កត្តាដែលនាំឱ្យការគ្រប់គ្រងកាកសំណល់និងប្លាស្ទិក មិនទាន់មានប្រសិទ្ធភាពដោយសារ កង្វះយន្តការនិងលើកទឹក ចិត្តចំពោះការកែច្នៃសំរាម
ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងថា កត្តាដែលនាំឱ្យការគ្រប់គ្រងកាកសំណល់និងប្លាស្ទិក មិនទាន់មានប្រសិទ្ធភាពដោយសារកង្វះយន្តការនិងលើកទឹក ចិត្តចំពោះការកែច្នៃសំរាម ការពង្រីកមធ្យោបាយដឹកជញ្ជូននិងការគ្រប់គ្រង អត្រាពន្ធទាបលើការនាំចូលប្ល ស្ទិក និងការអនុវត្តគោលនយោបាយឱ្យមានប្រសិទ្ធភាព។
ការលើកឡើងនេះ តាមរយៈសេចក្តីថ្លែងការណ៍រួមទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ «សុខុមាលភាពពិភពលោក ជាការទទួលខុសត្រូវរបស់យើង» នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានផ្តល់អនុសាសន៍មួយចំនួនទៅកាន់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចផងដែរ។ ក្នុងនោះរួមមាន៖ ១. រាជរដ្ឋាភិបាល គួរពិនិត្យ ហើយលើកទឹកចិត្តឱ្យមន្ត្រីជំនាញ ឬវិស័យរៀបចំទីក្រុង និងនគរូបនីយកម្ម បង្កើតសួនសាធាណៈ និងឧទ្យានធម្មជាតិធំៗនៅបណ្តាលខេត្តនានាសម្រាប់ប្រជាជនទូទៅអាច សម្រាកលំហែកម្សាន្តបាន ជាពិសេសនៅរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន។
២. ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរយកចិត្ត ទុកដាក់លើការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមបញ្ញត្តិនៃច្បាប់ស្ដីពីតំបន់ការពារធនធានធម្មជាតិ ច្បាប់ស្ដីពីព្រៃឈើ កម្មវិធីព្រៃឈើជាតិ និងគោលនយោបាយនានាសម្រាប់កិច្ចការងារអភិរក្ស និង ការពារធនធានធម្មជាតិប្រកបដោយស័ក្ខសិទ្ធភាព។
៣. ធានាប្រសិទ្ធភាព និងតម្លាភាពក្នុងដំណើរការនៃការចូលរួមពិគ្រោះយោបល់ជាសារធារណៈ ប្រកបដោយបរិយាប័ន្ន ព្រមទាំងសិទ្ធិក្នុងការចូលរួមសម្រេចចិត្តជាមួយសហគមន៍មូលដ្ឋាន អង្គការ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ នូវរាល់គម្រោងអភិវឌ្ឍន៍ និងការរៀបចំគោលនយោបាយទាំងឡាយណា ដែល ធានាបាននូវសិទ្ធិចូលរួមរបស់ពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍វាយ តម្លៃហេតុប៉ះពាល់បរិស្ថាន។
៤. ជំរុញក្រសួងរ៉ែ និងថាពល លើកកម្ពស់បរិយាប័ន្នក្នុងគោលដៅសម្រេចបានអព្យាក្រឹត្យកាបូនតាមរយៈការអភិវឌ្ឍវិស័យថាមពលស្អាត។
៥. សាលាក្រុងរាជធានីភ្នំពេញ និងបណ្តាលខេត្តនានាគួរបង្កើតកម្មវីធីចលនាគ្រួសារបៃតងតាមរយៈការដាំ បន្លែបន្ទាប់បន្សំ និងរុក្ខជាតិឆ្លាតវៃក្នុងផ្ទះ ដើម្បីជួយសន្សំសំចៃលើការចំណាយស្បៀង ថាមពល ព្រម ទាំងបង្កើនផាសុកភាពជុំវិញកន្លែងរស់នៅប្រចាំថ្ងៃ ។
