ទុក្ខលំបាកដែលមនុស្សជួប ជាការល្បងលពីព្រះជាម្ចាស់ឬ?
បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ពីព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង ក្នុងភូមិភាគភ្នំពេញ។
បូ. រឿង ឆ័ត្រសិរី៖ បងប្អូន! សម្រាប់ជំនឿរបស់យើង ជាគ្រឹះដែលអាចឲ្យយើងប្រឈមគ្រប់កិច្ចការ គ្រប់ការលំបាក ដូច្នេះហើយយើងអាចចោទជាសំណួរថា តើមានចំណុចអ្វីខ្លះដែលបញ្ជាក់យើងថា អ្នកនោះជាគ្រីស្តបរិស័ទដ៏រឹងមាំ? បងប្អូនដឹងហើយថា យើងស្វែងរកព្រះជាម្ចាស់តែមួយ ដោយសារយើងស្រលាញ់ព្រះអង្គ យើងចង់ស្គាល់ព្រះអង្គ ហើយជួនកាលយើងក៏បានទទួលអ្វីៗជាច្រើនពីព្រះអង្គផងដែរ។ ពេលយើងសប្បាយ ពេលយើងរីករាយ វាពិតជាងាយស្រួលនឹកដល់ព្រះជាម្ចាស់ ក៏ប៉ុន្តែ! ជាការពិសោធម្យ៉ាងដើម្បីដឹងថា តើយើងអាចបន្តជំនឿទៅលើព្រះជាម្ចាស់បានឬអត់ ជំនឿយើងរឹងមាំទេ គឺត្រូវមើលនៅពេលយើងមានបញ្ហា ពេលមានឧបសគ្គ ពេលនោះយើងដឹងថាជំនឿយើងរឹងមាំកំរិតណា? មានអ្នកធ្វើគំរូឲ្យយើងដឹងហើយ ឃើញហើយ អ្នកដែលមានជំនឿជឿយ៉ាងពិតប្រាកដ ហើយក៏មិនបោះបង់ជំនឿនោះចោល រហូតដល់មានអ្នកដទៃហ៊ានសម្លាប់ពួកគាត់។
យើងហៅក្រុមនេះថាមរណសាក្សីដែលព្រះសហគមន៍យើងគោរពពួកគាត់ណាស់ ដោយសារពួកគាត់ជាសក្ខីភាពនៃជំនឿយ៉ាងជាក់ស្តែង មិនត្រឹមតែជាទ្រឹស្តី ឬចិត្តគំនិតនោះទេ តែវាជាក់ស្តែងមែនទែនដែលធ្វើឲ្យពួកគាត់សុខចិត្តលះបង់ជីវិត ដើម្បីជំនឿហ្នឹង។ ដូច្នេះជំនឿរបស់បងប្អូនរឹងមាំ ឬមិនរឹងមាំមើលកន្លែងដែលយើងកំពុងមានឧបសគ្គ យើងពឹងលើព្រះជាម្ចាស់ ។
ហេតុនេះហើយបងប្អូនត្រូវពិចារណា ថាតើយើងខ្លាច យើងហ៊ានទេ ពេលជួបបញ្ហា ឬឧបសគ្គអ្វី នៅពេលយើងកំពុងមានជំនឿ! ដោយសារនៅពេលនោះឯងអាចឲ្យយើងបញ្ជាក់ថា តើជំនឿរបស់យើងរឹងមាំឬអត់? បើយើងរឹងមាំមានន័យថាគ្រប់រឿងរ៉ាវ ឬការលំបាក ទុក្ខព្រួយដែលយើងបានជួយប្រទះ គឺយើងអាចតស៊ូបាន និងដល់ទីបំផុតនៃជីវិតរបស់យើងផងដែរ។
ត្រង់នេះបញ្ជាក់ថាជំនឿរបស់យើងម្នាក់ៗ រឹងមាំ ឬយ៉ាងណាអាស្រ័យលើហេតុផលទាំងនេះ។ ក៏ប៉ុន្តែ ប្រសិនបើជំនឿរបស់យើងទន់ខ្សោយ ពេលមានរឿង មារល្បួងបន្តិចបន្តួច មានរឿងលោកកីយ៍។ល។ វាអាចទាញចិត្តយើងឲ្យទៅធ្វើរឿងផ្សេងដែលខុសឆ្គង ប្រាសចាកពីព្រះហឫទ័យ ឬក៏ពីមាគ៌ាអប់រំរបស់ព្រះជាម្ចាស់ នោះមានន័យថាជំនឿរបស់យើងមិនរឹងមាំទេ។
ដូច្នេះខ្ញុំសង្ឃឹមថា ជំនឿរបស់បងប្អូននឹងរឹងមាំ ទោះជាស្ថិតក្នុងទុក្ខព្រួយ ឬអំណរសប្បាយក្តី គឺនៅតែផ្ញើជីវិតទៅលើព្រះជាម្ចាស់៕
រៀបចំដោយ ឆាក លាំង