គ្រប់លក្ខខណ្ឌប្រមូលផ្តុំដើម្បីឲ្យមានអគ្គីភ័យដ៏អាក្រក់​នៅចំ​រដូវរងានៅទីក្រុងឡូស អេនជឺឡេស

មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួន នៅខណៈដែលមានមនុស្សយ៉ាងហោចណាស់ ២៤នាក់ បានបាត់បង់ជីវិត​ដោយសារអគ្គីភ័យដ៏មហាសាលនៅទីក្រុងឡូ អេនជឺឡេស រដ្ឋកាលីហ្វ័រនី។ ការ​ជជែក​វែកញែកយ៉ាងផុសផុលអំពីមូលហេតុ លេចឡើងដោយសារការពង្រីកទីក្រុង​ដែល​ជា​ទីក្រុងទី២ ដែលមានប្រជាជនរស់នៅច្រើនបំផុតនៅសហរដ្ឋអាម៉េរិក និងការគ្រប់គ្រងព្រៃ​ឈើ​​នៅ​​តំបន់​ជុំវិញមិនបានល្អ។

គ្រោះរាំងស្ងួត កម្តៅ ខ្យល់ខ្លាំង “លក្ខខណ្ឌទាំងនេះ បានប្រមូលផ្តុំគ្នា នៅរដូវរងា នៅ​ទីក្រុង​ឡូស អេនជឺឡេស។ លក្ខខណ្ឌទាំងនេះ អាចពន្យល់អំពីអគ្គីភ័យដ៏អាក្រក់ ហើយអ្នកជំនាញ​ក៏​មិន​បន្ទោសទាំងស្រុងលើការប្រែប្រួល​អាកាសធាតុដែរ។ ប្រជាជនរាប់ម៉ឺននាក់ បានភៀសខ្លួន ហើយមនុស្សយ៉ាងហោចណាស់ ២៤នាក់ បានស្លាប់។ ការ​ជជែកវែកញ៉ែកយ៉ាងផុសផុល​អំពី​អគ្គីភ័យលេចឡើងអំពីមូលហេតុនៃការពង្រីកទីក្រុង​ និងការ​គ្រប់​គ្រង​ព្រៃឈើមិនបានល្អ។

លោកស្រីគ្រីស្ទីនណា ដាល់ ដែលជាអនុប្រធាននៃអង្គការសិក្សាស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​អង្គការ​ក្លាយម៉េត សេនត្រាល់ (Climate Central) បានធ្វើសេចក្តីសង្ខេបថា ៖ “យើង​បានធ្វើ​ជា​សាក្សី​ចំពោះភ្លើងដែលកំពុងរីកសាយភាយ នៅពេលដែលអាកាសធាតុក្តៅ និង​ស្ងួត ហើយ​មាន​ខ្យល់បក់ទៀត។ លក្ខខណ្ឌទាំងអស់នេះ បានប្រមូលផ្តុំគ្នាសព្វថ្ងៃនេះ នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលីហ្វ័រនី”។

សម្រាប់រដ្ឋកាលីហ្វ័រនី សញ្ញានៃការប្រែប្រួលអាកាសធាតុលេចឡើងច្បាស់បំផុត។ លក្ខខណ្ឌ​បី បានប្រមូលផ្តុំគ្នា គឺសីតុណ្ហភាពក្តៅ ស្ងួត ហើយមានខ្យល់។ សីតុណ្ហភាព​កើន​ខ្ពស់​នៅ​ដើម​រដូវ​រងានេះ នៅទីក្រុងឡូស អេនជឺឡេស នៅជុំវិញ ២០អង្សារសេ នៅពេលថ្ងៃ។ ពីមុន អគ្គីភ័យ​​ធំៗ នៅរដូវរងា គឺកម្រកើតមានណាស់នៅរដ្ឋកាលីហ្វ័រនី។

ទោះបីជាគេធ្វើមិនដឹងមិនឮចំពោះលក្ខខណ្ឌអគ្គីភ័យ ក៏ដោយ លោកប៉ាទ្រីក ហ្កុងហ្សាឡេ ដែល​ជាអ្នកឯកទេសអាកាសធាតុនៅសកលវិទ្យាល័យកាលីហ្វ័រនី បាននិយាយបំពេញថា ៖ “ការ​ប្រែប្រួលអាកាសធាតុដែលមនុស្សបានចូលរួមបង្កឡើង បានធ្វើឲ្យកម្តៅកើនឡើង។ នេះ​គឺ​បង្កជាភ្លើងឆេះព្រៃ និងការកើនសីតុណ្ហភាព ២អង្សារសេចាប់តាំងពីឆ្នាំ១៨៩៥ នៅភាគ​ខាង​ត្បូង​រដ្ឋកាលីហ្វ័រនី”។

ក៏ដូចជានៅក្នុងប្រទេសដទៃជាច្រើនទៀត ឆ្នាំ២០២៤ គួរតែជាឆ្នាំដែលក្តៅបំផុតនៅសហរដ្ឋ​អាម៉េរិក ហើយអ្នកវិទ្យាសាស្រ្តបានរំឭកថា ការប្រែប្រួលអាកាសធាតុបង្កើនភាពញឹកញាប់នៃ​ព្រឹត្តិការណ៍​ឧតុនិយមដែលមានលក្ខណៈធ្ងន់ៗ។

ចំណែកលោកស្រីម៉ារីយ៉ា លូស្យា ហ្វ៉េរ៉េរា បាកបូសា ដែលជាអ្នក​វិទ្យាសាស្រ្ត​ពី​អង្គការ​អង់គ្លេស អង្គការសេនត្រាល់ ហ្វ៉ អេកូឡូជី អេន ហាយដ្រូឡូជី (Centre for Ecology & Hydrology) បានផ្តល់គំនិតថា វិសាលភាពនៃភ្លើងឆ្នេះព្រៃប្រែប្រួលពី ១ឆ្នាំ ទៅ ១ឆ្នាំ។ អគ្គីភ័យ​​ពេលនេះ នៅទីក្រុងឡូស អេនជឺឡេស គឺជាផ្លែផ្កានៃលក្ខខណ្ឌដែលផ្គុំគ្នាដ៏ល្អ​ឥត​ខ្ចោះ​​​សម្រាប់ឲ្យកើតមានមហន្តរាយបែបនេះ។

នៅឆ្នាំ២០២៤ រដ្ឋកាលីហ្វ័រនី ទទួលរងទាំងបាតុភូតអេល នីណូ ដែលនាំមកនៅ​ភ្លៀងខ្លាំង និង​រុក្ខជាតិ​រីកសាយភាយ ហើយនៅឆមាសទី២ ក៏មានគ្រោះរាំងស្ងួតនៅភាគខាងត្បូង។ ពីថ្ងៃទី១ ខែកក្កដា ឆ្នាំមុន រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំនេះ គ្រោះរាំងស្ងួតបានកើតមាននៅ​ភាគ​កណ្តាល​ទីក្រុងឡូស អេនជឺឡេស និងមានភ្លៀងធ្លាក់តែ ៤មម ដែល​តិចជាងច្រើន​ពី​កម្រិត​ធម្មតា​ប្រចាំ​រដូវ។ ដោយមានអត្រាសំណើមដ៏តិចតួចខ្លាំងនេះ រួមផ្សំនឹង មានខ្យល់ខ្លាំង និង​ស្ងួតផង ផ្ទៃ​ដីក៏ត្រូវបានបោសសម្អាតដោយអគ្គីភ័យតែម្តង។

Daily Program

Livesteam thumbnail