សាមូដ្រាហ្គូបតា អធិរាជដែលលើកស្ទួយទស្សនវិជ្ជា អក្សរសាស្រ្ត និងវិទ្យាសាស្រ្ត

សាមូដ្រាហ្គូបតា ក៏មានព្រះនាម សាវារាចូចហេដា ព្រះអង្គគឺជាស្តេចនៃចក្រភព​ហ្គូបតា ពីឆ្នាំ​៣៣៥ ដល់ឆ្នាំ៣៨០។ នៅរាជ្យរបស់ព្រះអង្គ ចក្រភព​ហ្គូបតា​ឈានទៅដល់ការ​គ្រប់គ្រង​មួយ​ផ្នែក​ដ៏ធំនៃភាគខាង​ជើង​ប្រទេសឥណ្ឌា។ យុគសម័យ​របស់ព្រះអង្គមានការកត់សម្គាល់នូវការ​រីកចម្រើនយ៉ាងខ្លាំងក្លា​ខាង​អក្សរសាស្រ្ត និងវិទ្យាសាស្រ្ត។

នៅឆ្នាំ៣៣៥ ព្រះរាជាសាមូដ្រាហ្គូបតា បានស្នងរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គ​ គឺព្រះរាជា​ចានដ្រាហ្គូបតា ដែលជាស្ថាបនិកនៃចក្រភពហ្គូបតានៅអាស៊ីខាងត្បូង។ នៅពេលបាន​ឡើង​សោយរាជ្យ ព្រះរាជាសាមូដ្រាហ្គូបតា បានដឹកនាំនូវយុទ្ធនាការយោធាជាច្រើនឆ្ពោះទៅកាន់​ទំនាប​នៅទិស​ខាងជើងផ្តួលរំលំរាជាណាចក្រ គូស្ហ៉ាណា និងឆ្ពោះទៅទិសខាងត្បូង និង​ខាង​លិច ដែលមានរាជាណាចក្រសំខាន់ៗ ដូចជា រ៉ាពូតាណា ប៉ានចាប កាស្មៀរ៍ បឹងហ្គាល់ អាសាម និង​ណេប៉ាល់។​ ចក្រភពរបស់អធិរាជសាមូដ្រាហ្គូបតាត្រូវបានរៀបចំ​ឡើង​ប្រៀបបាន​ដូចជាសហព័ន្ធនៃរាជាណាចក្រនានា​ដែលស្ថិតនៅឯករាជ្យ​នៅក្នុងរដ្ឋបាលកណ្តាល​របស់​ពួកគេ។ សិលាចារិកមួយសរសេរថា ព្រះអង្គបានយកឈ្នះស្តេចចំនួន ៩ មុនពេលបញ្ជូល​រាជាណាចក្រ​របស់ពួកគេជាឧបសម្ព័ន្ធ​ក្នុង​ចក្រភពរបស់ព្រះអង្គ។  ព្រះអង្គបានយក​ជ័យជម្នះ​លើ​កុលសម្ព័ន្ធ​រ៉ាចាថាននៅខ្ពង់រាបដេកកាន់ខាងបូព៌ាឥណ្ឌា។ ស្តេចនានាដែលច្បាំងចាញ់ព្រះអង្គបានទទួលស្គាល់ព្រះអង្គជាអធិរាជ។ ព្រះអង្គប្រហែល​បាន​ចុះ​មកដល់ក្រុងកាជីពូរ៉ាម ភាគខាងអាគ្នេយ៍ប្រទេសឥណ្ឌា ហើយបានអះអាងថា បាន​ទទួល​ជ័យជម្នះលើស្តេចប៉ាឡាវ៉ា វីស្ណុហ្គូប៉ា។​

កិច្ចខិតខំប្រឹងប្រែងខាងយោធាដ៏សំខាន់របស់ព្រះរាជាសាមូដ្រាហ្គូបតាគឺប្រយុទ្ធប្រឆាំងនឹង​ជនជាតិសាសេស ដែលបានគ្រប់គ្រង ២សតវត្សមកហើយលើតំបន់ហ្គូជឺរ៉ាត និងម៉ាល់វ៉ា នៅ​ភាគខាងលិចប្រទេសឥណ្ឌា។

