃថាមពលពន្លឺព្រះអាទិត្យ និងការកើនឡើងនៃថាមពលវារីអគ្គីសនី បាននាំឲ្យផ្នែកនៃថាមពលកកើតឡើងវិញផលិតអគ្គីសនីបាន ៤៧% ទល់នឹង ២៩% សម្រាប់ឥន្ធនៈផូស៊ីល។
យោងតាមទីភ្នាក់ងារអន្តរជាតិនៃថាមពល (AIE) នៅឆ្នាំ២០២២ បានឲ្យដឹងថា ដោយធ្វើការប្រៀបធៀប ថាមពលកកើតឡើងវិញតំណាងឲ្យ ២១,៤% នៃផលិតកម្មអគ្គីសនីនៅសហរដ្ឋអាម៉េរិក និង ៣០,២% នៅប្រទេសចិន។ បើយោងតាមការសិក្សាមួយរបស់ កាបូនប៊្រីហ្វ Carbon Brief) នៅចក្រភពអង់គ្លេស បានឲ្យដឹងថា ថាមពលកកើតឡើងវិញតំណាងឲ្យ ៤៥% នៃអគ្គីសនីកាលពីឆ្នាំមុន។
ទោះបីជាមានការរីកចម្រើនទាំងនេះ សហគមន៍អឺរ៉ុបដែលជាតំបន់ដែលមានការឈានមុខ បំផុតសម្រាប់ការលែងប្រើប្រាស់ថាមពលកាបូន ក៏នៅតែជាអ្នកបំភាយឧស្ម័នផ្ទះកញ្ចក់ទី៤ ច្រើនបំផុតនៅលើពិភពលោក។ លោកគ្រីស្ត រ៉ូស្ល៉ូវី បានប្រាប់ឲ្យដឹងថា ៖ “កំណើននៃថាមពល ពន្លឺព្រះអាទិត្យចាប់តាំងពីឆ្នាំ២០១៩ បានអនុញ្ញាតឲ្យសហគមន៍អឺរ៉ុបអាចចៀសវាងប្រើប្រាស់ ថាមពលឥន្ធនៈផូស៊ីលគិតជា ទំហំទឹកប្រាក់ដ៏ច្រើន គឺ ៥៩ពាន់លាន អឺរ៉ូ។ ដូច្នេះ សហគមន៍ អឺរ៉ុបនឹងត្រូវប្រើប្រាស់ចំនួនទឹកប្រាក់នេះទៅលើឥន្ធនៈផូស៊ីលសម្រាប់ផលិតកម្មអគ្គីសនី ប្រសិនបើថាមពលកង្ហារខ្យល់ និងពន្លឺព្រះអាទិត្យមិនត្រូវបានស្គាល់កំណើនបែបនេះនៅក្នុង អំឡុងរយៈពេលចុងក្រោយនេះ។”
ក្រុមអ្នករិះគិត អំប៊ើ បញ្ជាក់ទៀតថា និន្នាការទាំងនេះកើតមានជាទូទៅនៅក្នុងសហគមន៍អឺរ៉ុប។ ថាមពលពន្លឺព្រះអាទិត្យរីកចម្រើននៅក្នុងគ្រប់ប្រទេស ហើយប្រទេសច្រើនជាងពាក់កណ្តាលចាប់ពីពេលនេះទៅ អាចលុបបំបាត់ការប្រើប្រាស់ធ្យូងថ្ម និងឥន្ទនៈផូស៊ីល ដែលពុលបំផុត។
ថាមពលកកើតឡើងវិញពីខ្យល់ក៏កើនឡើងខ្លាំងផងដែរនៅអឺរ៉ុប ផ្ទុយពីនៅអាម៉េរិក ដែលលោកប្រធានាធិបតីថ្មី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យច្បាប់រារាំងការអភិវឌ្ឍនៃគម្រោងការថាមពលកង្ហារខ្យល់ថ្មីៗ។