៦. សាលាក្រុងរាជធានីភ្នំពេញ និងបណ្តាលខេត្តនានាត្រូវបង្កើតយន្តការបែងចែក និងប្រមូលសំរាមតាម មុខងារដែលបានបែងចែករួច (កាកសំណល់ផ្ទះបាយ ប្លាស្ទិក សំរាមកែច្នៃឡើងវិញ សំរាមគ្រោះថ្នាក់) ហើយធ្វើការណែនាំទៅកាន់ពលរដ្ឋ និងក្រុមហ៊ុនឯកជនដែលទទួលខុសត្រូវ ។
៧. ចំពោះបញ្ហាប្លាស្ទិក និងសំរាម នៅប្រទេសកម្ពុជាគួរបង្កើតឱ្យមានចំណាត់ពន្ធ និងវិធានការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកក្នុងកម្រិតអតិបរមា ។ អនុវត្តការផាកពិន័យលើការបោះចោលសំរាមពាសវាស ពាសកាល ( ការបោះសំរាមចូលទៅក្នុងប្រឡាយ បឹង និងទន្លេ តំបន់ទេសចរណ៍ព្រមទាំងការគ្រប់គ្រង កាកសំណល់ឧស្សាហកម្ម គួរត្រូវបានអនុវត្តជាសាធារណៈ។
៨. ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពលគួរតែធ្វើការវិភាគ និងសិក្សាឱ្យបានស៊ីជម្រៅអំពីផលប៉ះពាល់ បរិស្ថាន សង្គមព្រមទាំងសេដ្ឋកិច្ចនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីរបាយការណ៍វាយតម្លៃ ការរុករ ក និងឧស្សាហកម្មនិស្សារណកម្ម។ បង្កើនប្រសិទ្ធភាពនៃការទប់ស្កាតនៃការធ្វើអាជីវកម្មដោយខុស ច្បាប់ ការជួញដូរនិងអំពើពុករលួយ។
ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានបន្តមានការព្រួយបារម្ភជាខ្លាំងចំពោះ បាតុភូតអ៊ែលនីញ៉ូ ដែលធ្វើឱ្យសីតុណ្ហភាពក្ដៅខ្លាំង ការប្រែប្រួលអាកាសធាតុ ការបន្តបាត់បងធនធានធម្មជាតិជាដើម។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ៖ «ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបង្កើនគោលនយោបាយ ច្បាប់ ការប្តេជ្ញាចិត្ត និងយុទ្ធនាការនានា ក៏យើងខ្ញុំសង្កេតឃើញថា ការបាត់បង់គម្របព្រៃឈើ ការទន្ទ្រានដី តំបន់ការពារ ការលុបបឹងធម្មជាតិ ការធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់ ការគ្រប់គ្រងសំរាម ការនេសាទដោយ ខុសច្បាប់ និងការគ្រប់គ្រងកាកសំណល់ជាដើម នៅតែជាបញ្ហាចម្បងដ៏គួរអោយព្រួយបារម្ភ»។
រយៈពេល២ទសវត្សចុងក្រោយនេះ ព្រៃឈើកម្ពុជា បានរងការបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័ស ដែលបាន ធ្វើឱ្យគម្របព្រៃឈើកម្ពុជាមានការធ្លាក់ចុះជាង១៤% ដែលជាអត្រាដ៏ខ្ពស់ និងព្រួយបារម្ភជាទីបំផុត។
ការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រៃ ព្រះរការ ការកាប់បំផ្លាញព្រៃរនាម ព្រៃកោងកាង និងការទន្ទ្រានដីព្រៃយកជាកម្មសិទ្ធិដោយខុសច្បាប់។
ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម សារធាតុគីមី ការដុតបំភាយទៅកាន់បរិយាកាស និងការបង្ហូរចូលទឹកធម្មជាតិ បានបង្កផលប៉ះពាល់ដល់មនុស្ស ការបំពុល និងបំរែបំរួលយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។