សកម្មភាពនយោបាយដ៏មានសារសំខាន់បំផុតនៃរាជ្យរបស់ព្រះអង្គគឺការមកបោះទីតាំង​នៅ​រាជធានី អ៊ូចាអ៊ីន ដែលជារាជធានីកាន់តែខិតទៅភាគខាងលិច។ រាជធានីនេះទទួល​ឥទ្ធិពល​បរទេស​​ច្រើន។ ព្រះអង្គបានបំម្លែងវាឲ្យក្លាយជាទីក្រុងដ៏ស្រស់ស្អាត ដែលមានប្រជាជនច្រើន​ជាង​ទីក្រុងប៉ាតាលីពូត្រា។

ព្រះរាជាសាមូដ្រាហ្គូបតា គឺជាស្តេចល្អ និងមានយុត្តិធម៌។ ព្រះអង្គធ្វើកំណែប្រែរូបិយវត្ថុ ធ្វើពី​មាស ឬស្ពាន់ និងអាស្រ័យលើសាសនាហិណ្ឌូ។ ភាគច្រើនព្រះអង្គបញ្ចៀសសង្រ្គាម​តាម​រយៈ​ការ​ធ្វើការងារការទូត។ ព្រះអង្គក៏ជាអ្នកអក្សរសាស្រ្ត និងតន្រ្តីករផងដែរ។

បើយោងតាមអ្នកប្រវត្តិសាស្រ្តចិនមួយរូប បានឲ្យដឹងថា ស្តេចនៃរាជាណាចក្រសៃឡង់សព្វថ្ងៃ ជាប្រទេសស្រីលង្ការ  ស្តេច ម៉េហ្គាវ៉ានណា ធ្លាប់បានបញ្ជូនឯកអគ្គរាជទូត និងជំនូន ទៅកាន់​រាជការ​សាមូដ្រាហ្គូបតា ហើយក៏បានទទួលការអនុញ្ញាតពីព្រះរាជាសាមូដ្រាហ្គូបតា ឲ្យ​អាច​កសាង​ព្រះវិហារព្រះពុទ្ធសាសនានៅជិតទីក្រុងបូហ្គាយ៉ា។

ការជះភាពរុងរឿងនៃចក្រភពហ្គូបតា បានលាតសន្ធឹងពេញទាំងឧបទ្វីបឥណ្ឌា។ តំបន់​ឥណ្ឌូចិន និងឥណ្ឌូនេស៊ី ក៏ត្រូវបានប្រែទៅជាកាន់សាសនាហិណ្ឌូទាំងស្រុង ហើយឥទ្ធិពល​ខាង​​ដួងព្រលឹងឥណ្ឌាបានទៅដល់ប្រទេសចិន និងជប៉ុន។

រាជវង្សហ្គូបតា គឺកាន់សាសនាហិណ្ឌូ ដែល​មានការប្តេជ្ញាចិត្តខាងនិកាយព្រះវិស្ណុ ប៉ុន្តែនេះ មិន​បាន​រារាំងពួកគេ មិនឲ្យមានចិត្តមេត្តាករុណាចំពោះព្រះពុទ្ធសាសនាទេ។

លក្ខខណ្ឌជាច្រើនក្នុងនគរ បានជួយលើកកម្ពស់ឲ្យមានការរីកចម្រើនដែលមិនធ្លាប់មានពីមុន នៅ​ក្នុងវិស័យសិល្បៈ អក្សរសាស្ត្រ និងវិទ្យាសាស្រ្ត។ តុលាការអធិរាជ ក៏បានតែងតែការពារ និងគាំទ្រដល់​កវី ទស្សនវិទូ និងសិល្បករ និងក៏មានការរៀបចំឲ្យមានព្រឹត្តិការណ៍នៃការប្រកួត​អក្សរសាស្ត្រ​​ដ៏ពិត​ប្រាកដនៅ​​​ក្នុងចក្រភពហ្គូបតាផងដែរ។

 

Daily Program

Livesteam thumbnail