តើសន្និសីទអន្តរជាតិលើកទី២៩ ស្តីអំពីអាកាសធាតុ នឹងអាចប្រមូល​លុយរាប់ ពាន់ លានដុល្លារចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុដែរឬទេ?

ភាគចុងក្រោយនៃការចរចានានាអំពីអាកាសធាតុនៃអង្គការសហប្រជាជាតិ សន្និសីទអន្តរជាតិ​ស្តីអំពីអាកាសធាតុលើកទី២៩ បានបើកធ្វើនៅទីក្រុងបាគូ នៅប្រទេសអាហ្ស៊ែបៃហ្សង់ បន្ទាប់ ពីមួយឆ្នាំ​ដែលត្រូវកត់សម្គាល់ដោយឯកតកម្មនៃការឡើងកម្តៅក្តៅបំផុត និងភាពច្របូក​ច្របល់​​ខាង​អាកាសធាតុ​ជាទូទៅ មានភ្លើងឆេះព្រៃ ទឹកជំនន់ និងខ្យល់ព្យុះអ៊ូរ៉ាហ្គង់ដ៏​បំផ្លិច​បំផ្លាញ ដែល​បាន​វាយប្រហារស្ទើតែនៅគ្រប់តំបន់​នៅលើពិភពលោក។

ការបង្កើនឡើងដ៏ចម្បងនៃកិច្ចសន្យាខាងហិរញ្ញវត្ថុដើម្បីជួយដលប្រទេសងាយរងគ្រោះ ដើម្បី​សម្រាល​ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងសម្របខ្លួននឹងការប្រែប្រួលនេះ គឺជា​គោលដៅ​សំខាន់នៃសន្និសីទនៅឆ្នាំនេះ ដែលឲ្យឈ្មោះថា សន្និសីទអំពីការផ្តល់ហិរញ្ញប្បទាន​ខាង​អាកាសធាតុ។​

ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាល​អំពីការវិវត្តន៍នៃអាកាសធាតុ (GIEC) ដែលជា​អង្គការ​វិទ្យាសាស្រ្ត​ដ៏សំខាន់នៃអង្គការសហប្រជាជាតិ និងទទួលបន្ទុកនៃបញ្ហាអាកាសធាតុ បាន​ផ្សាយ​​​ការ​ព្រមាន ដែលកាន់តែអាសន្នឡើងៗ អំពីការការកើនល្បឿននៃការប្រែប្រួល​អាកាស​ធាតុ។

ដើម្បីកម្រិតការកើនឡើងនៃអាកាសធាតុឲ្យនៅត្រឹម 1,5 °C លើកម្រិតមុនយុគសម័យ​ឧស្សាហកម្ម ត្រូវមានការវិនិយោគឲ្យបានច្រើនមហិមា និងចាំបាច់នៅក្នុងបច្ចេកវិជ្ជា​ថាមពល​ស្អាត ហេដ្ឋា​រចនាសម្ព័ន្ធ និងវិធានការនានាដើម្បីសម្របខ្លួន។

ប្រទេសកំពុងអភិវឌ្ឍ ជាពិសេស រដ្ឋកោះតូចៗ និងប្រទេសមិនសូវលូតលាស់ មាន​ភាព​ងាយ​រង​គ្រោះជាពិសេសពីឥទ្ធិពលនៃអាកាសធាតុ មានដូចជា ការកើនឡើងនូវកម្រិត​ទឹក​សមុទ្រ បាតុភូតឧតុនិយមខ្លាំងៗ និងគ្រោះរាំងស្ងួតជាដើម។ ពួកគេត្រូវការការគាំទ្រ​ហិរញ្ញវត្ថុ​ដ៏​​​មាន​សារសំខាន់​ដើម្បីពង្រឹងភាពធន់របស់ពួកគេ ធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ចទៅកាន់សេដ្ឋកិច្ច​ដែល​បំភាយ​​​កាបូនតិចជាងមុន ហើយនិងទូទាត់ការបាត់បង់ និងការខូចខាត។

សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុ លើកទី២៩ ប្រព្រឹត្តិឡើងនៅលើផ្លូវ នៅខណៈដែល មេដឹក​នាំនានា​ទៅកាន់ប្រទេសប្រេស៊ីល សម្រាប់កិច្ចប្រជុំកំពូល​ G20 នៅសប្តាហ៍ក្រោយ។

កិច្ចចរចានានា ដែលប្រព្រឹត្តិធ្វើ ២៤ម៉ោង លើ ២៤ម៉ោង នៅទីក្រុងបាគូ អំពីប្រធានបទ​ដែល​ជានិច្ច​កាលចាក់ដោតអំពីរឿងលុយ គឺឈានទៅមុខយឺតៗ។ ប្រតិភូនៃប្រទេសអភិវឌ្ឍ​អំពាវនាវ​​ឲ្យមានការឈានទៅមុខឲ្យកាន់តែច្រើន និងកាន់តែលឿន សម្រាប់ការផ្តល់​ហិរញ្ញប្បទាន​ថ្មី​​ចំពោះ​ការបាត់បង់ និងការខូចខាត ហើយនិងបង្កើនល្បឿននៃគោលដៅ​នានា​បើ​និយាយអំពី រឿង​ថាមពល​ស្អាត។

លោកស៊ីម៉ុង ស្យែល អគ្គលេខាប្រតិបត្តិនៃកិច្ចព្រមព្រៀងក្របខណ្ឌអង្គការសហប្រជាជាតិ​អំពី​ការ​ប្រែប្រួលអាកាសធាតុ​ (CCNUCC) ដែលរៀបចំកិច្ចប្រជុំនានាប្រចាំឆ្នាំនៃសន្និសិទអន្តរជាតិ​ស្តី​អំពីអាកាសធាតុ បានផ្ញើសារទៅកាន់មេដឹកនាំ G20 យ៉ាងលឿនកាលពីថ្ងៃសៅរ៍ មុនពេល ពួកគេឡើងយន្តហោះទៅកាន់ទីក្រុង រីយ៉ូ ដឺ ហ្ស៉ាណៃរ៉ូ នៅប្រទេសប្រេស៊ីល។ សារគឺថា​​ ការ​រីក​ចម្រើន​នៃ​ការ​ផ្តល់ហិរញ្ញប្បទានខាងអាកាសធាតុខាងក្រៅ CCNUCC ក៏មានសារសំខាន់​ខ្លាំង​​ផងដែរ ហើយតួនាទីនៃប្រទេស G20 គឺមានសារសំខាន់ចាំបាច់សម្រាប់បេសកកម្មនេះ... ។ វិបត្តិ​អា​កាសធាតុពិភពលោកគួរតែជាអាទិភាពទី១ នៅទីក្រុង រីយ៉ូ ដឺ ហ្ស៉ាណៃរ៉ូ នៅសប្តាហ៍​ក្រោយ។ កិច្ចប្រជុំកំពូល G20 ត្រូវតែផ្ញើសញ្ញាជាសកលឲ្យបានច្បាស់ៗ។

លោកស៊ីម៉ុង ស្យែល និយាយការពារថា ការឧបត្ថម្ភ និងការផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ត្រូវតែអាចសេរី និងប្រើប្រាស់បាន និងថា ការបន្តកំណែទម្រង់លើធនាគារពហុភាគី​នៃការ​អភិវឌ្ឍ ត្រូវតែជាអាទិភាពដាច់ខាត។

 

Daily Program

Livesteam thumbnail