«សត្វត្មាត»នៅដែនជម្រកសត្វព្រៃសៀមប៉ាងកើនឡើងដល់ចំនួន ១២៧ក្បាល
ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក ថ្មីៗនេះបានតាមដាន និងកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ ១២៧ ក្បាលនៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។ ចំនួនដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នានឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែលបានបូកសរុបឃើញមានចំនួនត្រឹមតែប្រហែល ១៣០ ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣ នៅទូទាំងប្រទេស។
វត្តមានសត្វត្មាតនៅ«ភោជនីយដ្ឋានត្មាត»បានបំបែកកំណត់ត្រាថ្មីនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដែលថ្មីៗនេះ ដៃគូអភិរក្សរបស់ USAID មរតកបៃតង គឺក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក បានតាមដាន និងកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ ១២៧ ក្បាលនៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ចំនួនដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នានឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែលក្រុមការងារសត្វត្មាតកម្ពុជាបានបូកសរុបឃើញមានចំនួនត្រឹមតែប្រហែល ១៣០ ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣ នៅទូទាំងប្រទេស។
ប្រទេសកម្ពុជាជាជម្រករបស់សត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វត្មាតទាំងនេះត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពនៅក្នុងបរិស្ថាន។
ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងពីរគឺ កង្វះអាហារ និងការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស។ បច្ចុប្បន្ននេះ សត្វត្មាតនៅកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃ។
ដើម្បីជួយទប់ស្កាត់ការផុតពូជរបស់សត្វត្មាត USAID មរតកបៃតង សហការជាមួយមូលនិធិ Critical Ecosystem Partnership និងក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក បានបង្កើតគម្រោង «ភោជនីយដ្ឋានត្មាត» ដើម្បីផ្តល់អាហារដែលមានសុវត្ថិភាពជារៀងរាល់សប្តាហ៍ដល់សត្វត្មាត គោលបំណងដើម្បីរក្សាសត្វត្មាតឱ្យនៅក្នុងតំបន់ការពារ និងជៀសវាងការស្វែងរកអាហារដែលមិនមានសុវត្ថិភាពនៅក្រៅតំបន់។ រ៉ាយហ្ស៉ីង ហ្វីនិក ក៏បានបំពាក់ឧបករណ៍តាមដាន (GPS-GSM tagging) ទៅលើសត្វត្មាត ដើម្បីតាមដានការផ្លាស់ទីរបស់ពួកវា និងយល់កាន់តែច្បាស់អំពីឥរិយាបថនៃសត្វស្លាបជិតផុតពូជទាំងនេះ រួមទាំងធ្វើការស្វែងរក និងតាមដានសំបុកសត្វត្មាត ដើម្បីធានាសុវត្ថិភាពនៃការបន្តពូជរបស់ពួកវាផងដែរ៕