សិល្បករខ្មែរកែច្នៃសំណល់ទឹកទៀនបូជា ឱ្យក្លាយជាស្នាដៃចម្លាក់ដ៏ប្រណីត និងជាទុនចំណេះដឹងសម្រាប់កុមារ
ទៀន ជាប្រភពពន្លឺ និងជាគ្រឿងសក្ការបូជាយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ទាំងនៅជនបទ និងទីក្រុង ជាពិសេសតាមវត្តអារាមនានានាដូវកាលបុណ្យទាន។ ទោះជាយ៉ាងណា ក្រោយពេលដុតបំភ្លឺរួច សំណល់ទឹកទៀនស្រក់រលាយភាគច្រើនត្រូវបានគេបោះចោលដោយមើលរំលង។ បច្ចុប្បន្ន សំណល់ទាំងនេះត្រូវបានវិចិត្រករខ្មែរជើងចាស់មួយរូប ប្រមូលយកមកច្នៃជារូបចម្លាក់ និងផ្ទាំងគំនូរយ៉ាងស្អាតប្លែកភ្នែក ព្រមទាំងប្រើប្រាស់ជាឧបករណ៍បណ្តុះបណ្តាលសិល្បៈដល់កុមារជំនាន់ក្រោយដោយឥតគិតថ្លៃ។
លោកសាស្ត្រាចារ្យ ព្រហ្ម វិចិត្រ អាយុ ៦៩ ឆ្នាំ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ «អង្គការវិចិត្រករខ្មែរដើម្បីកុមារ» បានសម្រេចចិត្តប្រមូលសំណល់ទៀនដែលគេបោះចោល យកមកប្រើប្រាស់ជាធាតុផ្សំក្នុងការឆ្លាក់រូប។ លោកបានបញ្ជាក់ពីគោលបំណងនៃការប្រមូលសំណល់នេះថា លោកចង់បង្ហាញពីតម្លៃនៃការកែច្នៃរបស់ដែលគេចោលឱ្យមានប្រយោជន៍ និងជួយអភិរក្សបរិស្ថាន ដោយមិនបាច់ទៅកាប់ ឬគាស់គល់ឈើមកធ្វើជាសម្លារៈឆ្លាក់នោះឡើយ។
សាលាបង្រៀនសិល្បៈឥតគិតថ្លៃនេះ មានទីតាំងស្ថិតនៅក្នុងភូមិក្រាំងពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីនោះមិនត្រឹមតែជាកន្លែងបង្រៀនគូរគំនូរបុរាណ និងសម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនពីជំនាញជីវិតតាមរយៈការធ្វើចម្លាក់ខ្មុក ចម្លាក់ទៀន និងការច្នៃវត្ថុផ្សេងៗពីស្លឹកឈើដល់កុមារក្នុងស្រុកកំណើតរបស់លោកផងដែរ។
បើតាមដំណើរការបច្ចេកទេស មុននឹងអាចឆ្លាក់ជាំរូបរាងបាន សំណល់ទៀនត្រូវយកទៅចំហុយឱ្យរលាយ រួចច្រោះយកកាកសំណល់ផ្សេងៗចេញ ទើបចាក់ចូលពុម្ពសម្រាប់យកទៅឆ្លាក់តាមក្បាច់ និងរូបរាងដែលត្រូវការ។ ចម្លាក់ទៀនទាំងនេះអាចរក្សាទុកបានយូរអង្វែង មិនប្រែប្រួលរូបរាងឡើយ ប្រសិនបើស្ថិតក្នុងសីតុណ្ហភាពសមរម្យ និងជៀសផុតពីសត្វកណ្តុរ។
ថ្វីបើចម្លាក់ទៀនមិនទាន់មានវត្តមាននៅលើទីផ្សារទូលំទូលាយ ប៉ុន្តែស្នាដៃទាំងនេះត្រូវបាននាំយកទៅដាក់បង្ហាញក្នុងពិព័រណ៍ជាច្រើន ហើយថែមទាំងបានយកទៅតាំងបង្ហាញក្នុងសារមន្ទីរនៅសហរដ្ឋអាមេរិកទៀតផង។ លើសពីនេះ ការឆ្លាក់ទៀនបានក្លាយជាឧបករណ៍ពង្រឹងស្មារតី និងអារម្មណ៍របស់សិស្សឱ្យផ្ដោតអារម្មណ៍បានល្អ និងយល់កាន់តែច្បាស់ពីបច្ចេកទេសក្បាច់ក្បូរខ្មែរ ដូចជាក្បាច់លៀន លោត និងលិបជាដើម។
យុវជន សេន សុម៉ី និងកុមារី វ៉ាន់ កន្និកា ដែលជាសិស្សរៀននៅទីនោះ បានសម្តែងក្តីសប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំងដែលបានរៀនសូត្រជំនាញនេះ ដោយពួកគេអាចប្រើប្រាស់ឧបករណ៍បានយ៉ាងស្ទាត់ជំនាញ និងមានបំណងយកចំណេះដឹងផ្នែកគំនូរ និងចម្លាក់នេះទៅបន្តការសិក្សានៅថ្ងៃអនាគត។
សូមបញ្ជាក់ថា «អង្គការវិចិត្រករខ្មែរដើម្បីកុមារ» ត្រូវបានទទួលស្គាល់ជាផ្លូវការនៅឆ្នាំ ២០១៩ ហើយបានបណ្តុះបណ្តាលសិស្សជិត ៨០ នាក់ ដោយបើកទូលាយសម្រាប់កុមារគ្រប់វ័យឱ្យចូលរៀន។ លោកសាស្ត្រាចារ្យ ព្រហ្ម វិចិត្រ ក៏បានអំពាវនាវដល់សាធារណជនឱ្យចូលរួមគាំទ្រស្នាដៃសិល្បៈគំនូរ និងចម្លាក់ខ្មែរ ដើម្បីជាកម្លាំងចិត្តដល់វិចិត្រករជំនាន់ក្រោយក្នុងការបន្តបេសកកម្មនេះបន្ថែមទៀត៕
